វិធីសាស្ត្រសម្រួចគោលជំហរ ប្រាជ្ញាលោកអ្នក ឲ្យកាន់តែភ្លឺថ្លា
មនុស្សគ្រប់រូបក្នុងពិភពលោក សុទ្ធតែបានដឹងច្បាស់ថា ប្រាជ្ញាភ្លឺថ្លា គឺជាគ្រឿងលម្អចាំបាច់ណាស់ សម្រាប់ជីវិត។ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺថា តើគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យប្រាជ្ញារបស់យើង កាន់តែភ្លឺថ្លាជាងមុន? តើយើងត្រូវត្រូវទទួលគតិបណ្ឌិត (ឧត្តមគតិ) បែបណា ទើបល្អ និងអាចទទួលបានជោគជ័យ នៅក្នុងគ្រប់ស្ថានភាពទាំងអស់? ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមលើកយកជ្រុងមួយ នៃទស្សនៈដែលអាចដុះខាត់ខួរក្បាលរបស់យើង ឲ្យកាន់តែមានប្រាជ្ញាភ្លឺថ្លាឡើង។
តាមឯកសារស្រាវជ្រាវ រួមផ្សំនឹងបទពិសោធន៍ក្នុងជីវិតផង យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា មានវិធីសាស្ត្រ ជាច្រើនយ៉ាង និងជាច្រើនប្រភេទខុសៗគ្នា ប្រសិនបើគេចង់ជួយឲ្យមនុស្សម្នាក់ៗ មានប្រាជ្ញាកាន់តែភ្លឺថ្លាជាងមុន។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកវិធីសាស្ត្រសង្ខេប ចំនួនតែ ១០ ប៉ុណ្ណោះ ដែលវិធីសាស្ត្រទាំងនេះ នឹងអាចជួយឲ្យលោកអ្នក ក្លាយជាបុគ្គលដែលមានសមត្ថភាព ដែលអាចធ្វើការវិនិច្ឆ័យ និងសម្រេចចិត្តបានត្រឹមត្រូវ ឆ្លងតាមរយៈអ្វីដែលជាចំណេះដឹង ការយល់ឃើញ និងសមិទ្ធិផលរបស់លោកអ្នក។
១. អានសៀវភៅទាំងឡាយដែលនាំទៅរកគតិបណ្ឌិត៖ ប្រសិនបើលោកអ្នក ប្រាកដជាចង់ក្លាយមនុស្ស ដែលមានប្រាជ្ញាភ្លឺថ្លាមែននោះ លោកអ្នកគួរតែឈប់ ឬយ៉ាងហោចណាស់គួរកាត់បន្ថយអោយនៅតិចបំផុត ការអានស្នាដៃតែងនិពន្ធទាំងឡាយណា ដែលមានពាក្យពេចន៍ សរសេរ ឬនិយាយស្តីស្តាប់មិនបាន។ ជាជំនួស លោកអ្នកត្រូវបង្កើនភាពវៃឆ្លាតរបស់ខ្លួនលោកអ្នក ទៅលើការស្រាវជ្រាវ និងការអាន ឬស្ដាប់ពាក្យពេចន៍ទាំងឡាយណា ដែលនាំទៅដល់ភាព សម្បូរបែបខាងឧត្តមគតិ ។ លោកអ្នកអាចចាប់ផ្តើមអាន ស្នាដៃសៀវភៅបោះពុម្ពផ្សាយ ដូចយ៉ាង សៀវភៅប្រវត្តិសាស្ត្រនៃមនុស្សជាតិ ឬស្នាដៃទាំងឡាយណា ដែលមានពាក្យពេចន៍សរសេរ និងនិយាយស្ដីចេញមក មានលក្ខណៈសមរម្យ វិជ្ជមាន ស្របតាមបែបវិទ្យាសាស្ត្រ និងគោលសីលធម៌របស់មនុស្សជាតិ។
២. ត្រងត្រាប់ស្តាប់សំដីមនុស្សឆ្លាតវៃទាំងឡាយ៖ លោកអ្នកប្រាកដជាបានជ្រាបថា មនុស្សឆ្លាតនឹងនិយាយ បកស្រាយបំភ្លឺ ពាក្យទាំងឡាយ ដើម្បីអប់រំទៅដល់អ្នកស្តាប់របស់ខ្លួន។ ដូច្នេះ សូមលោកអ្នកធ្វើឲ្យការស្តាប់នោះ ក្លាយជាទម្លាប់តាមបែបនេះ និងព្យាយាមស្តាប់ជានិច្ចដល់មនុស្សទាំងឡាយ ដែលបន្លឺសម្លេងនូវពាក្យពេជ្រ ដែលនាំ ទៅរកភាពត្រចេះត្រចង់ នៅក្នុងជីវិតរបស់លោកអ្នក។
