អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

ទំព័រនេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ដ៏សោកសៅ របស់ប្រទេសកម្ពុជា ទាក់ទងនឹងមរណភាពរបស់ អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់ និងក្រៀមក្រំនេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: October 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំព័រនេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ដ៏សោកសៅ របស់ប្រទេសកម្ពុជា ទាក់ទងនឹងមរណភាពរបស់ អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់ និងក្រៀមក្រំនេះ។


រូបថតនៅឆ្នាំ១៩៥២ ខណៈដែលព្រះអង្គ ទ្រង់ឡើងគ្រងរាជ្យជាលើកដំបូង។

      • ម៉ោង០២ម៉២២ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

គេហទំព័រដើមអំពិល បានផ្សាយអោយដឹងពីដំណឹង «រន្ធត់ និងសោកសៅ» ដោយបានស្រង់សំដីរបស់ លោកញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សរាជានិយម ហ្វុនស៊ីនប៉ិចដែលបានអោយដឹងថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា «មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ» ។

      • ម៉ោង០៥ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ប្រទេសចិនបានប្រកាសអោយដឹង ពីមរណភាពរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។​ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ បានធ្វើរបាយការណ៍បញ្ជាក់ពីសេចក្ដីប្រកាសនេះ ថាទ្រង់បានសោយទីវង្គត់ នៅទីក្រុងប៉េកាំង ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា តែមិនបាននិយាយលំអិតបន្ថែមនោះទេ។ ប្រភពដដែលនេះ បានរំលឹកថា ព្រះអង្គបានយាងទៅកាន់​ប្រទេស​ចិនជាប្រចាំ ដើម្បីពិនិត្យព្រះកាយរោគ​ មហារីក ទឹកនោមផ្អែម និងដំណើរឈាមមិនស្រួល របស់ព្រះអង្គ ដែលបានញាំញី ជីវិតទ្រង់ ក្នុងរយះពេលចុងក្រោយនេះ។

អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ធ្លាប់ជាក្សត្រគ្រងរាជ្យ ក្នុងចំណោមក្សត្រគ្រងរាជ្យ ដែលមានរយះពេលយូរ​អង្គ​ផ្សេង​ទៀតនៅអាស៊ី។ ដោយទ្រង់មានបញ្ហាសុខភាព និងមានជរាភាពផងនោះ ទ្រង់ក៏បានដាក់រាជ្យនៅខែតុលា ឆ្នាំ២០០៤ ដោយបានផ្ទេរព្រះរាជបល្ល័ង្គ ទៅអោយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម នរោត្ដម សីហមុន្នី ឡើងគ្រងរាជ្យបន្ដវិញ។ ព្រះអង្គ ទ្រង់បានប្រើប្រាស់បណ្ដាញគេហទំព័ររបស់ព្រះអង្គ ដើម្បី បង្ហាញពីទឹកព្រះទ័យ និងការឆ្វេងយល់របស់ព្រះអង្គ។ កាលពីខែតុលា ឆ្នាំ២០០៩កន្លងមក ទ្រង់បានឡាយអត្ថបទមួយ តាមគេហទំព័រនោះ ដោយលើកឡើងថា ទ្រង់មាន​ព្រះជន្នាយុ​យូរជ្រុលពេក ហើយទ្រង់មានព្រះទ័យចង់ចូលទីវង្គត់ យ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

      • ម៉ោង០៦ម៉០០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការ ជូនដំណឹងពីមរណភាពនេះ។ «ព្រះមហាវីរក្សត្រ» ទ្រង់បានសោយ​ទីវង្គត់ នៅថ្ងៃទី១៥តុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំរោងចត្វាស័ក ព.ស. ២៥៥៦ វេលាម៉ោង ១ម៉២០​នាទី​រំលងអាធ្រាត។

      • ម៉ោង០៦ម៉៥០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

រដ្ឋមន្ត្រីក្រសួងពត៌មាន របស់ប្រទេសកម្ពុជា លោក ខៀវ កញារឹទ្ធ បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្ដម សីហមុន្នី នឹងយាងចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅទីក្រុងប៉េកាំង នៅម៉ោង០៨​ខាងមុននេះ។

