ព្រះវិហារ៖ កុយ គួង ថាកម្ពុជាមិននៅស្ងៀម ចំពោះការបង្កហេតុរបស់ថៃ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះថាប្រទេសកម្ពុជា បានជូនដំណឹង និងតវ៉ាឲ្យប្រទេសថៃ គម្បីដកលួសបន្លា ដែលបានពង្រាយនៅបរិវេណមុខប្រាសាទព្រះវិហាររួចហើយ តែភាគីទាហានថៃឆ្លើយថា រង់ចាំបញ្ជាថ្នាក់លើ។
ប្រាសាទព្រះវិហារខ្មែរ។
អធិបតេយ្យ - ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីផ្លូវការ នៅទីស្តីការក្រសួងការបរទេសកម្ពុជា លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិននៅស្ងៀមស្ងាត់ ចំពោះទង្វើរបស់ភាគីថៃនោះទេ បើទោះជាកម្ពុជានឹងរង់ចាំការឆ្លើយតបពីភាគីថៃ ដែលមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់ ចំពោះការដកលួសបន្លា។»
ទន្ទឹមនឹងអះអាងថា តំបន់ដែលភាគីថៃរាយលួសបន្លា មិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា លោក កុយ គួង ក៏បានពន្យល់ដែរថា តំបន់ពង្រាយលួសបន្លានោះ មិនមានដាក់កងទ័ពប្រចាំការនោះទេ គ្រាន់តែតំបន់នោះជាតំបន់ហាមឃាត់ ដែលចុះអនុសារណៈយោគយល់គ្នាដោយកម្ពុជា-ថៃ កាលពីឆ្នាំ២០០០ កំណត់ថា មិនឲ្យមានការធ្វើសកម្មភាពណាមួយ បណ្តាលឲ្យមានការប្រែប្រួលនៅតំបន់នោះ។
ប្រទេសថៃកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ តាមរយៈទាហានឈុតខ្មៅរបស់ខ្លួន បានសម្រេចដាក់ពង្រាយលួសបន្លាដោយឯកតោភាគី នៅតំបន់មុខប្រាសាទព្រះវិហារ។ ភ្លាមនោះភាគីប្រទេសកម្ពុជា ក៏បានចេញលិខិតតវ៉ាឲ្យភាគីប្រទេសថៃរុះរើចេញវិញផងដែរ តែរហូតមកដល់ពេលនេះ បើទោះភាគីកម្ពុជាតវ៉ាយ៉ាងណាក៏ដោយ ក៏លួសបន្លានៅទីតាំងនោះ មិនត្រូវបានភាគីថៃដកចេញនៅឡើយ។
ចំពោះឥរិយាបថបង្កហេតុរបស់ប្រទេសថៃ ត្រូវបានលោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុកថា នោះជាទម្លាប់បណ្តុះស្មារតីជាតិនិយមក្នុងប្រទេសថៃ ហើយក៏ជាយុទ្ធសាស្រ្តរបស់ពួកយោធាថៃ ដើម្បីបង្វៀងការខឹងសម្បាររបស់មជ្ឈដ្ឋានពលរដ្ឋថៃ លើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលចាំផ្ទះស្របច្បាប់ ឲ្យមកចាប់អារម្មណ៍លើបញ្ហាព្រំដែនវិញ។
លោក យ៉ង់ គិមអេង សន្និដ្ឋានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «បើទោះជាថៃដឹងថារឿងប្រាសាទព្រះវិហារមិនអាចទៅរួចក៏ដោយ ក៏ថៃនៅយកប្រាសាទព្រះវិហារជាឈ្នាន់នយោបាយ ហើយបញ្ហាព្រំដែន វាប្រហែលជាបណ្តាលមកពីល្បែងនយោបាយផ្ទៃក្នុង របស់ប្រទេសថៃច្រើនជាង។»
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពដដែល បានលើកឡើងថា ប្រទេសកម្ពុជាត្រូវមានភាពម៉ឺងម៉ាត់ជាមួយភាគីប្រទេសថៃ ហើយប្រទេសថៃក៏មិនត្រូវព្យាបាទប្រទេសកម្ពុជា ដែលគម្រាមដល់សន្តិភាពតំបន់នោះដែរ។ លោក យ៉ង់ គិមអេង បញ្ជាក់ថា៖ «ថៃក៏ត្រូវតែប្រុងប្រយ័ត្ន កុំឲ្យបញ្ហានេះធ្វើឲ្យប្រទេសកម្ពុជា និងថៃរអិលធ្លាក់ចូលទៅក្នុង ជ្រោះនៃការស្អប់ខ្ពើមគ្នាទៅវិញទៅមក៕»