កម្ពុជាជាលានប្រដាល់ (Boxe) ក្នុងជម្លោះសមុទ្រចិនខាងត្បូង
បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានចេញពីកិច្ចប្រជុំមួយដោយគ្មានលទ្ធផលជាដុំកំភួនអ្វីឡើយ កាលពីថ្ងៃសុក្រ ទី១៣កក្កដាកន្លងមកនេះ។ ជាកិច្ចប្រជុំមួយ មានលក្ខណៈជាវេទិការបស់អាស៊ាន នៅទីក្រុងភ្នំពេញ តែវាបានក្លាយ ជាវេទិការសំរាប់ ដោះស្រាយជម្លោះទឹកដី ដែលបណ្ដាប្រទេសអាស៊ានទាំងនោះ មានជាមួយនឹងចិន។ កុំថាឡើយដល់ទៅ សេចក្ដីប្រកាសរួមគ្នាមួយ ដែលចេញមិនរូចនោះ សូម្បីប្រទេសកម្ពុជា ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃការរៀបចំ វេទិការនេះ ក៏ត្រូវទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់សមាជិកអាស៊ានខ្លះ ដែលថាបានការពារចិន មិត្តចាក់ទឹក មិនលេចរបស់ខ្លួន។
លោកហោណាំហុងធ្វើសេចក្ដីប្រកាស ក្នុងពេលបិតជំនួបកំពូល។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយអបអរថា «ជាកិច្ចប្រជុំប្រកបដោយភាពស្ថាបនាមួយ ហើយទិសដៅរបស់ ចិន ជាអ្វី ដែលបានទទួលបាននូវការគាំទ្រពីសំណាក់ប្រទេសជាច្រើន។ សំខាន់គឺលទ្ធផលចុងក្រោយ ដែលមាន គោលដៅនិយាយពីសន្ដិភាព លំនឹង ការអភិវឌ្ឍន៍ និងវឌ្ឍនភាព នៅក្នុងតំបន់។» ផ្ទុយទៅវិញ ក្រុមអ្នកការទូតហ្វីលីពីន និងវៀតណាម ដែលជាដៃគូរជម្លោះទឹកដី នៃប្រជុំកោះទាំងឡាយ ក្នុងសមុទ្រចិនខាងត្បូង ជាមួយនឹងចិននោះ បានលើក ពីបរាជ័យរបស់កិច្ចប្រជុំ ហើយថា «អវត្តមាននៃសេចក្ដីប្រកាសរួមគ្នាចុងក្រោយ ជារឿងដែលមិនធ្លាប់មានតាំងពី ៤៥ឆ្នាំ មកហើយរបស់អាស៊ាន។»
ទីក្រុងម៉ានីល សុំអោយមានការបញ្ចូល ទៅក្នុងសេចក្ដីប្រកាសរួមគ្នាចុងក្រោយនោះ នូវការប៉ះទង្គិចកន្លងមក នៅជុំវិញ កូនកោះស្កាបូរូង (Scarborough) ដែលចិន និងហ្វីលីពីន ដណ្ដើមថាជារបស់ខ្លួនរៀងៗខ្លួន។ អ្នកការទូតហ្វីលីពីនដដែល បានបរិហាថា «ទីក្រុងភ្នំពេញ ដែលត្រូវការ ការគាំទ្រផ្នែកសេដ្ឋកិច្ចពីចិន បានចេញមុខបដិសេធ នៅគ្រប់ការបន្ដែមឃ្លា ប្រយោគទាំងនេះ នៅក្នុងសេចក្ដីប្រកាសរួមគ្នាចុងក្រោយនោះ។»
ការកោះប្រជុំភ្លាមៗ ត្រូវបានធ្វើកាលពីព្រឹកថ្ងៃសុក្រ តែមិនបានដោះស្រាយ ភាពទាល់ច្រកនោះទេ។ អ្នកការទូត អាមេរិកាំង ម្នាក់ បានបង្ហើបអោយដឹងថា«ការខឹងសម្បាបានកើនឡើងខ្លាំង រវាងភាគីជម្លោះ នៅក្នុងជំនូប ជាឯកជនមួយ ចំនួន។» ក្រុមអ្នកការទូតហ្វីលីពីន បានរលឹកពីការបែកបាក់ ក្នុងអង្គប្រជុំនេះ ថាបានបំផ្លាញដល់ឬសគល់ កិច្ចព្រមព្រៀង ពីមុនដែល ថា នឹងដោះស្រាយបញ្ហាទាំងអស់ ដោយភាពស្មោះស្ម័គ្រ។ រដ្ឋមន្ត្រីការបរទេសខ្មែ រលោក ហោ ណាំហុង បាននិយាយ នៅក្នុង សន្និសិទ្ធសារពត៌មាន ពីភាពសោកស្ដាយរបស់លោក ចំពោះការបែកបាក់ តែបានបញ្ជាក់ថា «នឹងមិនព្រមអោយ សេចក្ដីប្រកាសរួមគ្នាចុងក្រោយ ក្លាយជាចំណាប់ខ្មាំង នៃជម្លោះទ្វេភាគី រវាងទីក្រុងម៉ានីលនិងប៉េកាំងឡើយ។»