      • ម៉ោង០៧ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ទង់ជាតិនៃប្រទេសកម្ពុជា នៅសឹងរាល់គ្រប់ស្ថាប័នរដ្ឋ ក្នុងទីក្រុងភ្នំពេញ នាពេលព្រឹកព្រលឹមស្រាងៗនេះ បានបង្ហូតមក ត្រឹមតែពាក់កណ្ដាលដង ជាសញ្ញានៃការកាន់មរណៈទុក្ខ។ ជាសញ្ញាគាវរកិច្ច របស់ប្រជាជាតិ បើទោះជាមិនទាន់មាន ការប្រកាសជាផ្លូវការ ពីការកាន់មរណទុក្ខក៏ដោយ។

      • ម៉ោង០៨ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ប្រភពពី អាសូស៊ីអេដ ប្រេស​ (Associated Press)៖ ព្រះបាទព្រះនរោត្ដម សីហនុ បានហែលឆ្លងកាត់ជីវិតរបស់ព្រះអង្គ ជាមួយនឹងរបបនយោបាយ នៃប្រទេសរបស់ព្រះអង្គ ជាងកន្លះសតវត្ស ដែលក្នុងនោះរួមមាន សង្គ្រាមរាំងជល់ ការប្រល័យ ពូជសាស្រ្ត និងការរន្ធត់ញាប់ញ័រជាច្រើនផ្សេងទៀត។

លោកខៀវ កញារឹទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអោយដឹងថា ព្រះអង្គបានសុង្គត ក្នុងមូលហេតុធម្មជាតិ (រោគា?) កាលពីថ្ងៃច័ន្ទ នៅទីក្រុងប៉េកាំង ជាទីកន្លែងដែលព្រះអង្គយ៉ាងទៅពិនិត្យព្រះសុខភាព ជាប្រចាំ។ លោក ខៀវ កញារឹទ្ធ បានបន្ថែមថា ចំណាត់ការដឹកព្រះសព យាងត្រឡប់មកមាតុប្រទេសវិញ បានត្រូវរៀបចំរួចហើយ ដើម្បីនឹងធ្វើបុណ្យសព ជាផ្លូវការនៅប្រទេសកម្ពុជា។

ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មកោរ ជាព្រះញាតិវង្សម្នាក់ ជិតស្ថិតនឹងព្រះអង្គនៅពេលទ្រង់មានព្រះជន្នាយុនោះ បានអះអាងថា អតីតព្រះមហាក្សត្រអង្គនេះ បានរងគ្រោះនឹងជំងឺ«ឡើងឈាម» នៅក្នុងមន្ទីពេទ្យចិន។ ព្រះអង្គម្ចាស់បានចាត់ទុកថា ជា«ការបាត់បង់ដ៏ធំមួយ» សំរាប់កម្ពុជា ហើយថាព្រះបាទនរោត្ដមសីហនុ បានបូជាជីវិតទាំងស្រុងរបស់ព្រះអង្គ ដើម្បីភាព​សុខក្សេមក្សាន្ដ របស់ប្រទេស និងប្រជាជនកម្ពុជា។

អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ជាក្សត្រដែលមានប្រជាប្រិយភាព ក្នុងចំណោមប្រជាជានកម្ពុជា ហើយត្រូវបាន​ចាត់ទុកជា«និមិត្តរូប»របស់ប្រជាជាតិ ជារៀងដរាបមក។

      • ម៉ោង០៩ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

សហគមន៍ខ្មែរនៅក្រៅប្រទេស ចាប់ផ្ដើម ចូលរួមមរណទុក្ខ ព្រះសពរបស់ អតីតព្រះមហាក្សត្រុ។ ជាបឋម ក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា មានទីតាំងនៅប្រទេស​ណ័រវេស បានចេញលិខិតរំលែកមរណទុក្ខមួយ ចំពោះការបាត់បង់«សម្ដេចតា»អង្គនេះ ចុះហត្ថលេខាដោយប្រធានលោក ម៉ែន ណាត។ ប៉ុន្ដែលិខិតចូលរួមរំលែកទុក្ខនេះ មិនបានភ្លេចពីឃ្លាឃ្លោងនិយាយ​រិះគន់ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការគាបសង្កត់ទៅលើក្រុមរបស់ខ្លួននោះទេ។

