រចនាពេជ្រ៖ មិនទាន់គិត«រឿងស្នេហា» ព្រោះការងារនិងការសិក្សា
តារាសម្តែងនិងចម្រៀងដែលទើបរះ ក្នុងពិភពសិល្បៈថ្មីៗ ប្រកបដោយទេពកោសល្យ នាង ជុំ រចនាពេជ្រ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្រ ដោយសារតែនាងមានមុខមាត់ស្រស់ផូរផង់ និងតែងខ្លួនយេរៗ មើលមិនចាញ់តារាជើងចាស់ប៉ុន្មានឡើយ។ ទើបតែចេញមុខលើវិថីសិល្បៈបានតែមួយរយៈ នាងរចនាពេជ្រ បានឆក់យកតំណែងតួឯកកុន ជាច្រើនមកសម្ដែង រហូតមានពេលខ្លះ នាងបានច្រានចោលការថតកុនរឿងថ្មីៗ និងរឿងស្នេហាថែមទៀត ។ តែអ្នកម្ដាយរបស់តារា បានចេះមុខអះអាងថា «បើសិល្បៈផង រៀនផង ស្នេហាផង នោះពិតជាឆ្កួតមិនខាន»។
តារាសម្ដែង និងច្រៀងម្ដងម្កាល នាងរចនាពេជ្រ ហៅ«បេប៊ី»។ (រូបថត MONOROOM.info/ Samneang)
តារាចម្រៀង - លេចមុខក្នុងពិភពសិល្បៈ កាន់តែកាក់កប ស្របនឹងយីអ៊ុនឡើង នាង រចនាពេជ្រ ហៅ«បេប៊ី» ដែលល្បីថាមានអ្នកតាមស្រលាញ់ យ៉ាងកៀកកិតនោះ បានសម្រេចចិត្តដកខ្លួនមិនទទួលយកស្នេហ៍ជាដាច់ខាត ខណៈដែលនាងយល់ថាមានស្នេហា ទាំងវ័យក្មេងនាំឲ្យមានចំណង និងរវល់នោះ។ «បេប៊ី»កំពុងតែមមាញឹក ថតខ្សែភាពយន្តពីរបីរឿងក្នុងពេលនេះ ជាពិេសសនាងត្រូវសម្ដែងជាតួអង្គសំខាន់ៗ ហើយត្រូវចេញមុខជាច្រើនប្លង់។ ភាពយន្ដដែលនាងក្តាប់ឱកាសនិងថតឲ្យទាំងនោះ មានរឿង«ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍» របស់ផលិតកម្មមហាហង្ស ដែលត្រៀមនឹងដាក់បញ្ចាំង នៅកញ្ចក់ទូរទស្សន៍ស៊ីធីអិនខាងមុខនេះ។ ចំណែករឿង«ពូជខ្ញុំអញ្ចឹង»ជាតួឯក និងជាតួកូនរបស់តារាចម្រៀង អឿន ស្រីមុំ ឲ្យផលិតកម្មរ៉ុក ត្រៀមដាក់បញ្ចាំងនៅរោងកុន។ ក្រៅពីថតភាពយន្ដទាំងនេះ នាងបេប៊ី ត្រូវបានអញ្ជើញ ឲ្យច្រៀងបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ ជាញឹកញាប់ផងដែរ។
បន្ទាប់ពីចូលកាន់វិថីសិល្បៈ បេប៊ីដែលចង់បង្កើនកេរ្តី៍ឈ្មោះ ឲ្យកាន់តែរីកសាយនោះមិនបាន គិតគូអ្វីក្រៅពីការងារសម្តែង និងច្រៀងឲ្យកាន់តែស្ទុះឡើងទៅមុខនោះឡើយ បើទោះ ជាមានព័ត៌មានលេចឮថា នាងមានបុរសមាន ទ្រព្យធន់តាមឆក់បេះដូងក៍ដោយ។ មូលហេតុដែលនាងមិនគិតនោះ ប្រហែលជាពេលនេះ នាងបានសម្រេចចិត្តព្យួរបេះដូងឲ្យនៅទំនេរ ដើម្បីច្បាមយកប្រជាប្រិយភាពសិន ជៀសជាងទុកខ្លួនឲ្យជាប់អន្ទាក់ស្នេហ៍។
