ជីវប្រវត្តិសង្ខេប នៃជីវិតនយោបាយ របស់ព្រះមហាក្សត្រ ដ៏អស្ចារ្យមួយអង្គ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: October 16, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារដ្ឋបុរសមួយរូបដ៏អស្ចារ្យ ប្រចាំសតវត្សទី២០យើងនេះ ដែលលោកនៅជាប់រវល់រហូត តែនៅក្នុងកិច្ចការប្រឈមមុខ យ៉ាងច្រើនសន្ធឹកសន្ធាប់។ អតីតអ្នកការទូតបារាំង និងជាអ្នកជំនាញប្រចាំភូមិភាគអាស៊ី បានផ្ដល់ងារថ្វាយព្រះអង្គថា ជា«មនុស្សចេះចាប់មិនងាយរបូត»។ ព្រះអង្គជាតួអង្គខុសប្លែកពីគេឯង គួរអោយភ្ញាក់ផ្អើល មានកាយវិការដ៏ចំលែក ជាមួយនឹងស្នាមញញឹម និងពាក្យសំដីដូចទឹកហូរ នៃសូរសម្លេងដ៏ស្រួយស្រេះ។ តែព្រះអង្គ បានសោយទីវង្គត ឃ្លាតចេញទៅឆ្ងាយលែងវិលត្រឡប់ កាលពីយប់ថ្ងៃអាទិត្យ ឆ្លងចូលមកព្រឹកថ្ងៃច័ន្ទទី១៥តុលាឆ្នាំ២០១២ នៅមន្ទីពេទ្យប៉េកាំង ប្រទេសចិន ទីកន្លែងដែលព្រះអង្គតែងតែ ធ្វើដំណើរទៅពិគ្រោះសុខភាពជាប្រចាំ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។
មានជីវិតស្របជាមួយនឹងប្រវត្តិសាស្ត្រ ព្រះវីរក្សត្រ ដែលជាសមិទ្ធិករភាពយន្ដផងដែរនេះ បានប្រើប្រាស់ ដៃទាំងទ្វេ និងស្នាមញញឹមរបស់ព្រះអង្គ ពេលខ្លះដើម្បីប្រយុទ្ធទល់ និងពេលខ្លះដើម្បីសហការជាមួយ នឹងដៃគូរនយោបាយ ទាំងសត្រូវ ទាំងមិត្ត នៅក្នុងសតវត្សទី២០កន្លងមក។ ព្រះអង្គធ្លាប់ជាមិត្តយ៉ាងជិតស្និតរបស់ ទីតូ - នេរុហ៍ - ម៉ៅ - គីម ជុង អ៊ីល - ណាស្សេ និង ឌឺហ្គោល ដែលអ្នកទាំងអស់នេះ ព្រះអង្គបានបង្ហាញ នូវមនោសញ្ចេតនាស្រឡាញ់យ៉ាងជ្រាលជ្រៅ។ តែព្រះអង្គគឺមនុស្សចុងក្រោយគេបង្អស់ ដែលបានលាចាកលោកនេះ ក្នុងចំណោមមិត្តៗទាំងប៉ុន្មានខាងលើ ហើយក៏ជា ការលាចាកចេញលែងវិលត្រឡប់ ដោយក្ដីស្ដាយស្រណោះ អាលោះអាល័យ ពីសំណាក់ប្រជារាស្រ្តខ្មែររាប់លាននាក់។
ទទួលឯករាជ្យ នៅថ្ងៃទី ៩ វិច្ឆិការ ឆ្នាំ ១៩៥៣
