ស្ត្រីក្រមុំម្នាក់ស្អុយរលួយរូបកាយ ព្រោះមានជំងឺ«ងាប់កោសិកា»
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៦ មីនា ២០១៥
- កែប្រែចុងក្រោយ: March 16, 2015
- ប្រធានបទ: កម្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជំងឺងាប់កោសិកា ដ៏ចម្លែក បានចូលមកសណ្ឋិត អស់ជាងមួយឆ្នាំហើយ ក្នុងរាងកាយនាងក្រមុំរូបស្អាត ដែលរស់នៅខេត្តពោធិ៍សាត់។ មុនដំបូង នាងគ្រាន់តែមានអាការៈរមាស់ នៅលើដងខ្លួនបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែយូៗទៅ មេរោគនោះ វាបានរាលពេញខ្លួនប្រាណ របស់នាងតែម្តង។
តាមការអះអាងរបស់ក្រុមយុវជន «កម្ពុជាជាទីស្រាលាញ់» ដែលកំពុងរៃអង្គាសថវិកា សំរាប់ជួយឧបត្ថម្ភនារីរងគ្រោះ បានឲ្យដឹងថា នាង អេង ដាលីស អាយុ ១៨ ឆ្នាំ ដែលបានផ្ទុកជំងឺ ចំលែកនេះ កំពុងតែស្នាក់អាស្រ័យ នៅក្នុងវត្តកកោះ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
កញ្ញា ដាលីស ធ្លាប់បានទៅសំរាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រូពេទ្យបានប្រាប់ម្តាយនាងថា នាងមានជំងឺងាប់កោសិកា ដែលក្រុមគ្រូពេទ្យនៅទីនោះ មិនមានលទ្ធភាព អាចជួយព្យាបាលជំងឺនេះបាន។ ម្តាយ ដាលីស បានយកនាងត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយជំងឺរបស់នាង កាន់តែមានសភាពធ្ងន់ធ្ងរ ហើយគាត់ខ្លាចធ្វើដំណើរមិនដល់ផ្ទះ ទើបម្តាយរបស់នាង បានសម្រេចចិត្តយកនាង មកស្នាក់នៅក្នុងវត្តកកោះ ហើយទទួលការព្យាបាល ពីគ្រូខ្មែរនៅទីនោះវិញ។
បើទោះជា ដាលីស បានទទួលការព្យាបាល ពីលោកគ្រូខ្មែរក៏ដោយ ក៏អាការៈរបស់នាង មិនបានធូស្បើយដែរ។ បច្ចុប្បន្ននេះ ជំងឺនាងនៅតែមានសភាពធ្ងន់ធ្ងរ រាងកាយស្គមស្គាំង មានដំបៅពេញរាងកាយ ស្ទើរតែរលួយ ហើយមានក្លិនស្អុយរលួយ រុយរោម សូម្បីតែសក់ក៏ជ្រុះជិតអស់ ហើយឥឡូវនេះ នាងមានទំងន់ត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ។
សមាជិករបស់ក្រុម កម្ពុជាជាទីស្រលាញ់ ម្នាក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមរបស់ខ្លួន បានស្នើទៅម្តាយ ដាលីស ដើម្បីយក ដាលីស មកព្យាបាលនៅមន្ទីរពេទ្យរ៉ូស្សី ក្នុងរាជធានីភ្នំពេញ ហើយស្ត្រីជាម្តាយនិយាយថា នឹងធ្វើដំណើរយកកូនមកភ្នំពេញ នៅថ្ងៃសៅរិ៍សប្តាហ៍មុន ប៉ុន្តែរហូតមកដល់ថ្ងៃច័ន្ទទី ១៦ នេះហើយ នៅតែមិនទាន់ឃើញគាត់ មកដល់នៅឡើយ។
សមាជិកក្រុមនេះដដែល បានបន្ថែមថា ទំនងជាម្តាយរបស់ ដាលីស មានបញ្ហាផ្នែកថវិការ ទើបបានជាមិនទាន់ធ្វើដំណើរមកភ្នំពេញ ម្យ៉ាងទៀត ម្តាយរបស់នាងអាចអស់ជំនឿ នឹងគ្រូពេទ្យក៍ថាបាន។
ទស្សនាវដ្តី បានធ្វើការទាក់ទង ទៅម្តាយរបស់ ដាលីស នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ប៉ុន្តែមិនបានជួប។ រីឯអ្នកដែលទទួលទូរស័ព្ទ បានសុំអ្នកសារព័ត៌មាន មិនផ្តល់បទសម្ភាសន៍៕