      • ម៉ោង០៩ម៉៣៨ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយឡើងវិញ និងកំពុងតែចាក់ផ្សាយ ពីខួប២០ឆ្នាំ នៃការយាងត្រឡប់មកវិញ របស់ព្រះអង្គ និងខួបព្រះជន្នាយុ៨៨ចូល៨៩ព្រះវស្សា ដែលជាខួបព្រះជន្នាយុលើកចុងក្រោយគេបង្អស់ ក្នុងឆ្នាំកន្លងទៅ។ សូមទស្សនា រូបភាពអនុស្សាវរីយ៍ចុងក្រោយរបស់ព្រះអង្គ។តាមបណ្ដាញអាំងធើណែត លោកអ្នកអាចចូលទៅកាន់ទំព័រនេះ ៖ mekongtv.net

      • ម៉ោង១០ម៉០០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ពិភពសិល្បខ្មែរ ចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំនេះ ចំពោះការបាត់បង់ដ៏ធំធេង។ តារាចម្រៀង សុគន្ធ នីសា បានសម្តែង​នូវអារម្មណ៍ក្រៀមក្រំរបស់ខ្លួន តាមរយះទំព័រហ្វេសប៊ុករបស់កញ្ញាថា «ក្នុងនាមនាងខ្ញុំជាសិល្បៈកា រិនី និងជាកុលធីតាខ្មែរ​មួយរូបមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមហាមរណទុក្ខនេះ»។ ទំព័ររបស់ក្រុមហ៊ុនហង្សមាស នៅលើហ្វេសប៊ុក ក៏បានបាញ់បង្ហោះពីរូបភាពចូលរួម មរណទុក្ខនេះដែរ។

      • ម៉ោង១០ម៉០៥ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

លោកកឹម គុណវឌ្ឍ នាយកទស្សន៍ជាតិកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែរព្រះករុណាព្រះមហាក្សត្រកម្ពុជា ចេញព្រះដំណើរពីភ្នំពេញនៅម៉ោង ០៩ម៉២៥នាទី ក្នុង«ព្រះដំណើរឆ្ពោះទៅកាន់់ទីក្រុងប៉េកាំង ដើម្បីដង្ហែរ ព្រះសព ព្រះករុណាព្រះបាទសម្តេចព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួត មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ»។

      • ម៉ោង១០ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

កិច្ចប្រជុំអន្តរក្រសួងមួយ បានកោះធ្វើឡើងនៅទីស្ដីការគណរដ្ឋមន្ត្រី ដើម្បីត្រៀមរៀបចំបុណ្យព្រះរាជសព នៅពេលត្រូវបាន យាងត្រឡប់ពីប្រទេសចិនមកវិញ។

      • ម៉ោង១១ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ទីក្រុងប៉េកាំង ខ្វាយខ្វល់ថាបានបាត់«មហាមិត្ត»ម្នាក់។

ប្រទេសចិន​ដែលតាំងពីប៉ុន្មានទស្សវត្សមកហើយ បានផ្ដល់ជំរកនយោបាយ និងផ្ដល់ការព្យាបាលជំងឺ អោយអតីត​ព្រះមហាក្សត្រកម្ពុជា នរោត្ដម សីហនុ បានសម្ដែងនូវការខ្វាយខ្វាល់របស់ខ្លួន ថាបានបាត់«មហាមិត្ត»ម្នាក់។ នេះជាការផ្សាយ​ចេញអោយដឹង នៅក្នុងសេចក្ដីប្រកាសមួយ របស់ក្រសួងការបរទេសចិន។ សេចក្ដីប្រកាសនោះបានបន្ដថា អ្នកទទួល​ខុសត្រូវជាន់ខ្ពស់របស់ប្រទេសចិន ទីប្រឹក្សារដ្ឋលោក ដៃ ប៊ីងហ្គូ (Dai Bingguo) រដ្ឋមន្ត្រីការបរទេសចិន យ៉ាង ជៀស្សី (Yang Jiechi) និងបណ្ដាអ្នកទទួលខុសត្រូវ របស់របបកុម្មុយនីសចិន ជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរ ទៅមន្ទីពេទ្យប៉េកាំង ទីកន្លែងដែល«សម្ដេចឪ» ទ្រង់សោយទីវង្គត ដើម្បីសំដែងនូវគាវរកិច្ចចុងក្រោយ។

      • ម៉ោង០២ម៉០០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

កាសែតបារាំង ឡឺប៉ុង (Le Point)៖ ចៃដន្យ !

