សមាជិកព្រឹទ្ធសភាបក្សសមរង្ស៊ី៖ ការចាប់ខ្លួន ហុង សុខហួរ មិនស្របតាមនីតិវិធីច្បាប់
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 15, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមសមាជិកព្រឹទ្ធសភាទាំង៩រូប មកពីគណបក្សសមរង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយ នៅប៉ុន្មានម៉ោងក្រោយការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី និងជាអ្នកជំនាញខាងព្រំដែន របស់គណបក្សសង្គ្រោះជាតិ ដោយបានហៅការចាប់ខ្លួននេះ ថាជាការមិនបានអនុវត្តន៍ ទៅតាមនីតិវិធីនៃច្បាប់ ពីសំណាក់កងកម្លាំងអាជ្ញាធរ។
សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៥ ខែសីហានេះ បានសរសេរថា សមត្ថកិច្ចរបស់រដ្ឋាភិបាល បានចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ហុង សុខហួរ ទាំងមិនទាន់បានដកអភ័យឯកសិទ្ធិ ពីរូបលោកនៅឡើយ។ សេចក្ដីថ្លែងការណ៍ បានស្រង់សម្ដីអ្នកនាំពាក្យព្រឹទ្ធសភា មកសរសេរពន្យល់ទៀតថា ព្រឹទ្ធសភា ក៏នៅមិនទាន់ទទួលបានលិខិតណាមួយ ស្នើសុំព្រឹទ្ធសភា បើកកិច្ចប្រជុំដើម្បីដកអភ័យឯកសិទ្ធិ របស់លោក ហុង សុខហួរ នៅឡើយ។
«តាមស្មារតីរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភា សមត្ថកិច្ចត្រូវធ្វើរបាយការណ៍ ជូនព្រឹទ្ធសភា ឬគណកម្មធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា ជាបន្ទាន់ដើម្បីសម្រេច»។ នេះជាអ្វី ដែលគេបានអាន នៅលើសេចក្ដីថ្លែងការណ៍នោះ នៅក្នុងវាក្យខណ្ឌជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១៣ ខែសីហា បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច តាមស្វែងរកចាប់ខ្លួន លោក ហុង សុខហួរ ឲ្យយកមកផ្តន្ទាទោស ដោយចោទសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងរូបនេះ ពីបទ«ក្បត់ជាតិ» បន្ទាប់ពីលោក សុខហួរ បានធ្វើអត្ថាធិប្បាយ ពីសន្ធិសញ្ញា កម្ពុជា-វៀតណាម នាឆ្នាំ១៩៧៩ ទាក់ទងនឹងឃ្លាមួយ ដែលលោក ហ៊ុន សែន បានចាត់ទុកថា ជាការក្លែងបន្លំមួយ មានចេតនាបង្កចល្លាចល។ ការធ្វើអត្ថាធិប្បាយ ថតជាវីដេអូ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា ជាការប្រព្រឹទ្ធបទល្មើសជាក់ស្ដែង ហើយដែលអនុញ្ញាតឲ្យអាជ្ញាធរ ធ្វើការចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះ ដោយមិនចាំបាច់ មានការដកអភ័យឯកសិទ្ធិជាមុន។
កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហោះកូនលិខិតមួយ របស់លោក ហុង សុខហួរ អះអាងពីការចូលខ្លួន មកបំភ្លឺនៅមុខសមត្ថកិច្ច នៅថ្ងៃទី១៧ ខាងមុខ។ ប៉ុន្តែសម្រាប់ក្រុមសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី វិញ បានចាត់ទុកការចាប់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែសីហា នៅមុនកាលបរិច្ឆេទ ដែលសាមីខ្លួនកំណត់ចូលបំភ្លឺនេះ ថាជាការអនុវត្តនីតិវិធី របស់អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមិនអនុលោមតាមគតិច្បាប់។
នៅមិនទាន់អាចស្វែងរកប្រតិកម្ម ពីអ្នកនាំពាក្យនគរបាលជាតិ លោក គៀត ចន្ទថារិទ្ធ បាននៅឡើយ នាពេលនេះ ជុំវិញការចោទប្រកាន់ខាងលើ៕
» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់ក្រុមសមាជិកព្រឹទ្ធសភាទាំង៩រូប មកពីគណបក្សសមរង្ស៊ី៖