ព្រះអង្គប្រសូត នៅថ្ងៃទី៣១តុលា ឆ្នាំ១៩២២ នៅទីក្រុងភ្នំពេញ ហើយព្រះអង្គឡើងគ្រងវាជ្យបន្តពីជីតា របស់ព្រះអង្គ នៅឆ្នាំ១៩៤១។ ក្រោយសង្គ្រាមលោកលើកទីពីរ ព្រះអង្គបានទទួលឯករាជ្យ ក្នុងដំណាក់កាលដំបូង ពីកងទ័ពឈ្លានពានជប៉ុន តែឯករាជ្យភាពនេះ ស្ថិតនៅក្នុងអធិបតេយ្យរបស់ទឹកដីឥណ្ឌូចិន ដែលបារាំងជាអាណាព្យាបាលនៅឡើយ។ រហូតមកដល់ខែកុម្ភះឆ្នាំ១៩៥៣ ទើបព្រះអង្គបានបើកយុទ្ធនាការមួយ ឈ្មោះហៅថា «រាជបេសកកម្ម ដើម្បីឯករាជ្យ»។ នៅទីក្រុងប៉ារីស ព្រះអង្គបានបញ្ចេញជំហរកណ្ដាលនិយម យ៉ាងច្បាស់លាស់មួយ នៅចំពោះមុខប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយ៉ូល (Vincent Auriol)។
ជាមួយនឹងភាពឈ្មុសឈ្មុល យ៉ាងស្រួចស្រាវ ក្នុងការតស៊ូផ្នែកផ្លូវច្បាប់ ព្រះអង្គបានទទួលនៅទីបំផុត ឯករាជ្យ ពីបារាំង នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ ប៉ុន្ដែព្រះអង្គត្រូវរងចាំ កិច្ចប្រជុំមួយទៀតនៅហ្សឺណែវ ដើម្បីឯករាជ្យភាពនេះបានចូលជាស្ថាពរ មួយឆ្នាំក្រោយ មកអោយប្រទេសព្រះអង្គ។
ប្រមុខរដ្ឋ នៃរាជានិយមមួយ ដែលគ្មានស្ដេច
ប្រឈមមុខជាមួយនឹងក្រុមអ្នកនយោបាយនិយមស្ដាំ និងឆ្វេង ដែលចេះតែចង់ទាញប្រទេសកម្ពុជា អោយផ្អៀងទៅម្ខាងៗ នៅក្នុងសម័យកាលនោះ ព្រះអង្គបានសម្រេចដាក់រាជ្យនៅខែមិនា ឆ្នាំ១៩៥៥ ហើយប្រគល់រាជ្យសម្បត្តិនេះ ថ្វាយទៅអោយឪពុក របស់ព្រះអង្គ គឺព្រះបាទសុរាមរិត ដើម្បីព្រះអង្គចុះមកធ្វើនយោបាយផ្ទាល់ព្រះអង្គ ជាអ្វីដែលមានឈ្មោះថា «រាជបេសកកម្មបង្រួបបង្រួមជាតិ»។ នៅក្រោយពេល ព្រះបាទសុរាមរិត ទ្រង់បានសោយទីវង្គត នៅឆ្នាំ១៩៦០នោះ ទ្រង់នរោត្ដម សីហនុ ព្រះអង្គបានត្រឡប់ឡើងមកធ្វើជា ប្រមុខរដ្ឋជាថ្មីឡើងវិញ។ ជាប្រមុខរដ្ឋផង ជាអ្នកនយោបាយផង ព្រះអង្គមិនមែនជាព្រះរាជាទេ ហើយទ្រង់នៅរក្សាងាររបស់ទ្រង់ ត្រឹមតែជា «ព្រះអង្គម្ចាស់»ប៉ុណ្ណោះ។ អ្នកផងបានហៅ ស្ថានភាពរបស់ទ្រង់នៅពេលនោះ ថាជា«ប្រមុខរដ្ឋ នៃរាជានិយមមួយដែលគ្មានស្ដេច»។ ប៉ុន្ដែព្រះអង្គបានដឹកនាំប្រទេស ឈានទៅរកទំនើបកម្មមួយ ក្រោមមាគ៌ាផ្ទាល់ព្រះអង្គមួយ មានលក្ខណៈ «សង្គមនិយម-ព្រះពុទ្ធសាសនា-រាជនិយមខ្មែរ» ឬនិយាយជាសម្រាយ «សង្គមរាស្ត្រនិយម (Sangkum Reastr Niyum)» ដែលជាចលនាមួយ មានប្រជាប្រិយភាពខ្លាំង ពីសំណាក់ប្រជាជនគ្រប់ស្រទាប់។