កាលពីខែមករាកន្លងទៅ ព្រះវីរក្សត្រអង្គនេះ ធ្លាប់បានសរសេរថា ព្រះអង្គចង់អោយគេបូជា និងថាធាតុរបស់ព្រះអង្គ សុំអោយគេទុកក្នុងកោដមួយ តំកល់ក្នុងព្រះបុរមរាជវាំង នាទីក្រុងភ្នំពេញ។ ជារឿងចៃដន្យមួយ ដែលមរណភាពរបស់ ព្រះអង្គបាន កើតឡើងចំថ្ងៃចុងក្រោយនៃ ថ្ងៃបិណ្ឌទាំង១៥ ហើយគឺថ្ងៃភ្ជំបិណ្ឌនេះ ដែលប្រជាជនកម្ពុជាគ្រប់រូប កំពុង តែជួបជុំគ្រួសារ បងប្អូន ដើម្បីធ្វើបុណ្យឧទ្ទិសទៅដល់ បុព្វការីជន ជីដូនជីតា។

កាសែតបានស្រង់សំដីរបស់ អ្នកប្រវត្តិវិទូជនជាតិអូស្រ្តាលីម្នាក់ ថានឹងមាន«ការប្រារព្ធបុណ្យព្រះសព យ៉ាងធំមួយ នៅទីក្រុងភ្នំពេញ ហើយ រួមជាមួយ នឹងភាពសោកស្ដាយ រន្ធត់ និងក្រៀមក្រំ នៅក្នុងសមានចិត្តរបស់សារធារណជន​គ្រប់ៗរូប»។

កាសែតបានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងមិនមានបញ្ហាអស្ថិរភាពនយោបាយ ដែលអាចកើតចេញពីមរណភាពនេះទេ។ រាជានិយមរបស់ប្រទេសនេះ ដែលមិនមានអំណាចធំដុំប៉ុន្មាននោះ មិនដែលត្រូវបាននរណាម្នាក់ប្រឆាំងជំទាស់ឡើយ។ ម៉្យាងទៀត ប្រទេសទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រង កាន់កាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បុរសខ្លាំង​ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៨៥នោះមក ជាមួយនឹងការរិះគន់ថា លោកបានគ្របទាំងស្រុងទៅលើពួកអ្នកប្រឆាំង។

      • ម៉ោង០២ម៉២៥ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

លោកនាយករដ្ឋមន្រ្តី ហ៊ុនសែនបានសម្រេចលុបចោលគម្រោងទៅចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា វៀតណាម និងឡាវ (CLV) ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែតុលា។

មន្ត្រីរដ្ឋាភិបាលមួយរូប បានធ្លោយពត៌មានថា បន្ទាប់ពីបានទទួលដំណឹងអំពីការសោយទីវង្គតរបស់សម្តេចឪ ភ្លាមលោកហ៊ុនសែនបានចេញបញ្ជាអោយមានការលុបចោលកម្មវិធីមួយចំនួនដោយរួមទាំងគម្រោងចូលរួម កិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា ឡាវ និង វៀតណាមនៅថ្ងៃទី១៩ដល់ថ្ងៃទី២០ខែតុលាផង។ ខណៈនេះ លោកហ៊ុន សែន បានអបព្រះរាជដំណើររបស់ព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុន្នី ទៅទទួលព្រះរាជសព របស់សម្ដេចបីតាជាតិ ដោយមានវត្តមានព្រះសង្ឃនៅជាមួយ ចំនួន ៣អង្គផង។

      • ម៉ោង០២ម៉៣៥ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

ក្រៅពីកិច្ចការនយោបាយ អតីតព្រះមហាក្សត្រ ទ្រង់ក៏ជាអ្នកវប្បធម៌ អ្នកតែងកំណាព្យ សមិទ្ធិករភាពយន្ដតាមលក្ខណៈ របស់ព្រះអង្គ យ៉ាងចំណានមួយអង្គផងដែរ។

នៅឆ្នាំ១៩៧០ មុនព្រឹត្តិការណ៍រដ្ឋប្រហារដែលបានទំលាក់ព្រះអង្គចេញពីអំណាច ទ្រង់បានថតខ្សែរភាពយន្ដមួយ មាន ចំណងជើងជាភាសាបារាំងថា «Le crépuscule (រស្មីថ្ងៃលិច)»។ មជ្ឈមណ្ឌលឯកសារបារាំង បានរក្សានូវច្បាប់ចម្លងដើម មួយចំនួន ដែលយកចេញពីខ្សែរភាបយន្ដនេះ ដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមអញ្ជើញលោកអ្នកទស្សនា ដូចតទៅ៖

