អ្នកការសែតកម្ពុជាមិនគោរពវិជ្ជាជីវៈ ព្រោះប្រាក់ខែតិច...
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 06, 2014
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកកាសែតកម្ពុជា ដែលបានធ្វើការជជែកពិភាក្សាគ្នា ថ្ងៃទី០៥ ខែធ្នូនេះ លើកឡើងថា បញ្ហាប្រាក់បៀវត្សរបស់អ្នកការសែតតិចតួច បានជម្រុញឱ្យអ្នកកាសែតកម្ពុជា ប្រព្រឹត្តិអំពើពុករលួយ ជម្រិតទារប្រាក់ពីឈ្មួញ លាក់បាំងមិនផ្សាយព័ត៌មានពិត ដែលបញ្ហាទាំងនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់អ្នកកាសែតកម្ពុជា ក្នុងការប្រព្រឹត្តខុសវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងជាគ្រូបណ្តុះបណ្តាលអ្នកសាព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់ថា បញ្ហាប្រាក់ចំណូលប្រចាំខែ ដែលមិនអាចផ្គត់ផ្គង់ជីវភាពបាន គឺជាឧបសគ្គរារាំងមកលើអ្នកសារព័ត៌មាន និងជំរុញឱ្យពួកគាត់មិនគោរពវិជ្ជាជីវៈ។ វាពិបាកណាស់ ក្នុងការដាក់កំហិតអ្នកមិនគោរពវិជ្ជាជីវៈទាំងនោះ ឲ្យគោរពវិជ្ជាជីវៈ ដោយសារតែរឿងប្រាក់ខែនេះ ដូច្នេះគាត់ត្រូវតែរកក្រៅខ្លះ ដើម្បីផ្គត់ផ្គង់គ្រួសារគាត់។
លោកបន្តថា៖ «កត្តាដែលធ្វើឱ្យអ្នកការសែតប្រព្រឹត្តអំពើពុករលួយ នេះក៏មកពីអង្គភាពរបស់យើងផ្ទាល់ អង្គភាពសារព័ត៌មានធំមួយចំនួន គឺមានបានដោយសារតែញើសឈាម របស់អ្នកសារព័ត៌មានយើង ប៉ុន្តែគាត់មិនតម្លើងប្រាក់ខែឱ្យទេ។ (..) កំហុសវិជ្ជាជីវៈ គឺជាកំហុសធ្ងន់ធ្ងបំផុត ប៉ុន្តែយើងក៏ត្រូវគិតអំពីផលវិបាក របស់ពួកគាត់ដែរ។»
ទាក់ទងនឹងបញ្ហានេះដែរលោក ពុយ គា អ្នករាយការព័ត៌មាន ឲ្យទីភ្នាក់ងារក្យូតូរបស់ជប៉ុន បានឱ្យដឹងដែរថា លោកក៏ធ្លាប់លើកយកបញ្ហានេះម្តងដែរ មកជជែកពីបញ្ហាប្រាក់ខែរបស់អ្នកកាសែត ប៉ុន្តែបញ្ហានេះ មិនសូវមានការគាំទ្រ ពីចាងហ្វាងកាសែតមួយចំនួននោះទេ។ លោកបន្ថែមថា៖ «អញ្ចឹងយើងជជែកច្រើនដង ប៉ុន្តែសុំគាត់ គាត់អត់មកហ្មង។ ឧទាហរណ៍ដូចកោះសន្តិភាពអី អញ្ជើញគាត់មក គាត់អត់ដែលមកទេ អាហ្នឹងបញ្ហាហ្មង! គាត់អត់មកជួបយើង អត់មកជជែកជាមួយយើង! អាហ្នឹងយើងធ្វើយ៉ាងម៉េចបញ្ហាហ្នឹង។»
