ទេព វន្នី៖ បើស្រ្តីមិនតស៊ូ តើនណាជាអ្នកតស៊ូជំនួស?
តាមទស្សនៈសង្គមខ្មែរស្រ្តី ត្រូវបានគេចាត់ថាត្រឹមតែជាមេផ្ទះ មើលកូន ដាំបាយ និងថែក្សាផ្ទះសំបែងតែប៉ុណ្ណោះ និងមិនត្រូវការអនុញ្ញាតពីស្វាមី ក្នុងចូរួមសកម្មភាពសង្គម។ ជាការកត់សម្គាល់រយៈកាលនៃការតវ៉ាចុងក្រោយនេះ ឃើញថាស្រ្តីតែងចេញមុខជាងបុរស ហើយសកម្មភាពនេះ វាបង្ហាញពីភាពក្លាហានរបស់ស្រ្តីសម័យឥឡូវ។
អ្នកស្រី ទេព វន្នី (នៅកណ្ដាល) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបឹងកក់រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)
ស្រ្តី និងការទាមទារ - «រយៈកាលចេញតវ៉ា៧ ឆ្នាំមកនេះយើងបានបាត់បង់តួនាទីជាស្រ្តីច្រើន។ ប៉ុន្តែទោះជាយ៉ាងណាក្តី យើងត្រូវតែចេញតវ៉ា ព្រោះដី និងផ្ទះគឺជីវិតរបស់ពួកយើង។ អញ្ចឹងយើងមិនអាចបញ្ឈប់សកម្មភាពទាមទាររបស់យើងបានទេ។ បើទោះបីជាដឹងថាទំនៀមទម្លាប់ខ្មែរ រាប់រយឆ្នាំមកហើយ គឺស្រ្តីមិនសូវមានការចូលរួមក្នុងសង្គម និងមិនដែលបានឈរនៅជួរមុខជាមួយសមត្ថកិច្ច។» នេះជាការលើកឡើងរបស់អ្នកស្រី ទេព វន្នី សកម្មជនអ្នកតវ៉ាដីធ្លីមិនចេះរីងស្ងួតនៅតំបន់បឹងកក់ ក្នុងពិធីបង្សុកូល និងវេទិកាសាធារណៈ ស្តីពីតួនាទីរបស់ព្រះសង្ឃ និងនិស្សិត បញ្ញាវន្ត ក្នុងការចូលរួមនយោបាយ ដែលរៀបចំដោយប្រជាសហគមន៍បឹងកក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ។
អ្នកស្រីបន្តថា សកម្មភាពចេញតវ៉ារបស់ស្រ្តីគឺភាគច្រើន ជួបនូវការលំបាក ដោយសារតែពួកគាត់សុទ្ធសឹងតែស្រ្តីមេផ្ទះ រៀនសូត្រមិនបានច្រើន ហើយក៏មានកាតព្វកិច្ចច្រើននៅក្នុងផ្ទះ ដូចជាថែរក្សាកូន ថែរក្សាផ្ទះនិងបំពេញតួនាទីជាភរិយាជាដើម។ បើទោះបីជាសកម្មភាពតវ៉ាកន្លងមក បានជួបនៅបញ្ហាប្រឈមច្រើន និងការប្រើប្រាស់អំពើហិង្សាពីសមត្ថកិច្ចយ៉ាងណាក៏ដោយ ស្រ្តីរូបនេះបានអះអាងថា មូលហេតុដែលអ្នកស្រីងើបឡើងតស៊ូនេះ គឺកើតឡើងពីក្តីឈឺចាប់ ។
អ្នកវិភាគសង្គមឯករាជ្យលោក កែម ឡី បានថ្លែងសរសើរ ចំពោះសកម្មភាពក្លាហានតស៊ូ របស់ស្រ្តីដែលរងគ្រោះពីការរំលោភដីធ្លី និងភាពអយុត្តិធម៌ផ្សេងនៅពេលបច្ចុប្បន្ននេះ ថាជាស្រ្តីអ្នកក្លាហានជំនាន់ទីបី ក្នុងការទាមទារសិទ្ធិសេរីភាព។ លោកបានអោយដឹងថា សកម្មភាពស្រ្តីក្លាហានជំនាន់ទី១ គឺស្ត្រីចូលរួមសកម្មភាពជាមួយសម្តេចសីហនុ បណ្តេញអាណានិគមបារាំងចេញពីប្រទេស ដែលលោកហៅថានារីក្លាហានអាវប្រផេះ។ ជំនាន់ទី២ នៅសម័យខ្មែរក្រហមនៅពេលបុរសស្លាប់អស់ ឬមួយចំនួនទៀតបាត់កម្លាំងពលកម្ម តែស្មារតីនារីនៅសម័យនោះ នៅខ្លាំងក្លា មិនរាថយតស៊ូជំនះឧបសគ្គ មើលថែប្តីនិងកូន ហើយសកម្មភាពមួយចំនួនទៀតបានចេញមុខតស៊ូ ដើម្បីគ្រួសារ និងសង្គមជាតិ ។
ចំពោះភាពក្លាហានរបស់ស្រ្តីក្នុងសម័យបច្ចុប្បន្ន ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យបានកត់សម្គាល់ដែរថា ស្រ្តីខ្មែជាពូជអ្នកលះបង់ និងស៊ូរហូតទទួលបានជោគជ័យដើម្បីទទួលបានសិទ្ធសេរីភាពនិងការរស់ប្រកបដោយសេចក្តីថ្លៃថ្នូរ។ ព្រះអង្គមានថេរដីការបន្តថា ក្រៅពីការតស៊ូ ដើម្បីរស់ស្រ្តីក៏មានការចូលរួមយ៉ាងខ្លាំងក្លា ក្នុងការដឹកនាំបាតុកម្មតវ៉ា រកយុត្តិធម៌សង្គមជាច្រើន។
អ្នក ទេព វន្នី បានលើកទឹកចិត្តអោយស្រ្តីនៅកម្ពុជាទាំងអស់ ចូលរួមក្នុងសកម្មភាពសង្គមឲ្យច្រើន។ ស្រ្តីសកម្មជនដីធ្លីរូបនេះបន្តថា «ដល់ពេលវេលាហើយដែលស្រ្តីត្រូវតែចូលរួមក្នុងសង្គម ដើម្បីអភិវឌ្ឃន៍សង្គម និងចូលរួមតវ៉ាឲ្យមានការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិតេយ្យ ទោះបីជាគិតថាយើង ជាស្រ្តីមេផ្ទះ រៀនបានទាបក៏ដោយ ប៉ុន្តែយើងនៅមានសិទ្ធិរបស់យើង បើយើងមិនតស៊ូតើនណាជាអ្នកតស៊ូជំនួសយើង»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៤