ព្រះអង្គម្ចាស់ព្រះប្រមុខរដ្ឋ ដែលប្រជាជនខ្មែរគ្រប់គ្នា ដាក់ឈ្មោះអោយព្រះអង្គមួយទៀត គឺ«សម្ដេចឪ (Samdech-Euv, Monseigneur Papa)»។ នៅក្រោមការដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាបានរស់នៅក្នុងសុខសន្ដិភាព ដោយហេតុថា ក្នុងតំបន់អាស៊ីអាគ្នេយ៏ក្នុងពេលនោះ បានរងគ្រោះយ៉ាងខ្លាំង នឹងនយោបាយសង្គ្រាមត្រជាក់ រវាងក្រុមប្រទេសលោកខាងលិច និងក្រុមប្រទេសកុម្មុយនីស។ អ្នកផងបានចាត់ទុកប្រទេសកម្ពុជាជា «កោះសន្ដិភាព» ទាំងនយោបាយក្នុង និងក្រៅប្រទេស ទាំងស្ថានភាពសេដ្ឋកិច្ច ដែលល្អប្រសើរជាងពេលណាៗទាំងអស់។
នាដករ នៃព្រះរាជាណាចក្រ
ដើម្បីបម្រើអោយនយោបាយរបស់ទ្រង់ ព្រះអង្គបានសំរេចជារូបរាង នូវសមិទ្ធិផលភាពយន្ដជាច្រើន ក្នុងនោះព្រះអង្គ ជាតួសំដែងផង ជាអ្នកនិពន្ធ ជាផលិតករ និងជាសមិទ្ធិករផង។ ចំរៀង និងភាពយន្ដ ដែលជាស្នាព្រះហស្ថទាំងនេះ ត្រូវ បានគេចាក់ផ្សាយឡើងវិញជារឿយៗ ក្នុងកម្មវិធីទូរទស្សន៍ និងវិទ្យុ។ ប៉ុន្ដែស្នាព្រះហស្ថខ្លះ គេបានមើលដឹងថា ជាការ ឆ្លើយតបដោយប្រយោល ទល់នឹងការជ្រៀតជ្រែកពីបរទេស ក្នុងនយោបាយ បង្រួបបង្រួមជាតិរបស់ទ្រង់។ ស្នាព្រះហស្ថ ខ្លះទៀត ក៏បានផលិតឡើង ទន្ទឹមនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងពេលនោះដែរ ដូចយ៉ាងភាពយន្ដនយោបាយ «ស្រមោលអង្គរ»ជាដើម ដែលបាននិយាយពី ការប្រទាញប្រទង់របៀបការទូត របស់បរទេស ដែលតែងតែអួត ខ្លួនថា ជាមិត្តរបស់កម្ពុជា។ ភាពយន្តនេះ មានតួឯកស្រី ជាព្រះមហេសីទី៦របស់ទ្រង់ ឈ្មោះថា មូនីក ដែលមកទល់នឹងសព្វថ្ងៃ ក្លាយជា«សម្ដេចម៉ែ» នៃព្រះរាជណាចក្រ។
ទម្លាក់ចេញពីអំណាច នៅខែមិនា ឆ្នាំ១៩៧០
អ្នកផងទាំងឡាយបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាព្រឹត្តិការណ៍ដ៏ជូចត់របស់រាជាណាចក្រ ហើយក៏ជាពេលចាប់ផ្ដើមមួយ ដែលបានរុញច្រានប្រទេសកម្ពុជា អោយធ្លាក់ទៅក្នុងសង្គ្រាមរាំងជល់រហូតមកដែរ។
