យ៉ង់ គឹមអេង៖ បំបែកក្រសួងឬខណ្ឌដើម្បីចែកអំណាចគ្នា ជាងគិតពីប្រយោជន៍ជាតិ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបំបែក ឬបង្កើតនូវខណ្ឌ ឬក្រសួងថ្មីឱ្យបានមុនការបោះឆ្នោត ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះជាការបែងចែកនូវអំណាចគ្នា នៃមន្រ្តីគណបក្សកាន់អំណាច និងក៏ជាការបំពេញចិត្តចំពោះមន្រ្តីនៃគណបក្សនោះ ដែលគ្មានកៅអី ឬក្រសួងស្ថាប័នគ្រប់គ្រង។ នេះជាការលើកឡើង របស់មន្រ្តីតំណាងសង្គមស៊ីវិល លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព។
រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)
រាជធានីភ្នំពេញ - ការបែងចែក ឬបង្កើត ឬបំបែក នូវស្ថាប័នក្រសួងក្នុងអាណត្តិទីប្រាំនេះ មិនមែនជាតម្រូវការចាំបាច់ក្នុងការកំណែរទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលនោះទេ។ លោកយ៉ង់ គឹមអេង បានចាត់ទុកថា «នេះគ្រាន់តែជាការរកប៉ុស្តិ៍ សម្រាប់ចែកគ្នាកុំឲ្យមានការអាក់អន់ចិត្តប៉ុណ្ណោះ ជៀសជាងការគិតទៅដល់ការអភិវឌ្ឍន៍ ឬការកែទម្រង់ស៊ីជំរៅ។ ព្រោះតែពួកគាត់ត្រូវបានបាត់បង់កៅអី ឬតំណែង ដូច្នេះតាមរយៈការបែងចែក ឬបង្កើតនូវក្រសួង ស្ថាប័ន ឬខណ្ឌ ជាកូតាថ្មីសម្រាប់ចែកអំណាចគ្នាតាមក្រុម តាមខ្សែរក្នុងអាណត្តិទីប្រាំនេះ។»
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ បានលើកឡើងថាតើទំហំរដ្ឋបាល នៃដែនដីក្នុងរាជធានីត្រូវបំពេញដល់តម្រូវការ ក្នុងការបំបែកខណ្ឌសម្រាប់ការគ្រប់គ្រង់ជាចាំបាច់ទេ? តើក្នុងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប៉ុន្មាននាក់? ហេតុអ្វីចាំបាច់ត្រូវតែបំបែកនោះ បើទឹកដីក្នុងរាជធានីភ្នំពេញមិនស្មើរ នឹងខេត្តនៃប្រទេសគេមួយផង?។ បើមានករណីនេះកើតមានមែននោះ វាអាចប៉ះពាល់ដល់ការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ លោក បានអះអាងថា «ផ្ទុយមកវិញបើរដ្ឋាភិបាលពង្រឹងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីឲ្យគាត់ធ្វើការមានប្រសិទ្ធិភាព ។ (…) កត្តាសំខាន់ត្រូវយកធនធានដែលមាន និងការយកចិត្តទុកដាក់លើជីវភាពមន្រ្តីថ្នាក់មូលដ្ឋាន នោះការពង្រឹងមូលដ្ឋានឃុំសង្កាត់ នឹងធ្វើការប្រកបដោយប្រសិទ្ធិភាព ឯការគ្រប់គ្រងនឹងមានលក្ខណៈប្រសើរឡើង។ (…) បើសមត្ថភាពយើងទាប អាចរកអ្នកដែលមានសមត្ថភាពខ្ពស់ ដែលមានការបណ្តុះបណ្តាល និងការអប់រំឲ្យធ្វើការទៅ។»
