រឿង​អាស្រូវ​នៅ​មន្ទីរ​ពេទ្យ​«ធំ» ជា​បណ្ដាញ​ជួញ​ដូរ​អវៈយវៈ​ខាង​ក្នុង ជាប់​ទាក់​ទង​នឹង​ចិន?

បណ្ដាញជួញដូរគ្រឿងក្នុងមនុស្ស ដែលបានធ្វើចេញពីមន្ទីរពេទ្យយោធា ព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ ត្រូវបានរក​ឃើញ កាលពីអំឡុងខែសីហាកន្លងទៅ។ បន្ទាប់ពីការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កងកម្លាំងអាជ្ញាធរកម្ពុជា បានធ្វើការ​ឃាត់​ខ្លួន​មនុស្ស​៩នាក់ ក្នុងនោះមានម្នាក់ជាគ្រូពេទ្យ និងជាសាស្ត្រាចារ្យជនជាតិចិននោះផង។ សម្រាប់អង្គការអន្តរជាតិ​មួយ ដែល​ធ្វើ​ការងារ​ប្រឆាំង នឹងការកាត់អវៈយវៈខាងក្នុងចេញដោយបង្ខំនោះ បាននិយាយបរិហាថា ហេតុការណ៍នេះ​អាច​កើត​ទៅ​រួច នោះ​គឺ​ដោយ​សារ​តែមានការសម្របសម្រួល ពីរដ្ឋាភិបាលកម្ពុជា ឬ​ពី​មន្ត្រី​មាន​អំណាច​មួយ​ចំនួន។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: ជួញដូរក្រលៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងចម្លែកៗ ចេះតែកើតមានច្រើនណាស់ សម្រាប់​ព្រះ​រាជាណាចក្រ​អច្ឆរិយៈ​មួយ​នេះ ជា​ពិសេស​បន្ទាប់​ពី​អាជ្ញាធរ​​ទទួល​ខុស​ត្រូវ បាន​បង្ខំ​បិទ​សំនុំ​រឿង​«ជួញដូរ​ក្រលៀន» កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា យ៉ាង​ប្រញាប់​ប្រញាល​នោះ​មក។ ប៉ុន្តែ​សំនុំរឿង​ដ៏​រំជើបរំជួល ពេញ​ទាំង​ទ្វីប​អាស៊ី​ខាង​កើត​មួយ​នេះ មិន​ត្រូវ​បាន​​បិទ​​បញ្ចប់​ដោយ​ងាយ​ស្រួល​ដូច្នេះ​ទេ សម្រាប់​ក្រសែ​ភ្នែក​អង្គការ​អន្តរជាតិ ដែល​ធ្វើការងារ​ប្រឆាំង នឹង​ការ​កាត់​​អវៈយវៈ​ខាង​ក្នុង​ចេញ​ដោយ​បង្ខំ។

សារព័ត៌មានចិន-អាមេរិកមួយ មានឈ្មោះថា អ៊ីផូចថែម៍ (Epoch Times) បានដកស្រង់សម្ដីរបស់​លោក​វេជ្ជបណ្ឌិត ថរស្ទេន ត្រី (Torsten Trey) នាយក​ប្រតិបត្តិ​នៃ​«ក្រុម​គ្រូ​ពេទ្យ ប្រឆាំងនឹងការកាត់អវៈយវៈខាង​ក្នុងចេញ ដោយបង្ខំ» សរសេរកាត់ជាភាសាអង់គ្លេស DAFOH មក​រាយការណ៍​ថា៖ «ការណ៍ដែលមានគ្រូ​ពេទ្យចិន ជាប់ពាក់ព័ន្ធនៅក្នុងសំនុំរឿង ហើយជាអ្នកជំនាញពោរពេញ​ដោយ​បទ​ពិសោធន៍ នៅក្នុង​មន្ទីរ​ពេទ្យ​យោធារបស់រដ្ឋដូច្នេះ វាជាករណីដែលគួរឲ្យចាប់អារម្មណ៍បំផុត។ ម្យ៉ាង​ទៀត ដោយ​សារតែវាជា​មន្ទីរពេទ្យ​យោធា និងមិនមែនជារបស់ឯកជននោះ អញ្ចឹងសំនុំរឿងនេះ វាត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា ឬពីមន្ត្រីមានអំណាចមួយចំនួន។»