បេប៊ីដែលពេលនេះ មើលទៅស្អាតប្លែកជាងមុននោះ បានឲ្យដឹងថា នាងរាល់ថ្ងៃនេះកំពុងតែចាប់ផ្តើមចង់ដឹងថា មានអ្នកគាំទ្រច្រើនឬទេ នៅពេលដែលខ្សែភាពយន្តរបស់នាងមួយចំនួន ដែលនាងបានថតទុកមួយរយៈមុន នឹងត្រៀមដាក់បញ្ចាំងព្រមគ្នានាពេលខាងមុខ នៅលើកញ្ចក់ទូរទស្សន៍និងនៅរោងកុនមួយចំនួននោះ។ បេប៊ីបន្តថា នាងកំពុងតែត្រៀមខ្លួន ថតរឿងថ្មីៗបន្តទៀត ទាំងនៅក្នុងទូរទស្សន៍និងនៅផលិតកម្មមួយចំនួន ព្រោះនាងបានរួចរាល់ការងារចាស់ៗអស់ហើយ ។
បេប៊ីដែលត្រូវបានមិត្តភក្តជិតស្និត បង្ហើបពីការដូរឡានទំនើបថ្មីក្រោយលេចឭ មានឧកញ៉ាតាមស្នេហ៍នោះ បានបញ្ជាក់ថា នាងមិនអាចបញ្ចូលខ្លួនឲ្យផុង ក្នុងចំណងស្នេហានាពេលនេះទេ ព្រោះនាងនៅវ័យក្មេងណាស់ គឺវ័យមិន ទាន់ម្ភៃឆ្នាំនៅឡើយ មិនចេះរៀបចំសង្គមគ្រួសារទេ។ នាងមិនចង់ចែករំលែកចិត្ត មើលថែរទាំអ្នកណាឡើយ ខណៈដែលនាងនៅមានអនាគតវែងឆ្ងាយ ព្រោះក្រៅពីសិល្បៈនាងត្រូវរៀន នៅថ្នាក់វិទ្យាល័យដូចគេដែរ។
«មិនអាចឲ្យផុងនឹងចំណងស្នេហ៍» ត្រូវបាននាងបញ្ជាក់លំអិតទៀតថា ព្រោះនាងឆ្នាំនេះត្រូវប្រលងបាក់ឌុបផង ទើបនាងកាន់តែខ្លាចរឿងមានស្នេហា ស្របពេលដែលនាងខំបែងចែកយ៉ាងពិបាករួចទៅហើយ នូវការងារសិល្បៈ ចុះទំរាំតែបែងចែករឿងយកចិត្តបុរសណានោះ ពិតជាកាន់តែពិបាកទៀតជាមិនខាន។ការងារសិល្បៈពេលនេះ ពិតជារវល់ជាងមុន ពេលខ្លះចេញពីថតត្រូវធ្វើខ្លួនឡើងច្រៀង តាមកញ្ចក់ទូរទស្សន៍អត់បាយអត់ទឹកក៍មាន។
ទាំងអស់នេះ ធ្វើឲ្យនាងហាក់ទ្រុតទ្រោមចង់ឈឺជំងឺក្រពះ ប៉ុន្តែសប្បាយចិត្ត នៅពេលដែលឃើញអាជីពសិល្បៈមានភាពរីកលូតលាស់។ ទោះជាហត់មែនពិត តែការងារកើតចេញពីសមត្ថភាព និងសប្បាយចិត្តព្រោះនាងអាចរកកម្រៃចិញ្ចឹមខ្លួន ទាំងនៅវ័យក្មេង និងថែមទាំងបានជួយដល់គ្រួសារខ្លះទៀត។
«បើសិល្បៈផង រៀនផង ស្នេហាផង នោះពិតជាឆ្កួតមិនខាន»
ចំណែកអ្នកម្តាយរបស់កញ្ញាបេប៊ី ដែលតែងតែទៅណាជាមួយកូន ព្រោះខ្លាចប្រុសៗតាមរញ៉េរញៃនោះ បានឲ្យដឹងដែរថា គាត់អាណិតកូនស្រីគាត់ណាស់ ព្រោះតាំងពីមានសន្ទុះការងារសិល្បៈមក កូនគាត់ត្រូវដើរច្រៀង ដើរសម្តែងបាត់ពីផ្ទះ រហូតពេលខ្លះបាយទឹកមិនទៀងទេ។ អ្នកស្រីបានបន្តទៀតថា «ខ្ញុំខ្លាចនាងឈឺក្រពះទេ ព្រោះមើលទៅពេលនេះ នាងស្រកទម្ងន់ជាងមុនខ្លះ»។ ចំពោះរឿងបេះដូងអីនោះ អ្នកស្រីត្រូវតែឲ្យកូនគិតដោយខ្លួនឯង តែអ្វីជារឿងសំខាន់ពេលនេះ នាងនៅរៀនទុកពេលយកចំណេះសិនក៍ល្អដែរ។ «បើសិល្បៈផង រៀនផង ស្នេហាផង នោះពិតជាឆ្កួតមិនខាន»៕
-------------------------------------------------
ដោយ៖ សំ នៀង - ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីមនោរម្យអំាងហ្វូ