យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

យីហោសម្លៀកបំពាក់ធំជាច្រើន បានថ្លែងគាំទ្រ ការតម្លើងប្រាក់ឈ្នួលអប្បបរិមា សម្រាប់កម្មករក្នុងវិស័យកាត់ដេរកម្ពុជា។ ពួកគេក៏បាននិយាយដែរថា បានត្រៀមខ្លួនរួចជាស្រេច ថានឹងហ៊ានចំណាយថ្លៃបន្ថែមទៀត ទៅលើផលិតផល ដែល​ខ្លួន​បញ្ជា​ទិញ​ពី​រោងចក្រ​ទាំង​នោះ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 24, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកម្មករដែលបានធ្វើការតស៊ូទារមទារ ឲ្យតម្លើងប្រាក់ឈ្នួលអប្បបរិមា ក្នុងវិស័យកាត់ដេរសម្លៀក​បំពាក់​កម្ពុជានោះ បានទទួលនូវការគាំទ្រពីសំណាក់ភាគីបញ្ជាទិញ ជាពិសេសពីសំណាក់ យីហោ​សម្លៀក​បំពាក់​ធំៗល្បីៗ ដូចជា  Zara, H&M, Next និង New Look បន្ទាប់ពីពួកគេបានសន្យាថា នឹងដាក់ទម្ងន់ទៅលើ​ការ​បញ្ជាទិញ ដើម្បីធ្វើឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ កម្មការិនី។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែកញ្ញានេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងទៅកាន់សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា (តំណាងឲ្យភាគីថៅកែរោងចក្រ) ក្រុមយីហោធំៗទាំងនោះ បាននិយាយថា បានត្រៀមខ្លួនរួចជា​ស្រេច ថា​នឹង​ហ៊ានចំណាយថ្លៃបន្ថែមទៀត ទៅលើផលិតផលបញ្ជាទិញពីកម្ពុជា។

ចម្លើយ​ឆ្លើយតបរបស់យីហោបញ្ជាទិញសម្លៀកបំពាក់ទាំងនេះ បានធ្លាក់មកដល់តែមួយថ្ងៃ បន្ទាប់ពី​យុទ្ធនាការ​មួយ ត្រូវបានធ្វើឡើងពាសពេញពិភពលោក ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួល ដ៏តិច​តួច​ស្ដួច​ស្ដើង របស់ក្រុមកម្មករកម្មការិនី ដែលមានចំនួនប្រមាណជា ៦សែននាក់ ក្នុងប្រទេសកម្ពុជា។ ក្រុម​កម្មករ និង​សហជីព​របស់ពួកគេ បានយកប្រាក់ឈ្នួល១៧៧ដុល្លារក្នុងមួយខែ មកជជែកទាមទារ ដោយ​ផ្អែក​​ការសិក្សា​ស្រាវជ្រាវមួយ ដែលបានអះអាងថា ប្រាក់ឈ្នួលនេះនឹងអាចឲ្យកម្មករ​អាចរស់នៅបាន​សមរម្យ ផ្ទុយស្រឡះ​ពី​ប្រាក់ឈ្នួលដែលពួកគេទទួលបានក្នុងពេលបច្ចុប្បន្ន ១០០ ឬ១១០ដុល្លារ។

លោក ដេវ វេស្ស (Dave Welsh) នាយកមជ្ឈមណ្ឌលអាមេរិកាំង ដើម្បីការពារសិទ្ធិពលកម្ម បានវាយតម្លៃថា ការប្រកាសរបស់ក្រុមហ៊ុនយីហោសម្លៀកបំពាក់ខាងលើ ប្រៀបបាននឹងអាវុធមួយ។ លោកនិយាយថា៖ «បើ​តាមខ្ញុំដឹង វាជាលើកពីមួយហើយ ដែលយីហោធំៗទាំងនោះ បានប្រកាសជាសាធារណៈ ថាខ្លួននឹង​បន្ថែម​តម្លៃ​ទៅក្នុងផលិតផល ដែលខ្លួនបញ្ជាទិញ»។

ប៉ុន្តែនាយកមជ្ឈមណ្ឌលរូបនេះ បានសម្ដែងការសោកស្ដាយថា នៅមានការធ្វើមិនដឹងមិនឮ ពីសំណាក់​យីហោធំៗ មួយចំនួនទៀតនៅឡើយ។ យីហោទាំងនោះ មានដូចជា Puma - Mark & Spencer និងយីហា​របស់អាមេរិកផ្សេងទៀត។ លោក ដេវ បានរំលឹកទៀតថា ក្រុមយីហោទាំងនេះ មិនត្រឹមតែបាន​ស្ងាត់បាត់​មាត់ មិនឮនិយាយក្នុងពេលនេះទេ តែនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នៅពេលមានរលកបាតុកម្មធំៗ ទាមទារតម្លើងប្រាក់ឈ្នួលនោះ ក៏ក្រុមយីហោទាំងនេះ បានធ្វើមិនដឹងមិនឮដូចគ្នាដែរ។

សម្រាប់លោក អាត ធន់ ប្រធានសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងថា លោកក៏បាន​ទទួលលិខិតនោះដែរ តែបានស្នើសុំឲ្យក្រុមហ៊ុនយីហោសម្លៀកបំពាក់ទាំងនោះ បញ្ចេញសកម្មខ្លាំងជាងនេះ និងចូលមកជួបចរចា ជាមួយនឹងក្រុមកម្មករដោយផ្ទាល់។ លោកបានថ្លែងប្រាប់សារព័ត៌មាន The Guardian របស់អង់គ្លេសថា «យើងមានបទពិសោធន៍ហើយថា សបុត្រតែមួយសន្លឹក នឹងមិនមានទម្ងន់ខ្លាំងនោះទេ។ ម៉ាកយីហោទាំងនោះ ត្រូវបានធ្វើចាត់វិធានការភ្លាមៗ ដើម្បីធានាឲ្យកម្មករកម្ពុជា ទទួលបានប្រាក់ខែ​ខ្ពស់​ជាង​សព្វថ្ងៃ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...