បងប្អូន១១នាក់ ពិការភ្នែក៤នាក់ បង្កើតវង់តន្ត្រីបន្ធូរបន្ទុក
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៦ មិនា ២០១៥
- កែប្រែចុងក្រោយ: March 16, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមគ្រួសារ ដ៏មានសមាជិកច្រើននេះ រស់នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល មានម្តាយឈ្មោះ ស្រេង ឡេង អាយុ៥៤ឆ្នាំ និងឪពុកឈ្មោះ ផង់ ភើយ អាយុ ៥៧ឆ្នាំជាមេគ្រួសារ។ ក្នុងគ្រួសារ ដែលមានសមាជិក ១១នាក់នោះ មានបងប្អូនប្រុស៣នាក់ ស្រី៨នាក់។ ស្រ្តីជាម្តាយ មិននឹកស្មានថា កូនរបស់ខ្លួនទាំងអស់ ជួបរឿងអកុសល រហូតដល់ទៅ៤នាក់ ដែលពិការភ្នែកពីកំណើត។
ស្រ្តីម្នាក់ ពីក្នុងចំណោមបងប្អូនពិការភ្នែក ទាំង៤នាក់ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងនៅថ្ងែទី១៦ ខែមិនា ឆ្នាំ២០១៥នេះថា នាងឈ្មោះ ឆើយ សារ៉ា រីឯបងប្អូនបង្កើត ដែលពិការភ្នែកដែរនោះ ម្នាក់ឈ្មោះ ឆើយ ស្រីពៅ អាយុ១៣ឆ្នាំ ម្នាក់ទៀតឈ្មោះ ឆើយ កូឡា អាយុ១៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆើយ សេងលី។ ស្ត្រីអាយុ២២ឆ្នាំ ដែលមានស្វាមី ជាជនពិការដូចគ្នា បានប្រសូតកូនប្រុសអាយុ៧ខែ។
ដោយសារមានជីវភាពខ្វះខាត ទើបបងប្អូនពិការភ្នែកទាំងបួន បានបង្កើតជាក្រុមតន្រ្តីមួយ ដើម្បីដើរប្រគុំ នៅតាមផ្សារក្នុងរាជធានីភ្នំពេញ រកប្រាក់មកចិញ្ចឹមគ្រួសារទាំងមូល។ អ្នកស្រី ឆើយ សារ៉ា បានរៀបរាប់ថា អស់រយៈពេលកន្លះឆ្នាំហើយ ដែលក្រុមតន្រ្តីនេះ ធ្វើការប្រគុំ រកអ្នកសប្បុរសនៅទីសារធារណៈនេះ ហើយមួយថ្ងៃ អាចរកប្រាក់បានពី១០ ទៅ៤០ម៉ឺនរៀល តាមទីកន្លែង ដែលមានមនុស្សច្រើន ឬតិច។ តែពេលខ្លះ ក៏ត្រូវបានអះខាន មិនបានប្រគុំរាល់ថ្ងៃដែរ ដោយសារបងប្អូនពិការទាំងនោះ មានជំងឺ មិនអាចចេញច្រៀង ឬលេងភ្លេងបាន។
អ្នកជិតខាងមួយរូប របស់ក្រុមគ្រួសារខាងលើ បានឲ្យដឹងថា ស្វាមីដែលជាអ្នកពិការនោះ មិនបានច្រៀងនៅក្រុមជាមួយប្រពន្ធទេ ព្រោះគាត់ជាអ្នកប្រគុំតន្រ្តី នៅក្រុមតន្រ្តីមនុស្សធម៍ ដើម្បីរកប្រាក់ជួយជនពិការដូចគ្នា។ រីឯភរិយារបស់គាត់ អ្នកស្រី ឆើយ សារ៉ា ក៏បានឲ្យដឹងពីបញ្ហានេះដែរ ដោយបាននិយាយថា ស្វាមីគាត់ មិននៅក្រុមច្រៀងជាមួយគាត់ទេ ព្រោះគាត់ជាអ្នករស់នៅ ជាមួយជនពិការផ្សេងទៀត ដែលបង្កើតជាក្រុមជនពិការ ជួយជនពិការ៕