ច្បាប់​ទាំង​បី​ត្រូវ​បន្ត​ឆ្លង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជំនះ​ការ​រិះគន់

ច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលត្រូវបានគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់​ធ្ងន់ៗ ថា​មិនអាចធានាឲ្យតុលាការ មានភាពឯករាជ្យ ហើយចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនោះ ត្រូវបាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញអះអាងថា ត្រូវតែពិនិត្យច្បាប់ទាំងនោះតាមនីតិវិធីច្បាប់ ដើម្បីឈានទៅធ្វើសេចក្តីសម្រេច។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលត្រូវបានគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់​ធ្ងន់ៗ ថា​មិនអាចធានាឲ្យតុលាការ មានភាពឯករាជ្យ ហើយចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនោះ ត្រូវបាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញអះអាងថា ត្រូវតែពិនិត្យច្បាប់ទាំងនោះតាមនីតិវិធីច្បាប់ ដើម្បីឈានទៅធ្វើសេចក្តីសម្រេច។


ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់ - សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម នឹងត្រូវយកទៅត្រួតពិនិត្យដោយក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមនីតិវិធីច្បាប់។ នេះជាការបញ្ជាក់របស់ អ្នកនាំ​ពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤​នេះ។

លើសពីការបដិសេធច្បាប់ទាំងបីនេះ ដោយគណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀតសម្ព័ន្ធអង្គការមិនមែន​រដ្ឋាភិបាល​​ចំនួនពីរ ដែលមានសមាជិកចំនួន ១១៤អង្គការ បានទទូចដល់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា គម្បីច្រានចោលច្បាប់​ទាំង​បីនោះចោល។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ សម្ព័ន្ធអង្គការទាំងនោះបាន​សង្កត់ធ្ងន់​​​ថា៖ «តាមខ្លឹមសារនៃមាត្រាច្បាប់ទាំងបី បានបង្ហាញថា ច្បាប់ដែលបានស្នើឡើងចំនួនបី និងត្រូវបានអនុម័តរួច​ដោយ​រដ្ឋសភា និងព្រឹទ្ធសភានោះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយច្បាប់ទាំងនេះ អាចប៉ះពាល់ដល់ឯករាជ្យភាព នៃស្ថាប័ន​តុលាការកម្ពុជា។»

ទន្ទឹមនឹងច្បាប់ទាំងបីខាងលើនេះ ត្រូវបានគណបក្សសង្រ្គោះជាតិច្រានចោល ហើយចោទគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលថា ធ្វើឡើងដោយ «ឯកបក្ស» តែត្រូវបានភាគីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បំភ្លឺថាជា​ការ​ស្របច្បាប់នោះ ច្បាប់ទាំងបីក៏គេសង្កេតឃើញថាបានជម្នះការរិះគន់ ដោយបន្តអនុម័តតាំងពីគណៈរដ្ឋមន្រ្តី ដល់​រដ្ឋសភា អនុម័តកាលពីថ្ងៃទី២០ ខែឧសភា និងព្រឹទ្ធសភាបន្តអនុម័ត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ។

ដើម្បីធានាពីធម្មនុញ្ញភាពនៃច្បាប់នានា ដែលរដ្ឋសភាកម្ពុជាបានសម្រេចមុននឹងបញ្ជូនទៅព្រះមហាក្សត្រ ទ្រង់​ឡាយ​ព្រហត្ថលេខានោះ រដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រា១៣៦ថ្មី កថាខណ្ឌទី១ បានប្បញ្ញត្តិថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថកិច្ចធានា ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យ​ចប់សព្វគ្រប់​ហើយ។»

តែបើតាមលោកព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ពន្យល់បានទេ ព្រោះ​កន្លែងខ្ញុំជាកន្លែងក្រុមប្រឹក្សា។ ដូច្នេះការងារហ្នឹង បានចាត់តាំងឲ្យក្រុមជំនាញនីមួយៗ (រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា) គេធ្វើហើយ។ ហើយពេលគេធ្វើហើយ គេនឹងដាក់ចូលមកអង្គប្រជុំពិនិត្យពិភាក្សាគ្នា ដើម្បីសម្រេចថា​យ៉ាងណាៗ។»

គួរកត់សម្គាល់ថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពី​លក្ខន្តិកៈនៃចៅក្រម​និង​ព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្លាប់ត្រូវបាន​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)និង អ្នកជំនាញការច្បាប់វាយតម្លៃថា ធ្វើឡើងដោយខ្វះតម្លាភាព ហើយក៏​មិនអាចធានាឲ្យមានភាពយុត្តិធម៌ ក្នុងប្រព័ន្ធតុលាការកម្ពុជាបានទេ ព្រោះខ្លឹមសារច្បាប់ទាំងនេះ បានបង្ហាញថា​ផ្តល់​អំណាចច្រើនដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងក្រសួងយុត្តិធម៌ ដែលជាសេនាធិការរដ្ឋាភិបាល ធ្វើការចាត់ចែងទៅលើ​រដ្ឋបាលរបស់តុលាការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...