ចំណែកលោក កៃ គីមសុង ចាងហ្វាងកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ យល់ថាបញ្ហាប្រាក់ខែអ្នកការសែតនេះសំខាន់មែនទែន ដែលអ្នកគ្រប់គ្រងស្ថាប័នគួរតែនាំគ្នាពិភាក្សា។ លោកបន្តថា៖ «ហើយអារឿងអ្នកការសែតដេញឈើ អ្នកកាសែតពុករលួយ ក៏មកតែពីរឿងអាលុយហ្នឹងតិចដែរ អាវិជ្ជាជីវៈវាវិជ្ជាជីវៈហើយ ប៉ុន្តែអាបានលុយតិចហ្នឹង គាត់ច្បាស់ជារកលុយដូចគ្រូបង្រៀន មន្រ្តីរាជការ គ្រូពេទ្យដែលមានប្រាក់ខែតិច ក៏គាត់រកមធ្យោបាយផ្សេងៗដើម្បីរស់។»
ទន្ទឹមនឹងការទទូចចង់ឱ្យស្ថាប័នព័ត៌មានតម្លើងប្រាក់ខែ ឱ្យបុគ្គលិកឱ្យមានជីវភាពរស់នៅសមរម្យ ចាងហ្វាងការសែតភ្នំពេញប៉ុស្ដ៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែរឿងដែលសំខាន់វាអញ្ចេះ យើងគួរធ្វើអ្វីឱ្យស្ថាប័នរបស់យើង។ មិនមែនធ្វើការខ្ចិលៗហើយ មកទាមទារប្រាក់ខែទេ អាហ្នឹងក៏មិនមែនរឿងដែលនិយោជកទទួលយកបានដែរ។ តើទាំងអស់គ្នា អាចជួយធ្វើឱ្យស្ថាប័នចំណេញដែរឬទេ មានប្រាក់ចំណូលអាចឡើងប្រាក់ខែបានអត់? តែយើងមិនអាចជួយបានទេ ហើយទាមទារឡើងប្រាក់ខែ ក៏អត់មានហេតុផលសមរម្យ ដើម្បីតម្លើងដែរ។»
លោក មឿន ឈានណារិទ្ធិ ដែលឯកភាពទៅនឹងការលើកឡើង របស់ចាងហ្វាងកាសែតភ្នំពេញប៉ុស្តខាងលើ បានលើកជាទស្សនៈមួយថា៖ «ត្រូវសួរថា តើអ្នកបានធ្វើអ្វីសម្រាប់ប្រទេសជាតិរបស់អ្នក កុំសួរថាតើប្រទេសរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នក។» លោកបានដាក់សំណួរបន្ថែមទៀតថា៖ «ប៉ុន្តែសម្រាប់អ្នកកាសែតយើងទាំងអស់គ្នានេះ គួរសួរអញ្ចេះវិញថា តើអ្នកបានធ្វើអ្វីសម្រាប់គ្រួសារអ្នក»?
គួរបង្កើតសហជីពក្នុងស្ថាប័ន ដើម្បីទាមទារ?
លោកកៃ គីមសុង បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការឱ្យអ្នកកាសែតបង្កើតសហជីព ក្នុងស្ថាប័នរបស់ខ្លួន។ លោកថាអ្នកកាសែតខ្លួនឯង នៅក្នុងស្ថាប័នខ្លួនឯង គួរតែគៀងគរគ្នាបង្កើតសមាគម ឬសហជីព ដើម្បីទប់ទល់ជាមួយប្រធានស្ថាប័នរបស់ខ្លួន។
«សហជីពនេះឯង គឺជាសហជីពដែលស្របច្បាប់ ដែលក្រសួងតម្រូវឱ្យបង្កើត អញ្ចឹងយើងបង្កើតទៅ នាំគ្នាបង្កើតនៅក្នុងស្ថាប័ន ហើយយកអាហ្នឹងទៅចរចា ជាមួយនឹងថៅកែ។ តែបើថៅកែហ្នឹងគាត់ចរចាជាមួយយើង យើងមានក្រសួងការងារ ជាអ្នកអាជ្ញាកណ្តាលជួយអន្តរាគមន៍យើង។ ខ្ញុំថា នេះគឺជាមធ្យោបាយបឋម ជាមធ្យោបាយមួយ។»
ចាងហ្វាងកាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែររូបនេះ បានបញ្ជាក់ថា ស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍បាននាំមុខគេរួចហើយ គឺបង្កើតជាសហជីពមួយ នៅក្នុងស្ថាប័ន៕