នាង​ក្លាយ​ជា​ស្ត្រី​ដែល​មាន​«រូប​អាក្រក់»​ជាង​គេ​ ក្នុង​ពិភពលោក?

មនុស្សមួយភាគ នៅក្នុងពិភពលោកយើងនេះ ពិតជាសហាវណាស់! កញ្ញា លីហ្សី វេឡាស្កេ (Lizzie Velasquez) បានក្លាយជា «ស្ដ្រីដែលមានរូបអាក្រក់ជាងគេ នៅក្នុងពិភពលោក» បន្ទាប់ពីមនុស្សទាំងនោះ បាន​លេង​សើច​ហៅ​កញ្ញា នៅលើបណ្ដាញសង្គម និងគេហទំព័រចែករំលែក យូធូប (YouTube) កាលពីប៉ុន្មាន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​កញ្ញា លីហ្សី ដែល​មាន​អាយុ​២៦ឆ្នាំ ក្នុង​ឆ្នាំ​នេះ មិន​ទុក​ឲ្យ​មនុស្ស​ទាំង​នោះ និយាយឬធ្វើអ្វី ស្រេចតែនឹងចិត្តទៀតទេ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៥ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 06, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការរើសអើង និងការម៉ាក់ងាយ ពីសំណាក់មនុស្ស អ្នកលេងសើចមួយចំនួន នៅតាមបណ្ដាញ​អ៊ិនធើណែត កញ្ញា លីហ្សី វេឡាស្កេ បានជ្រើសរើសការទ្រាំទ្រ ជាច្រើនឆ្នាំ មុននឹងបញ្ចេញសកម្មភាព ដើម្បី​ប្រតិកម្មតបតរវិញ។ រងគ្រោះនឹងជម្ងឺ «Marfan» ដ៏កម្រម្យ៉ាង ដែលធ្វើឲ្យកញ្ញា មិនអាចផ្ទុក​ជាតិខ្លាញ់​នៅ​ក្នុង​ខ្លួន និងមិនអាចធំធាត់បាន កញ្ញា លីហ្សី វេឡាស្កេ ដែលពិកាភ្នែក​មួយចំហៀងទៀតនោះ បានរងទុក្ខ​នឹង​ការ​រើសអើង និងការម៉ាក់ងាយ តាំងពីកញ្ញាមានអាយុ ១៧ឆ្នាំ។ កាលនោះ កញ្ញាបានរកឃើញដោយចៃដន្យ នូវ​វីដេអូមួយ ដែលថតពីកញ្ញា ហើយដែលត្រូវបានបង្ហោះ នៅលើគេហទំព័រ យូធូប ជាមួយនឹង​ការធ្វើ​អត្ថាធិប្បាយ ដ៏សែនអប្រិយ វាយតម្លៃកញ្ញា ជា«ស្ត្រីដែលមានរូបអាក្រក់ជាងគេ នៅក្នុងពិភពលោក»។

នៅក្នុងសន្និសីទមួយក្នុងក្រុង អូស្តីន (Austin ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក) ដើម្បីបង្ហាញពីការ​ចេញ​បញ្ចាំង តាមរោងភាពយន្ដមួយចំនួន (នៅអាមេរិក) នូវភាពយន្ដឯកសារ «The Lizzie Velasquez Story» ស្ដីពី​ជីវិត​របស់​នាងផ្ទាល់នោះ កញ្ញា លីហ្សី បានថ្លែងថា៖ «ខ្ញុំរន្ធត់ខ្លាំងណាស់ តែការរន្ធត់នេះ មិនដល់ថ្នាក់ ដូច​ពេល​ដែល​ខ្ញុំ បានអានអត្ថាធិប្បាយ របស់អ្នកប្រើប្រាស់គេហទំព័រ យូធូប នៅខាងក្រោមវីដេអូ និយាយ​ពី​រូប​ខ្ញុំ​នោះ​ទេ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ពោះរបស់ខ្ញុំ បានរមួលចូលគ្នា។»

ភាពរន្ធត់ញាប់ញ័រ មានសភាពខ្លាំងក្លាណាស់ ព្រោះក្រៅពីមានសភាពខុស ពីមនុស្សផងទាំងពួង និង​រស់​នៅ ជាមួយជំងឺប្រចាំកាយរហូតនោះ កញ្ញា លីហ្សី ត្រូវប្រឈម នឹងការ«មើលលើសម្លឹងក្រោម» ដោយ​មិន​ឈប់​ឈរ ពីសំណាក់មនុស្សមួយភាគ នៃពិភពលោករបស់យើង។ ជាពិសេស អ្នកខ្លះថែមទាំងបានជំរុញ​ឲ្យ​នាង ​ទៅ​​ធ្វើ​​អត្តឃាត​នោះ​ថែម​ទៀត។

ប៉ុន្តែនៅថ្ងៃនេះ ជាមួយនឹងគម្រោងជាច្រើន ដែលចេញពីបំណងផ្ទាល់របស់នាង និងការគាំទ្រ ពីសំណាក់​ជន​ល្បីៗជាច្រើននោះ កញ្ញា លីហ្សី បានសម្ដែងក្ដីរីករាយរបស់នាង ប្រកបដោយក្ដីសង្ឃឹមមួយ យ៉ាងមុខមាំ ថា​នឹង​អាចធ្វើឲ្យផ្លាស់ប្ដូរ នូវ«ផ្នត់គំនិត»ដ៏គួរឲ្យស្អប់ខ្ពើម។ នាងបានថ្លែង ប្រាប់ទស្សនាវដ្ដីអាមេរិក «People» ថា៖ «បើ​សិន​​ជា​ថ្ងៃណាមួយ ខ្ញុំបានជួបជាមួយម្ចាស់វីដេអូ ដែលបង្ហាញពីរូបខ្ញុំនេះ ខ្ញុំនឹងអោបគាត់ឲ្យណែន នៅ​ក្នុង​​ដៃ។ វីដេអូនេះ បានធ្វើឲ្យផ្លាស់ប្ដូរ នូវអ្វីៗគ្រប់យ៉ាង ហើយវាបានផ្ដល់មធ្យោបាយ ឲ្យខ្ញុំធ្វើការតស៊ូ និង​ប្រតិកម្ម​​ជំនួសមនុស្សទាំងឡាយ ដែលរងការចំអក ដូចខ្ញុំជាដើម។»។

បន្ទាប់ពីប្រតិកម្មរបស់នាង ដែលបានបង្កភាពញាប់ញ័រ ដល់ពិភពលោក ជនល្បីៗជាច្រើននាក់ បាន​សម្ដែង​ការកោតសរសើរ និងការគាំទ្ររបស់ពួកគេ កាន់តែខ្លាំងឡើង ចំពោះស្ត្រីរងគ្រោះម្នាក់នេះ។ ជា​ពិសេស ជន​ល្បីៗទាំងនោះ រាប់ទាំងតារាភាពយន្ដធំៗ នៅពិភពហូលីវូដផង បានបង្ហោះសាររបស់ពួកគេ នៅ​លើ​បណ្ដាញ​សង្គម ដើម្បីជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការស្រាវជ្រាវ ពីជំងឺ «Marfan» ឲ្យ​បាន​កាន់​តែឆាប់៕




Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...