ជាងនេះទៅទៀតលោកបានបញ្ជាក់ថា រដ្ឋាភិបាលគួតែយកចិត្តទុកដាក់ ទៅលើការបន្ថែមចំនួនកៅអីរដ្ឋសភា ឬសមាជិកតំណាងរាស្រ្តក្នុងរដ្ឋសភា ឲ្យបានច្រើនជាង១២៣កៅអីវិញជាការប្រសើរជាង។ លោកថាបើ «ចំនួនប្រជាពលរដ្ឋមានការកើនឡើង ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដូច្នេះគួរតែបន្ថែមចំនួនកៅអីក្នុងរដ្ឋសភា ប្រសើរជាងការបំបែកការគ្រប់គ្រងរដ្ឋបាលសាធារណៈដែលកំពុងតែស្មុកស្មាញ ឲ្យកាន់តែស្មុកស្មាញតទៅទៀត។
ដោយឡែកក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះដែរ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ពីគោលបំណងដែលនាំឲ្យមានការចម្រេចចិត្ត ក្នុងការបំបែកនេះថា ដោយសាតែទំហំនៃរាជធានីភ្នំពេញធំ ហើយកំណើនប្រជាពលរដ្ឋកាន់តែច្រើននោះ។ លោកបន្ថែមថា «យើងបំបែកខណ្ឌថ្មី ចេញពីខណ្ឌធំមួយចំនួន ដើម្បីប្រកៀកឲ្យជិតគ្នារវាងអ្នកផ្តល់សេវា ដែលជាអាជ្ញាធរសាធារណៈក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាមួយអ្នកទទួលសេវាដែលជាប្រជាពលរដ្ឋ»។
លោកបន្តរថា ដោយសារតែកន្លងមក ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មិនបានទាន់ពេលវេលា និងមិនសូវមានប្រសិទ្ធិភាពនោះ ទើបបានធ្វើការសម្រេចកិច្ច បង្កើតនូវខណ្ឌថ្មីដើម្បីងាយគ្រប់គ្រង ទោះជាមានការបន្ថែម ឬការចំណាយនូវថវិការជាតិបន្តិចបន្តួចថែមលើនេះក៏ដោយ ធ្វើយ៉ាងណាឲ្យតែ។ «វាមិនសំខាន់លើការចាយនូវថវិការជាតិនោះទេ។ (…) កំណើនប្រជាពលរដ្ឋច្រើន ការចាយនូវថវិការជាតិលើសបន្តិចបន្តួចក៏ពិតមែន តែផលដែលទទួលបានមកវិញ ជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ទាំងការងាររដ្ឋបាល អាត្រានុកូលដ្ឋាន សន្តិសុខសន្តាប់ធ្នាប់ និងសុវត្តិភាពប្រជាពលរដ្ឋជាកត្តាសំខាន់ មិនអាចយកលុយទៅទឹញបាននោះទេ។»
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ មិនបានបញ្ជាក់ថាតើខណ្ឌទាំងប្រាំនោះ និងបំបែកចេញពីខណ្ឌណាខ្លះនោះទេ ព្រោះកិច្ចការប្រជុំនេះ មិនទាន់សម្រេចចេញជាស្ថាពរនៅឡើយ។ តែតាមប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ខណ្ឌថ្មីទាំងប្រាំនោះ រួមមានខណ្ឌបឹងសាឡាង បំបែកពីខណ្ឌទួលគោក។ ខណ្ឌទន្លេបាសាក់ បំបែកចេញពីខណ្ឌចំកាមន។ ខណ្ឌច្បារអំពៅ បំបែកចេញពីខណ្ឌមានជ័យ។ ខណ្ឌជ្រោយចង្វារ បំបែកចេញពីខណ្ឌប្ញស្សីកែវ ។ ឯខណ្ឌពោធិ៍ចិនតុង និងខណ្ឌចោមចៅ ត្រូវបានច្បិចយកចេញពីសង្កាត់មួយចំនួនពីក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យដើម្បីបង្កើតបានជាខណ្ឌថ្មីនេះ។ សូមបញ្ជាក់ថាក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានខណ្ឌចំនួនប្រាំបួន និងមានសង្កាត់ចំនួន៩៦សង្កាត់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅ ប្រមាណជាងពីរលាននាក់។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