ចំណែកទីក្រុងប៉េកាំង និងទីក្រុងហាណូយឯណោះវិញ មើលមុខគ្នាមិនចំ នៅក្នុងអង្គប្រជុំ ដោយសារតែជម្លោះដែនសមុទ្រ នៅផ្ដុំប្រជុំកោះ ស្ប៉ាតលី និងប៉ារ៉ាស៊ែល។ ប្រជុំកោះស្ប៉ាតលី ដែលសម្បូរទៅដោយប្រេងនេះ ក៏ត្រូវបានទាមទារ ដោយ ប្រទេសផ្សេងទៀតដែរ ដូចជា ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ ហើយបានក្លាយជាបញ្ហាមួយ យ៉ាងស្មុគ្រស្មាញ របស់តំបន់ តាំងពីប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផែនទីសមុទ្រ ដែលប្រទេសជាភាគីជម្លោះ គូរព្រំដែនទៅតាមអ្វី ដែលខ្លូនជឿថាជាទឹកដីរបស់ខ្លួន។
សេចក្តីព្រាងក្រមប្រតិបត្តិ ស្តីពីសមុទ្រចិនខាងត្បូង COC
តាមអ្នកវិភាគមួយចំនូន បានរំពឹងថា ការបែកបាក់ ក្នុងអង្គប្រជុំអាស៊ាននេះ អាចនឹងរីករាលដាល និងរំខានទៅដល់ ការចចារក្នុងពេលអនាគត សំរាប់«សេចក្តីព្រាងក្រមប្រតិបត្តិ» ស្តីពីសមុទ្រចិនខាងត្បូង ដែលបានជជែកគ្នា តាំងពី១០ឆ្នាំ កន្លងមកហើយ។ អត្ថបទនៃសេចក្ដីព្រាងនោះ ទំនងនឹងត្រូវគេសសេរឡើង ក្នុងន័យបញ្ជៀស ការប៉ះទង្គិចក្នុងការនេសាទ សិទ្ធិនាវាចរណ៍សំរាប់អាជីវកម្មប្រេង ដែលអាចប្រែក្លាយទៅជាជម្លោះ តែអត្ថបទពិតប្រាកដ មិនដែលត្រូវបានលើកឡើង មកជជែកវែកញែកនោះទេ។ លោក ការល៍ ថៃល័រ អ្នកវិភាគម្នាក់ ឯកទេសខាងតំបន់នេះ បាននិយាយថា «ប្រទេសកម្ពុជា ធ្វើខ្លួន ជាដៃស្ដាំរបស់ប្រទេសចិន។ ដូច្នេះវា នឹងកាន់តែពិបាក ក្នុងការចចារគ្នានោះណាស់។ ខ្ញុំកាន់តែពិបាកនឹងយល់ដែរ ពីពួករដ្ឋមន្ត្រីទាំងអស់នេះ តើគេអាចធ្វើសេចក្ដីប្រកាសរួមមួយ ដើម្បីអោយសប្បាយចិត្តទាំងអស់គ្នានោះ យ៉ាងដូចម្ដេច?»
លោកស្រី ហ៊ីឡារី គ្លីនតុន ប្រមុខការទូតរបស់សហរដ្ឋអាមេរិក បានទន្ទឹងក្នុងចិត្តជាខ្លាំងដែរ ក្នុងការធ្វើអោយទៅមុខ នៃសេចក្តីព្រាងក្រមប្រតិបត្តិមួយនេះ ដែលក្រុមប្រទេសអាស៊ានគិតថា នឹងធ្វើអោយចេញក្នុងចុងឆ្នាំនេះ។ ចំណែកឯប្រទេសចិន ដែលតែងតែអោយតំលៃលើការចចារទ្វេភាគី ដើម្បីដោះស្រាយជម្លោះព្រំដែននោះ បានបញ្ជាក់សារជាថ្មីថា នឹងជជែកជាមួយបណ្ដាប្រទេស របស់អាស៊ាន ពី«សេចក្តីព្រាងក្រមប្រតិបត្តិ» នៅពេលមានលក្ខខ័ណ្ឌ ចាំបាច់ប៉ុណ្ណោះ៕
-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