អ្នកកាសែតម្នាក់ រត់ចូលក្នុង«សំពត់»តារា នៅមហោស្រពភាពយន្ដកាន
នៅមហោស្រពភាពយន្ដអន្តរជាតិ នៃទីក្រុង កាន (Cannes) នាតំបន់ឆ្នេរសមុទ្រប៉ែកខាងត្បូងប្រទេសបារាំង អ្នកការសែតមួយរូបជាតិអ៊ុយក្រែន អាយុ២៦ឆ្នាំ បានហក់ឆ្លងកាត់របាំង ចូលទៅក្រាបក្រោមសំពត់រ៉ូបអូសដី ដើម្បីចាប់ជើងរបស់តារាភាពយន្ដអាមេរិកាំង នាង អាមេរីខើ ហ្វេរ៉េរ៉ា (America Ferrera)។
យុវជនចង់ល្បី រត់ត្បុលចូលក្នុងសំពត់របស់តារា។ (រូបថត Getty Images)
-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
-------------------------------
មហោស្រពភាពយន្ដ - ល្ងាចថ្ងៃសុក្រទី១៦ ខែឧសភានេះ នៅពេលដែលតារាល្បីៗ មកពីហូលីវូធ បានចាប់ផ្ដើមចុះពីយានយន្ដ ហើយដើរលើកំរាលព្រំក្រហម ឡើងទៅកាន់រោងមហោស្រពបញ្ចាំងភាពយន្ដនោះ ព្រឹត្តិការណ៍ដ៏ហួសចិត្តមួយ បានកើតឡើង។ យុវជនម្នាក់ដែលស្លៀកពាក់ស្អាតបាត បានទម្លុះរបាំងការពារដ៏ម៉ត់ចត់ រត់ចូលទៅដល់លើកំរាលព្រំក្រហមដែរ ដែលនៅពីលើនោះ មានតារាភាពយន្ដល្បីឈ្មោះជាច្រើន បានបង្ហាញខ្លួននៅពីមុខម៉ាស៊ីនថតរាប់សិប។
ប៉ុន្តែបុរសនោះ មិនមែនទៅកាន់ទីនោះ ដោយធម្មតានោះទេ ព្រោះបានចូលទៅក្រាបរាបផ្ទាល់ដី ហើយបានលូកដៃចូលទៅចាប់កំភួនជើង ស្ថិតក្រោមសំពត់រ៉ូបយ៉ាងវែងអូសដី របស់តារាភាពយន្ដអាមេរិកាំងនាង អាមេរីខើ ហ្វេរ៉េរ៉ា។ ហេតុការណ៍កើតឡើងតែមួយភ្លែតប៉ុណ្ណោះ មុននឹងយុវជនស្លៀកពាក់ស្អាតបាតនោះ ត្រូវបានកម្លាំងសន្តិសុខ ចាប់គ្រៀកចេញទៅ ដោយគ្មានការតបតរអ្វីទាំងអស់។
ប្រភពពីនគរបាលបារាំងប្រចាំតំបន់ បានថ្លែងថា៖ «យុវជននោះ ជាអ្នកការសែតជាតិអ៊ុយក្រែនមួយរូប អាយុ២៦ឆ្នាំ មានសតិល្អត្រឹមត្រូវ តែមានឈ្មោះល្បីខាងប៉ះពាល់តារា»។ យុវជនអ្នកការសែត ដែលខាងនគរបាលមិនបានបញ្ជាក់ពីអត្តសញ្ញាណរូបនេះ មិនមែនមានគម្រោងត្រឹមតែប៉ះកំភួនជើង លូនទៅក្រោមសំពត់របស់តារាខាងលើប៉ុណ្ណោះទេ តែគាត់នៅមានគម្រោង ប៉ះពាល់ជាមួយកំពូលតារាផ្សេងទៀត ដូចជាលោក វៀល ស្មីត (Will Smith) ម៉ាដូណា (Madonna) អ្នកចម្រៀង អាឌែល (Adèle) និងលោក ឡេអូណាដូ ឌីកាព្រីយ៉ូ (Leonardo DiCaprio) នោះជាដើម។
ប្រភពដដែលបាននិយាយពន្យល់ថា យុវជនដែលគ្រាន់តែចង់ល្បីរូបនេះ ត្រូវបាននាំទៅសាកសួរ ដោយកម្លាំងនគរបាល នៅល្ងាចថ្ងៃសុក្រនោះភ្លាមៗ មុននឹងរដ្ឋអាជ្ញាបារាំង សម្រេចពីជោគវាសនារបស់គាត់ ដែលមានកម្រិតត្រឹមតែជាការផាកពិន័យតូចមួយប៉ុណ្ណោះ៕