អតីត​គណបក្ស កែម ឡី ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

បន្ទាប់ពីត្រូវបានក្រសួងប្រកាសទទួលស្គាល់ និងចុះក្នុងបញ្ជីគណបក្ស របស់ក្រសួងរួច គណបក្សខ្មែរតែមួយ ដែលអះអាងមុននេះ ថាជាគណបក្សកែមឡី បានសរសេរសំបុត្រមួយ ផ្ញើរទៅមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដើម្បីប្រកាសពីការគាំទ្ររបស់គណបក្សនេះ ដល់ចលនាសង្គ្រោះជាតិ។
អតីត​គណបក្ស កែម ឡី ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ
ពីឆ្វេងទៅស្ដាំ៖ លោក គុជ ឡី អនុប្រធានគណបក្សខ្មែរតែមួយ និងលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 28, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងលិខិតមួយច្បាប់ របស់គណបក្សខ្មែរតែមួយ ចុះហត្ថលេខាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដោយលោក គុជ លី អនុប្រធានគណបក្ស និងជាអ្នកនាំពាក្យគណបក្ស បានសរសេប្រកាសគាំទ្រ និងចូលរួមធ្វើសកម្មភាព ជាមួយចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី។ លិខិតនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសទទួលស្គាល់ និងចុះក្នុងបញ្ជីជាផ្លូវការ ពីការសុំបង្កើតគណបក្សខ្មែរតែមួយ ដែលមុននេះចង់ដាក់ឈ្មោះ គណបក្សកែមឡី។ 

លិខិតរបស់គណបក្សខ្មែរតែមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបានដែរនោះ បានសរសេរថា៖ «ដើម្បី​ផល​ប្រយោជន៍​ជាតិ​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ ខ្ញុំ​ គុជ លី តំណាង​ឲ្យ​ គណបក្ស​ខ្មែរ​តែ​មួយ ​សូម​ប្រកាស​គាំទ្រ​ និង​ចូល​រួម​ធ្វើ​សកម្ម[ភាព]​ ​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​ប្រធាន ​សម រង្ស៊ី»។ 

លិខិតបានអំពាវនាវ ទៅអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ឲ្យចូលរួមជាមួយគណបក្សខ្មែរតែមួយ ដើម្បីធ្វើបេសកកម្មរួម ជាមួយចលនាសង្គ្រោះជាតិ ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយ រវាងខ្មែរនិងខ្មែរ ក្នុងនោះមានការផ្ដល់សេរីភាពឡើងវិញ ឲ្យលោក សម រង្ស៊ី - លោក កឹម សុខា - លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាដៃគូអាជីព ជាមួយលោក គុជ លី ក្នុងកាសែតខ្មែរប៉ុស្ដិ៍ និងឲ្យអ្នកទោេសមនសិការទាំងអស់។

ចលនាសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើង ជាផ្លូវការ កាលពីចុងខែមករា នៅសហរដ្ឋអាមេរិក មិនទទួលបានភាពស្របច្បាប់ ពីរដ្ឋាភិបាលកម្ពុជានោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត បានថ្លែងជាច្រើនដង ចាត់ទុកចលនាមួយនេះ ថាជាចលនាឧទ្ទាម ដែលមានបំណងចង់បង្កើត ឲ្យមានអស្ថេរភាព នៅកម្ពុជា។

ស្នងការនគរបាលរាជធានី លោក ជួន សុវណ្ណ បានប្រកាសកាលពីម្សិលម៉ិញ បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច នៅគ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវធ្វើការឃ្លាំមើល ព្រមទាំងទប់ស្កាត់ឲ្យបាន នូវបដិវត្តន៍ពណ៌ ឬចលនាណាក៏ដោយ ដែល«ក្រុមគណបក្សប្រឆាំង»ចង់ធ្វើឡើង ដើម្បីបង្ក«អសន្តិសុខសង្គម»។

នៅ​ក្នុង​លិខិត​ប្រកាស ​​ស្តី​ពី​ការ​ចុះ​ឈ្មោះ​គណបក្ស ខ្មែរតែមួយ នៅក្នុង​បញ្ជី​គណបក្ស​នយោបាយ របស់ក្រសួងមហាផ្ទៃ ដែលចុះ​ហត្ថលេខា​ដោយ​ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​សរសេរបង្គាប់ ឲ្យ​គណបក្ស​ថ្មីមួយនេះ «ត្រូវ​ធ្វើ​សកម្មភាព​ ស្រប​ទៅ​តាម​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ​ លិខិត​បទដ្ឋាន​គតិ​យុត្តិនានា​ ជាធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស ​ដែល​បាន​តម្កល់​ទុក​ នៅ​ក្រសួង​មហា​ផ្ទៃ»។

នៅចំពោះការប្រកាសជាផ្លូវការ គាំទ្រចលនាសង្គ្រោះជាតិ ពីសំណាក់គណបក្សថ្មីថ្មោងមួយនេះ ត្រូវបានលោក គុជ លី ថ្លែងការពារខ្លួនថា ធ្វើឡើងដើម្បីចង់ឲ្យមាន «ការរួបរួមជាតិ» ប៉ុណ្ណោះ។ នេះ បើតាមការអះអាងមួយ របស់អនុប្រធានគណបក្សខាងលើ ប្រាប់ទៅសារព័ត៌មានភ្នំពេញប៉ុស្ដិ៍៕ 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...