ម្ដាយ ថេង សារឿន៖ កូនចៅ ហ៊ុន សែន ព្រៃផ្សៃលើសប៉ុលពតទៅទៀត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំមានការសោកស្តាយ ការឈឺចាប់ និងការអន់ចិត្តចំពោះទង្វើរបស់រាជរដ្ឋាភិបាល ដែលបានធ្វើដូចនេះ។ (...) ការចាប់ខ្លួននេះមិនមានភស្តុតាងច្បាស់លាស់ទេ ចាប់បំពាន ដោយបំភិតបំភ័យ។ ខ្ញុំមានការរន្ធត់រកអ្វីប្រៀបមិនបានទេ ព្រោះកូនខ្ញុំតាំងពីតូចក្រូចឆ្មាមក មិនដែលបានធ្វើអ្វីខុសសោះ គាត់ជាមនុស្សល្អ ចេះជួយឪពុកម្តាយ និងបងប្អូន។» នេះជាការបង្ហាញនូវការខកចិត្តចំពោះរដ្ឋាភិបាល ដោយលោក ស៊ាង សារឿន អាយុ៥៧ឆ្នាំ និងអ្នកស្រី តូច សាន ត្រូវជាឪពុកម្តាយរបស់លោក ថេង សារឿន មន្ត្រីសហជីពមួយរូបដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី០២ ខែមករាកន្លងមកនេះ។
អ្នកស្រី តូច សាន ជាម្ដាយរបស់លោក ថេង សារឿន កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃថ្លុក ខេត្តកំពង់ចាម។ (រូបថត MONOROOM.info/ O.Vary)
អាជ្ញាធរនិងអំណាច - ទាំងឪពុក ទាំងម្តាយរបស់លោក ថេង សារឿន បានបង្ហាញសភាពខ្លោចចិត្តរបស់ពួកគាត់ នូវទង្វើរបស់កងកម្លាំងសម្រាប់ការពារជាតិ ដែលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន បែរជាយកកម្លាំងទាំងនេះមកធ្វើការសំឡុត គម្រាម កំហែង បំភិតបំភ័យ និងវាយដំ ទាត់ធាក់មកលើប្រជាពលរដ្ឋស្លូតត្រង់ខ្លួនឯង ដូចសត្វធាតុយ៉ាងនេះ។
ក្នុងអាយុ៥៨ ឆ្នាំ អ្នកស្រី តូច សាន បានចាត់ទុកថា ទង្វើបែបនេះជាអំពើព្រៃផ្សៃ ហូសពីច្បាប់រដ្ឋធម្មនុញ្ញ លើសសម័យប៉ុលពតទៅទៀត ដោយបានពន្យល់យ៉ាងដូចនេះថា «ព្រោះសម័យប៉ុលពតបានសួរនាំខ្លះ តែនេះបានវាយយកៗតែម្តង»។ ទោះជាយ៉ាងនេះក្តី អ្នកស្រីក៏បានអំពាវនាវ សូមឲ្យរដ្ឋាភិបាលធ្វើការដោះលែងកូន និងអ្នកដទៃទៀតដែលគ្មានកំហុសជាបន្ទាន់។
ម៉ម សូណង់ដូ ជាគំរូ...
អ្នកស្រី តូច សាទ មកពីភូមិឈូកសរ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលត្រូវជាម្តាយ លោក ថេង សាវឿន បានលើកឡើងថា គាត់មិននឹកស្មានថាកូនរបស់គាត់ត្រូវបានគេវាយដំពេញទាំងខ្លួនសោះ ពិសេសត្រង់ក្បាលដែលត្រូវបានដេរចំនួនប្រាំពីរថ្នេរ។ អ្នកស្រីបានបញ្ជាក់ថា ពេលទៅដល់ពន្ធនាគារត្រពាងថ្លុង ខេត្តកំពុងចាម ជាមួយនឹងក្រុមអង្គការសិទ្ទិមនុស្សដំបូង បានជួប និងឃើញពីសភាពរាងកាយកូន ជាមួយនឹងទឹកភ្នែករលីងរលោងអ្នកស្រី បានតាំងចិត្តនិយាយទៅកាន់កូនយ៉ាងនេះថា «កូនកុំបាក់ទឹកចិត្ត អ្វីដែលកូនបានធ្វើមិនខុសច្បាប់រដ្ឋធម្មនុញ្ញទេ កូនត្រូវតាំងស្មារតីឡើង។ (...) កូនត្រូវក្លាហានឡើង កូនជាលោកតាម៉ម សូណង់ដូទីពីរ លោកបានជួបសភាពនេះបីដងហើយ កូនទើបតែទីមួយ កូនត្រូវក្លាហានឡើង។»
ជាកូនទីពីរ ដែលបានបែកគ្នាជាមួយប្រពន្ធជាងពីឆ្នាំទៅហើយនោះ អ្នកស្រីជាម្តាយបានបន្តរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះកូនអ្នកស្រី មានសភាពជម្ងឺកាន់តែធ្ងន់ធ្ងរ ដោយមានសភាពស្លេកស្លាំង និងរឹងបំពង់ករ។ អ្នកស្រីបានបន្តថា ឥឡូវនេះមានមេធាវីចំនួនប្រាំពីររូបសម្រាប់ការពារ ដែលជាជំនួយរបស់អង្គការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
ជាមួយគ្នានេះ លោក ស៊ាន សារឿន ដែលត្រូវជាឪពុកនោះក៏បានបង្ហាញនូវការហួសចិត្ត និងភាពសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើ របស់កងកម្លាំងជាតិ របស់រាជរដ្ឋាភិបាលមកលើប្រជាពលរដ្ឋខ្មែរស្លូត្រង់។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «មានការសោកស្តាយយ៉ាងខ្លាំងជាទីបំផុត។ (...) មិនថាកូនខ្ញុំទេ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការសោកស្តាយចំពោះរាចរដ្ឋាភិបាលសព្វថ្ងៃ គ្មានឃើញនូវយុត្តិធម៌ និងដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋទេ។»