      • ម៉ោង០៣ម៉១០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

តាមរយះទំព័ររបស់ខ្លួន​ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតអាមេរិក បានសម្ដែងនូវសមានចិត្ត ចូលរួមរំលែកទុក្ខ ជាមួយប្រទេស និងប្រជាជនកម្ពុជា។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ទើបនឹងទទួលដំណឹងថា ព្រះបរមសពរបស់អតីតព្រះមហាក្សត្រ នឹងមកដល់រាជធានី ភ្នំពេញ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី ១៧ ខែ តុលា ខាងមុខ។

      • ម៉ោង០៧ម៉១០ ម៉ោងនៅភ្នំពេញ យប់ថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

គណប្រតិភូជាន់ខ្ពស់របស់ប្រទេសចិន ចូលជួបព្រះរាជអគ្គមហេសី«សម្ដេចម៉ែ» នៅទីក្រុងប៉េកាំង ដើម្បីចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ។ ប្រទេស​ជប៉ុន​វិញ ក៏បានចាត់​សម្តេច​សីហនុ​ជា​មិត្ត​ដ៏​សំខាន់​ម្នាក់​របស់​​ខ្លួនដែរ ។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក អូសាមូ ហ្វូជីមូរ៉ា (Osamu Fujimura) អគ្គ​លេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី ជប៉ុន​ បានថ្លែងថា ក្នុង​នាម​ឲ្យ​ប្រទេសជ​ប៉ុន ពលរដ្ឋ​និង​រដ្ឋាភិបាល​ជប៉ុន «ខ្ញុំ​សូម​ចូល​រួម​មរណៈទុក្ខ​ដោយ​ស្មោះ​អស់​ពី​ដួងចិត្ត​ ជាមួយ​ក្រុម​គ្រួសារ​សមាជិក​ទាំង​អស់​នៃ​អតីត​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហនុ​ដើម្បីជួយរំលែកសេចក្តី​ទុក្ខព្រួយនេះ»។ លោកបានសង្កត់ធ្ងន់ថា «បើ​សិន​​ជា​​ពុំ​មាន​វត្តមាន​ របស់​សម្តេច​នរោត្តម​សីហនុ​ទេនោះ​ អភិក្រម​សន្តិភាព​នៅ​កម្ពុជា​​ក៏​ពុំ​អាច​សម្រេច​ទៅ​បាន​ដែរ»។ អគ្គរដ្ឋទូត​ ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ក៏​បានចេញសេចក្ដីថ្លែងការណ៍ ចូល​រួម​រំលែក​ទុក្ខ​ដូចគ្នានេះ​ផង​ដែរ។

      • ម៉ោង២១ម៉១០ ម៉ោងនៅភ្នំពេញ យប់ថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

សារាចរណ៍ណែនាំ របស់រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយមកមុននេះបន្ដិច ស្ដីពីការចូលរួមកាន់ព្រះមរណទុក្ខ និងការ​គោរពវិញ្ញាណខ័ន ដល់ព្រះបុរមសពរបស់អតីតព្រះមហាក្សត្រនរោត្ដម សីហនុ។ ការកាន់ទុក្ខ នឹងត្រូវធ្វើជាលក្ខណៈជាតិ រយះពេល ៧ថ្ងៃដំបូង។ ព្រះបុរមសព ត្រូវទុកតំកល់ នៅក្នុងព្រះបរមរាជវាំង ដើម្បីទទួលការគោរពវិញ្ញាណខ័ន និងគាររកិច្ច ចុងក្រោយ ពីសាធារណជន ហើយនឹងត្រូវបូជា ក្នុងរយះពេល៣ខែខាងមុខ។ ទង់ជាតិនៅគ្រប់ស្ថាប័ន រដ្ឋឬឯកជន ត្រូវដាក់ បង្ហូតមកត្រឹម​ ១ភាគ៣ រាប់ពីលើ។ ហើយការសំសាន្ដសប្បាយផ្សេង ជាលក្ខណៈធំៗ នឹងត្រូវសុំអោយផ្អាកសិនដែរ។

------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី១៥តុលា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...