ដោយរីករាយនឹងវៀតណាមខាងជើង ដែលមិនគាំទ្រខ្មែរក្រហមនាពេលនោះ ព្រះអង្គទ្រង់បានអនុញ្ញាតិអោយទាហ៊ាន វៀតកុងរបស់វៀតណាមខាងជើង ចូលមកបោះទីតាំងយ៉ាងសម្ងាត់ ក្នុងផ្នែកខាងកើតនៃប្រទេសកម្ពុជា។ ព្រះអង្គបាន បដិសេធ ក្រោយមកទៀត នូវជំនួយរបស់សហរដ្ឋអាមេរិក ដោយបានតបតរវិញយ៉ាងខ្លាំងក្លា ជារូបភាពកុបកម្មបំផ្លាញ ស្ថានទូតអាមេរិកមួយ កាលពេលនោះ។ ហើយទាំងអស់នេះហើយ ដែលក្រុមអ្នកនយោបាយស្ដាំនិយម ជាពិសេសក្រុម ឧត្ដមសេនីយយោធា ដែលធ្លាប់ជិតដិតនឹងព្រះអង្គ បានងាកមកចំអកដាក់ព្រះអង្គ ទល់នឹងការប្រកាន់ជំហរបែបនេះ។
នៅថ្ងៃទី១៨មិនាឆ្នាំ១៩៧០ ព្រះអង្គត្រូវបានឧត្តមសេនីយ៍លន់ ណុល ធ្វើរដ្ឋប្រហាបណ្ដេញចេញពីអំណាច ហើយដាក់មក ជំនួសវិញ នូវរបបសារធារណរដ្ឋមួយស្និតនឹងអាមេរិក។ ព្រះអង្គបានភៀសខ្លួន មករស់នៅក្នុងទីក្រុងប៉េកាំង ទីកន្លែងដែល ព្រះអង្គទទួលបានការគាំទ្រ ហើយបានចាប់ផ្ដើមរៀបចំសម្ព័នភាពតស៊ូមួយ ជាមួយពួកកុម្មុយនីសខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត និងខៀវ សំផន។ នៅពេលខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញ នាថ្ងៃទី១៦មេសាឆ្នាំ ១៩៧៥ ព្រះអង្គបាន ក្លាយជាថ្មីឡើងវិញ ប្រមុខរដ្ឋ។ តែព្រះអង្គបានលាលែងពីតំណែងនេះ មុននឹងគេបានដាក់ព្រះអង្គ នៅក្នុងរាជដំណាក់ ដែលទទួលការឃ្លាំមើលជាប់រហូត។
ព្រះអង្គបានភៀសព្រះកាយជាថ្មីទៀត ទៅកាន់ទីក្រុងប៉េកាំង នៅឆ្នាំ១៩៧៩ ខណៈកងទ័ពរបស់ប្រទេសវៀតណាមបាន វាយ«ឈ្លានពាន» ចូលកាន់កាប់ប្រទេសកម្ពុជា ក្រោមផ្លាកជា«អ្នករំដោះ» ប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍។ ក្នុងបរិបទនយោបាយថ្មីនេះ ព្រះអង្គបានរៀបចំចលនាតស៊ូមួយ ដែលក្រោយមក បានបង្រួបបង្រួមចលនាតស៊ូដទៃទៀត មានទាំងក្រុមខ្មែរក្រហមផង ដើម្បីបង្កើតជារដ្ឋាភិបាលស្រមោលមួយ ប្រឆាំងនឹងនឹមត្រួតត្រា របស់វៀតណាម។ បន្ទាប់ពី ឆ្លងកាត់នូវការចរចារ និងមានការគាបសង្កត់ជាច្រើន ពីសំណាក់អន្ដរជាតិផង ទីក្រុងហាណូយ ក្នុងឆ្នាំ ១៩៨៩ បានសំរេច ដកទ័ពរបស់ខ្លួន ថយចេញពីប្រទេសកម្ពុជា។
ឡើងគ្រងរាជ្យសម្បត្តិវិញ ពីឆ្នាំ១៩៩៣មកដល់ឆ្នាំ២០០៤
នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣តុលាឆ្នាំ១៩៩១ ព្រះអង្គបានយាងចូលមកមកក្នុងប្រទេសវិញ ជាមួយនឹង ជំនួយពីអង្គការសហប្រជាជាតិ ក្នុងការរៀបចំអោយមានរដ្ឋធម្មនុញ្ញថ្មីមួយឡើង និងរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ ព្រះបាទនរោត្ដម សីហនុ ទ្រង់បានសម្រេចសារជាថ្មីទៀត នូវការបង្រួបបង្រួម ក្រុមអ្នកនយោបាយ ដែលប្រឆាំង និងគាំទ្រ វៀតណាម ហើយទ្រង់បានឡើងគ្រងរាជ្យជាលើកទីពីរ នៅថ្ងៃទី២៤សីហាឆ្នាំ១៩៩៣។
ក្នុងអំឡុងពេលក្រោយមកទៀត មានហេតុការណ៍នយោបាយជាច្រើនផ្សេងទៀតបានកើតឡើង ដែលប្រជារាស្រ្តខ្មែរ មានទទូចសុំអោយព្រះអង្គចូលធ្វើអន្តរាគមន៍ តែព្រះកាយពល និងព្រះរាជសុខភាព មិនអនុញ្ញាតិអោយព្រះអង្គធ្វើអ្វី បានទៀតទេ។ បុត្ររបស់ព្រះអង្គ ជាអ្នកនយោបាយមួយអង្គដែរ គឺព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ ធ្លាប់មានបន្ទូលថា «សម្ដេចនរោត្ដម សីហនុ ជាឪពុកដ៏ល្អសំរាប់ប្រជារាស្រ្តខ្មែរ តែព្រះអង្គមិនមែនជាឪពុកដ៏ល្អ សំរាប់កូនរបស់ព្រះអង្គទេ។» ដោយហេតុតែមកពី ព្រះរាជាទ្រង់បានឈប់ «គាំទ្រ» ផ្នែកនយោបាយទៅអោយ ព្រះរាជបុត្រអង្គនេះបន្ដទៅទៀត។
ដោយអស់ព្រះកាយពល ក្នុងការកាន់ព្រះរាជសម្បត្តិ ព្រះអង្គបានសម្រេចព្រះទ័យ ប្រគល់ព្រះរាជាណាចក្រទីពីរនេះ ទៅ អោយព្រះរាជបុត្រមួយអង្គទៀត ព្រះនាម នរោត្ដម សីហមុន្នី អោយឡើងគ្រងរាជ្យសម្បត្តិបន្ត ក្នុងឆ្នាំ២០០៤ ហើយព្រះអង្គ បានចំណាយពេលចុងក្រោយ នៃជីវិតរបស់ទ្រង់ សរសេរតែអត្ថបទ ឬជាព្រឹត្តិប័ត្របន្តិចបន្តួច ដើម្បីគ្រាន់នឹងផ្សាយ តាមបណ្ដាញគេហទំព័ររបស់ព្រះអង្គតែប៉ុណ្ណោះ។ ពេលខ្លះព្រះអង្គមានប្រតិកម្មឆ្លើយតប ទល់នឹងការចោទប្រកាន់នានាដែរ តែមិនមានលក្ខណៈអ្វីធំដុំនោះទេ។ ការបកស្រាយពីអ្វីដែលព្រះអង្គធ្វើនោះ គឺមានបំណងតែម៉្យាង៖ ថែរក្សា«ឯកភាពជាតិ» និង«ឯករាជ្យភាព» នៃព្រះរាជាណាចក្រដ៏តូចមួយនេះ របស់ព្រះអង្គ៕
------------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី១៥តុលា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ។