សំឡីអនាម័យស្ត្រីមានសារជាតិ «ចាហួយ» បង្កការព្រួួយបារម្ភ?
- ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០៥ សីហា២០១៥
- កែប្រែចុងក្រោយ: August 10, 2015
- ប្រធានបទ: ជីវិតប្រចាំថ្ងៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបែកធ្លាយវីដេអូឃ្លីបបែបនេះ បានកើតមានម្តងរួចមក នាពេលកន្លងមក តែត្រូវបានតំណាងក្រុមហ៊ុន សំឡីអនាម័យ «MiMi»ធ្វើការស្រាយ ពីបញ្ហាទាំងអស់នេះ។ ប៉ុន្តែបណ្ដាអ្នកប្រើប្រាស់ នៅតែមានការព្រួយបារម្ភទៀត បើទោះជាមាន ការបកស្រាយនោះក៏ដោយ។ ជាពិសេស ការព្រួយបារម្ភ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីស្រ្តីម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះខ្លួនឯងថា «So Theara» បានយកសំឡីអនាម័យម៉ាក MiMi មួយ និងប្រៀបធៀប ជាមួយសំឡីអនាម័យមួយទៀត ម៉ាក Sofy ដោយយកមកពិសោធន៍ ដាក់សំឡីទាំងពីរត្រាំទឹក។ បន្តិចក្រោយមក សំឡីអានាម័យ MiMi មានសភាពហើម និងមានចេញ ជាលក្ខណៈចាហួយម្យ៉ាងប៉ោងធំ ចំណែកឯសំឡី Sofy នៅលក្ខណៈធម្មតា ធ្វើឲ្យអ្នកពិសោធ និងអ្នកប្រើប្រាស់ កើតចម្ងល់ថា វត្ថុធាតុដើមទាំងនោះ វាជាអ្វី?
បើតាមការបកស្រាយ របស់តំណាងក្រុមហ៊ុន សំឡីអនាម័យខាងលើ បានបញ្ជាក់ នាពេលកន្លងមក ទៅកាន់សារធារណៈជនថា៖ «ការជ្រើសរើសវត្ថុធាតុដើមមកប្រើ គឺមិនដូចគ្នាទេ តែ (...) ចំពោះគ្រាប់ចាហួយ ដែលមាននៅក្នុងសំឡី គឺវាមានតួនាទីសំខាន់ សំរាប់បឺតយកទឹក។ វាមិនប៉ះពាល់ ដល់សុខភាពយើងទេ។ បច្ចុប្បន្នគ្រាប់ចាហួយប្រភេទនេះ មានតែនៅក្នុងប្រទេស«ជប៉ុន»មួយប៉ុណ្ណោះ ដែលគេប្រើ សំរាប់ផលិតសំឡី និងខោទឹកនោម ហើយប្រើជាប្រយោជន៏ច្រើនទៀត ជាពិសេសខោទឹកនោមកូនក្មេង។ បើវាមានបញ្ហា ក្មេងមិនអាចរីកធំធាត់បានទេ។»។
ទោះជាបែបនេះក្តី ក៏នៅមានស្រ្តីមួយចំនួន មិនទាន់ទុកចិត្ត បានបង្ហាញពីក្តីបារម្ភរបស់ខ្លូនថា សំឡីដែលមានជាតិ ជែល (Gel ឬចាហួយ) នេះហើយ ដែលប្រើទៅ បណ្ដាលអោយមនុស្ស មានការរលាក និងរមាស់។ ហើយប្រើយូរៗទៅ អាចបង្កើតអោយកើត មានរោគស្រី្ដ បន្ទាប់មកនឹងអាច ឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ គឺបង្កអោយមាន ជាជំងឺមហាររីកជាដើម។
តបនឹងការរិះគន់ ក៏ដូចជាការព្រួយបារម្ភ របស់អ្នកប្រើប្រាស់ តំណាងម្នាក់ពីក្រុមហ៊ុនសំឡីអនាម័យ មីមី បានចេញមកអះអាងថា វត្ថុធាតុទាំងនោះ មិនប៉ះពាល់ដល់សុខភាពទេ ដោយមានបង្ហាញជាវីដេអូមួយផង។ តំណាងក្រុមហ៊ុនសំឡីអនាម័យ មីមី បានអះអាងថា ខ្លូនក៏ជាស្រ្តីខ្មែរមួយរូបដែរ ដូច្នេះបញ្ហាសុខភាពស្រ្តី ជាបញ្ហាចម្បងសម្រាប់ស្រ្តីទូទៅ។ រីឯការផលិតសំឡី អនាម័យនេះទៀតសោធ ក៏មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលដែរ ទើបអាចចររាចរណ៍នៅទីផ្សារ ដាក់ឲ្យសារធារណៈជនប្រើប្រាស់បាន។ ស្ត្រីតំណាងក្រុមហ៊ុនរូបនោះ បានបញ្ជាក់ជាចុងក្រោយថា ក្រុមហ៊ុន មីមី បានប្រើប្រាស់វត្ថុធាតុដើម ជាសំឡីដូចគ្នា តែគ្រាប់ៗដែលចេញមក នៅពេលត្រាំទឹកនោះ គឺជាគ្រាប់ជក់ទឹកម្យ៉ាង ដែលបានផលិតលាយជាមួយសំឡី ដោយមិនប្រើសំឡីសុទ្ធទេ ដែលទាំងនេះជាបច្ចេកទេសថ្មី ហើយមានប្រទេសជាច្រើន ទទួលស្គាល់។
រាល់ការបកស្រាយ និងការបង្ហាញការពីឯកសារមួយចំនួន របស់ក្រុមហ៊ុន ហាក់ដូចជាធ្វើឲ្យអតិថិជនមួយចំនួន ដែលបានទស្សនា មានភាពជឿជាក់ជាងមុន ជាពិសេស គឺមានការបញ្ជាក់ ពីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ម្ចាស់គណនីម្នាក់ឈ្មោះ Ly Ny បានសរសេរឡើងថា៖ «យល់បានច្បាស់លាស់ មិនស្រពិចស្រពិលទៀតឡើយ»៕