ដោយភាពគ្មានជំនឿចិត្តលើតុលាការ និងរដ្ឋាភិបាលតទៅទៀតនោះ លោក ស៊ាន សារឿន បានស្នើសុំដល់អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ ជួយចាត់វិធានការ និងឃ្លាំមើល និងជម្រុញផ្តល់នូវយុត្តិធម៌ ជាមួយនឹងការការដោះលែងអ្នកទាំងអស់នោះជាបន្ទាន់។ ជាមួយនឹងការដោះលែងនោះដែរ លោកស្នើរឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ ទៅលើអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់ពិតប្រាកដ ដូចជាជនដៃដល់ អ្នកដែលប្រើអំពើហិង្សា ពិសេសអ្នកដែលបានបាញ់សម្លាប់មនុស្ស ដោយចេតនាជាដើម មកផ្តន្ទាទោសតាមផ្លូវច្បាប់។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចសុំចម្លើយបំភ្លឺពីមន្ត្រីតំណាងរដ្ឋាភិបាលណាម្នាក់ បាននៅឡើយ នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែមករានេះ។ តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្ដីតាមទូរស័ព្ទ កាលពីថ្ងៃទី០៩ ខែមករាថា សកម្មភាពបង្ក្រាបរបស់កងកម្លាំង ដែលមានកន្លងមក បានធ្វើឡើងដោយស្របតាមច្បាប់ ដើម្បីឲ្យសណ្តាប់ធ្នាប់សាធារណៈ វិលមកសភាពដូចដើមវិញតែប៉ុណ្ណោះ។
ជាមួយនឹងភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ភាពលំបាកវេទនារបស់ប្រជាពលរដ្ឋក្នុងពេលកន្លងមក ភាពស្រេកឃ្លានចង់បានការរស់នៅសមរម្យក្នុងសង្គម របស់ប្រជាពលរដ្ឋ បានបង្ខំចិត្តពួកគាត់ទាមទារនូវការប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្នាក់ បានចូលរួមជាមួយនឹងបាតុកម្មនានា ក្នុងបំណងតែមួយគត់ គឺ ការរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងការគោរព។ ផ្ទុយទៅវិញ រដ្ឋាភិបាលមិនត្រឹមតែមិនបានដោះស្រាយ និងស្វែងរកដំណោះស្រាយណាមួយសមរម្យដើម្បីបញ្ជាសនូវហិង្សាឡើយ បែរជាប្រើប្រាស់នូវកម្លាំងរបស់ជាតិ ជាមួយនិងកម្លាំងសន្តិសុខ មកវាយបំបែក ជំនួសការចចារ និងការដោះស្រាយ ដែលជាវិធីសាស្រ្តមួយវិលទៅរកការគ្រប់គ្រងអំណាចតាមបែបបុគ្គល មិនមែនតាមច្បាប់ គោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យឡើយ។ នេះជាករលើកឡើងរបស់លោក ចាន់ សុវ៉េត មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក កាលពីព្រឹកថ្ងៃទី៩ ខែមករាកន្លងមក នៅជិតក្បាលនាគ សួនច្បារផ្សារចាស់។
មន្ត្រីសិទ្ធិមនុស្សដដែល បាននិយាយឲ្យដឹងទៀតថា «ក្នុងដំណាក់កាលនេះ គួតែធ្វើការដោះស្រាយដោយសន្តិវិធី។ (...) ប្រសើរជាងការប្រើកម្លាំងជ្រុលហួសប្រមាណបែបនេះ។ (...) អ្នកដែលបង្ហាញនូវគោលជំហរផ្ទុយ មិនអាចកំណត់បានថាជាអ្នកប្រឆាំងទេ ហើយអ្នកកាន់ជំហរផ្ទុយមិនមែនជាមនុស្សឥតប្រយោជន៍ក្នុងសង្កមដែរ ត្រូវអនុញ្ញាតិឲ្យពួកគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ដើម្បីចូលរួមចំណែកក្នុងសង្គមប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។»
សូមរម្លឹកថាលោក ថេង សាវឿន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅពេលមានការប៉ះទង្គិចគ្នា ជាមួយទាហានឆ័ត្រយោង៩១១ ជាមួយក្រុមកម្មករធ្វើបាតុកម្មអហិង្សានៅមុខរោងចក្រ យ៉ាក ជីន។ លោក ថេង សាវឿន ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមករា សម្រេចចោទពីបទតាមមាត្រា ២១៨ (ហិង្សាដោយចេតនាដោយមានស្ថានទង្ងន់ទោស) និងតាមមាត្រា៤១៤ (ការបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ដោយមានស្ថានទង្ងន់ទោស) នៃក្រមព្រហ្មទណ្ឌ។ ហើយបានបញ្ជូនខ្លួនទៅឃុំនៅគុកត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម ជិតព្រំដែនវៀតណាម៕
សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសនោះទាំងស្រុងដូចតទៅ៖
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