ការវះកាត់ក្រលៀននេះ ត្រូវបានបែកធ្លាយតាមបណ្ដាញសង្គម បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង នៅពេលនោះ។ ដោយ​ទំនងជាមូលហេតុនេះហើយ ទើបនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ កងកម្លាំងអាជ្ញាធរកម្ពុជា បាន​បង់​សំណាញ់ ឃាត់​ខ្លួនមនុស្ស៩នាក់ ក្នុងនោះមាន គ្រូពេទ្យខ្មែរម្នាក់ គ្រូពេទ្យចិនម្នាក់ គ្រូពេទ្យ​ចិន-វៀតណាម​ម្នាក់ ជនជាតិ​វៀតណាមបួននាក់ និងជាពិសេសឧត្តមសេនីយ៍ឯក​ លី សុវណ្ណ ​​ជាប្រធាន រួម​នឹង​ឧត្តមសេនីយ៍ទោ​ កែវ រ៉ាវុទ្ឋ ​ជាអនុប្រធានមន្ទីរ​ពេទ្យព្រះកេតុមាលានោះផង។

សារព័ត៌មាន អ៊ីផូចថែម៍ បានសរសេរថា នៅខណៈនោះ គ្រូពេទ្យចិនដែលត្រូវបានឃាត់ខ្លួន កំពុងបានរៀបចំ​បណ្ដុះបណ្ដាលក្រុមគ្រូពេទ្យកម្ពុជា ឲ្យទៅជាគ្រូពេទ្យជំនាញខាងវះកាត់យកអវៈយវៈខាងក្នុង ដែលករណី​នេះ​ត្រូវបានអនុវត្តន៍រួចហើយ នៅក្នុងប្រទេសចិន ក្នុងទិសដៅទៅរកតែអ្នកទោសត្រូវប្រហារជីវិត និងអ្នក​ទោស​មនសិការប៉ុណ្ណោះ។ អ្នកជំងឺដែលនឹងត្រូវទទួលផល (អ្នកទទួលអវៈយវៈខាងក្នុង) ពីការរៀបចំនេះ ត្រូវ​បាន​គេគិតថា ជាជនជាតិចិន និងជនជាតិវៀតណាម ខណៈឯអ្នកផ្ដល់អវៈយវៈ ជាជនជាតិកម្ពុជា​ផ្ទាល់​តែ​ម្ដង។

លោកវេជ្ជបណ្ឌិត ថរស្ទេន ត្រី បាននិយាយពន្យល់ថា៖ «វាមិនមែនជាគំរូដែលគេធ្លាប់ស្គាល់ ក្នុងការវះកាត់​យកអវៈយវៈខាងក្នុង មាននៅក្នុងប្រទេសដទៃទៀតទេ (...) ប៉ុន្តែ វាដូចជាគម្រោងការជាប្រព័ន្ធមួយ ជំរុញ​ឲ្យមានការជួញដូរអវៈយវៈខាងក្នុង នៅក្នុងតំបន់ទាំងមូល ដែលមិនធ្លាប់មានពីមុនមក»។ លោកបាន​បន្ថែម​ទៀតថា ប្រព័ន្ធដែលបានត្រៀមរៀបចំ នៅក្នុងប្រទេសកម្ពុជានេះ ប្រៀបបានទៅនឹងបណ្ដាញ​វះយក​អវៈយវៈ​ខាងក្នុង ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យយោធា របស់ប្រទេសចិនដែរ។

ក្នុងប្រទេសចិន អ្នកទោសត្រូវប្រហារជីវិត និងអ្នកទោសមនសិការ ត្រូវបានសម្លាប់ដើម្បីយក បេះដូង និង​ថ្លើម​ទៅឲ្យអ្នកដែលមានប្រាក់ ហើយចង់នៅបន្តជីវិតទៅទៀត។ សៀវភៅ The Slaughter របស់អ្នកនិពន្ធ Ethan Gutmann បានលើកយកភស្តុតាងលំអិត ពីករណីវះយកអវៈយវៈខាងក្នុងនេះ នៅប្រទេសចិន ថាមាន​ចំនួន​ច្រើនរាប់ម៉ឺននាក់ ក្នុងនោះ៦ម៉ឺននាក់ ជាអ្នកនិយមសាសនា ហ្វាលង់ហ្គង់ (Falun Gong) រវាងតែ​ពីឆ្នាំ​២០០០ មកឆ្នាំ២០០៨ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា សកម្មភាពវះយកអវៈយវៈខាងក្នុងនេះ ត្រូវបានកំណត់​ត្រឹមតែ«ក្រលៀន»ប៉ុណ្ណោះ ជាថ្នូរទៅឲ្យអ្នកផ្ដល់ ត្រឹមជាប្រាក់សុទ្ធតែប៉ុន្មានពាន់ដុល្លារ ប៉ុណ្ណោះ ខណៈ​ក្រលៀន ត្រូវបានលក់ក្នុងតម្លៃច្រើនម៉ឺនដុល្លារ។

នាយកប្រតិបត្តិអង្គការ DAFOH ដែលមានទីស្នាក់ការក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសង្កត់​ធ្ងន់ទៀតថា៖ «រឿងដែលសំខាន់ គឺថាប្រទេសចិន កំពុងឈានជើងចូលទៅបំផ្លាញ ភាពសុខដុមរម្យនា​របស់​ប្រជាជននៃប្រទេសផ្សេងទៀត» ហើយករណីនេះ អាចជួយ«បង្វែចំណាប់អារម្មណ៍» ឲ្យចេញពីការ​កត់​សម្គាល់​អន្តរជាតិ ទៅលើភាពលោភលន់ហួសប្រមាណ របស់ប្រទេសមហាអំណាចតំបន់មួយនេះ ដែល​កំពុង​ជាប់​ឈ្មោះ ថាជាប្រទេសមានសកម្មភាព វះយកអវៈយវៈច្រើនជាងគេក្នុងពិភពលោក ពីអ្នកទោស ជា​ពិសេស​ពី​អ្នក​ទោស​មនសិការ។

ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ អាជ្ញាធរបានបិទសំនុំរឿងនេះ ដោយគ្រាន់តែបានស៊ើបអង្កេត ត្រឹមតែរយៈ​ពេល​ពីរថ្ងៃក្រោយមកប៉ុណ្ណោះ។ នៅ​ក្នុង​សន្និសីទ​កាសែត នៅ​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ​នគរបាល​រាជធានី​ភ្នំពេញ​បានអះអាងថា ​នោះមិនមែនជា​ករណី​ជួញដូរ​ក្រលៀន​មនុស្សទេ តែជាការបរិច្ចាគ​ក្រលៀន​របស់​សាមីខ្លួន ទៅ​​ឲ្យ​​អ្នកជំងឺ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​បោក​បញ្ឆោត​អ្វីឡើយ។ ម្យ៉ាងទៀត ​ការវះកាត់​ផ្លាស់​ប្ដូរ​ក្រ​លៀន​នេះ ត្រូវ​បាន​​គ្រូពេទ្យ​ចិន​ធ្វើក្នុងនាម​ជា​មនុស្សធម៌ និង​ជា​ការ​អភិវឌ្ឍន៍​បច្ចេកទេស​វេជ្ជសាស្ត្រ ជូន​ដល់​គ្រូពេទ្យ​កម្ពុជា។ រីឯជនជាប់ឃុំទាំងអស់ ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញដែរ។

ការលើកឡើងរបស់អាជ្ញាធរកម្ពុជា បានបង្កមន្ទិល ទៅដល់ក្រុមអ្នកតាមដានសំនុំរឿង ជាពិសេស​ក្រុម​សកម្ម​ជន​នៃអង្គការ«ក្រុមគ្រូពេទ្យ ប្រឆាំងនឹងការកាត់អវៈយវៈខាង​ក្នុងចេញ ដោយបង្ខំ» និងក្រុម​គណបក្ស​ប្រឆាំង ដែល​នៅតែបង្ហាញការសង្ស័យថា នេះជាការបង្ខំបិទសំនុំរឿង ដើម្បីបញ្ចប់រឿងអាស្រូវ និង​បញ្ជៀស​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អាប់មុខមាត់តែប៉ុណ្ណោះ។ អង្គការតម្លាភាពអន្តរជាតិ ធ្លាប់បានចាត់ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​មាន​ប្រព័ន្ធដឹកនាំដ៏អាក្រក់ និងពុករលួយជាងគេបង្អស់ នៅក្នុងទ្វីបអាស៊ី។ បើទោះជា​ប្រទេសនេះ មាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ ជា«រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»ក៏ពិតមែន ប៉ុន្តែអំណាចទាំងអស់ ត្រូវ​បាន​ក្ដោប​ក្ដាប់​ដោយ​គណបក្ស​ប្រជាជនកម្ពុជាតែមួយ ហើយរដ្ឋាភិបាលរបស់ប្រទេសនេះ ត្រូ​វបានលោក ហ៊ុន សែន ដឹកនាំ​តែ​ម្នាក់​ឯង តាំង​ពី​ជិត​៣០ឆ្នាំមកហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...