៣. រៀនសូត្រ ពីបទពិសោធន៍កន្លងមករបស់លោកអ្នក៖ នៅក្នុងពាក្យពេចន៍ផ្សេងៗទៀត សូមលោកអ្នករៀនសូត្រ ពីមេរៀនជាក់ស្តែងចេញពី ញើសឈាម ទឹកភ្នែក និងការឈឺចាប់របស់លោកអ្នក ។ តើលោកអ្នក ចង់ទទួលបានមេរៀន ឈឺចាប់ ឬមេរៀនបរាជ័យទាំងនោះឬយ៉ាងណា? បើលោកអ្នក មិនចង់ទទួលបាន នូវការឈឺចាប់ ឬការបរាជ័យទាំងនោះ ឡើងវិញទេ សូមលោកអ្នកខិតខំសិក្សា ពីអ្វីៗដែលបានកើតកន្លងមកទាំងនោះ ។
៤. ហាត់រៀនឆ្លុះបញ្ចាំងពីខ្លួនលោកអ្នក៖ មនុស្សដែលប្រកបដោយឧត្តមគតិ តែងមានចម្លើយយ៉ាងច្បាស់លាស់ ទៅនឹងសំនួរដែលសួរថា «តើខ្ញុំជានរណា?» ឬសំនួរ « តើជីវិតមានអត្ថន័យយ៉ាងដូចម្តេច?» និង «តើគោលបំណងរបស់ខ្ញុំ ដែលបានកើតមក នៅលើភពផែនដីនេះមានអ្វីខ្លះ?»។ ដើម្បីទទួលបាននូវចម្លើយតបនឹង សំនួរដ៏ស្មុគ្រស្មាញទាំងនេះបាន លោកអ្នកចាំបាច់ត្រូវតែមានភាពនឹងនរ ខាងផ្លូវចិត្ត (ផ្លូវអារម្មណ៍)។ លោកអ្នកត្រូវតែសិក្សាពីរឿងអស់ទាំងនេះ ដែលប្រៀបបាននឹងវត្ថុអរូបិយ ហើយតែងតែកើតមាននៅក្នុងខ្លួនរបស់លោកអ្នក អោយបានច្បាស់។
៥. បង្កើតឲ្យមានគោលសីលធម៌៖ ឆ្លងតាមរយៈប្រភពចំណេះដឹង និងការទទួលស្គាល់ទាំងឡាយ ដែលលោកអ្នកបាន ទាញយកផល តាមរយៈការធ្វើតាមជំហានទីមួយដល់ទីបួនខាងលើ លោកអ្នកត្រូវបង្កើត នូវគោលការណ៍និងទ្រឹស្តី ផ្ទាល់ខ្លួន ដែលមានលក្ខណៈបែបតក្កវិជ្ជា (សមហេតុសមផល លក្ខណៈវិទ្យាសាស្ត្រ)។ ជាឧទាហរណ៍៖ តើភាពស្មោះត្រង់ ពិតជា គោលការណ៍ដ៏ល្អបំផុតជាងគេមែនទេ? តើសុចរិតភាព ពិតជាផ្តល់ឲ្យលោកអ្នកមានសុវត្ថិភាពមែនទេ? លោកអ្នក គួរតែធ្វើសេចក្តីសន្និដ្ឋាន លើការសិក្សាកន្លងមក ដែលលោកអ្នកធ្លាប់បានឆ្លងកាត់ ។
៦. សម្រួចគោលសីលធម៌ទាំងនោះឲ្យបានកាន់តែល្អប្រសើរ៖ បន្ទាប់ពីការបង្កើតគោលសីលធម៌ (បទវិន័យ) ទាំងឡាយរបស់លោកអ្នករួចហើយ លោកអ្នកគួរតែកែលម្អគោលការណ៍ទាំងនោះ តាមរយៈការធ្វើឲ្យគោលសីលធម៌ ទាំងអស់នោះ កាន់តែល្អជាងមុន ហើយសូមលោកអ្នកត្រងយកតែអ្វី ដែលជាចំណុចល្អបានហើយ សម្រាប់ចំណុចណា ដែលមិនល្អ គឺលោកអ្នកត្រូវតែបោះបង់ចំណុចមិនល្អទាំងនោះចោល ។
៧. ផ្តល់តម្លៃដល់គោលសីលធម៌ទាំងនោះ៖ គោលសីលធម៌ទាំងឡាយ គឺជាគតិបណ្ឌិត ដែលនាំទៅដល់ការស្តាប់ឮ និងឈានទៅដល់ការនិយាយ។ ទោះជាយ៉ាងនេះក្តី គោលសីលធម៌ទាំងនោះ អាចនឹងក្លាយជាអសារឥតការ ប្រសិនបើ លោកអ្នក មិនឲ្យតម្លៃទៅលើវា។ ដូច្នេះលោកអ្នកចាំបាច់ ត្រូវតែផ្តល់សារសំខាន់ដល់គោលការណ៍ទាំងនោះ ឲ្យដូចជា លោកអ្នកត្រូវការខ្យល់ដកដង្ហើម សម្រាប់ជីវិតលោកអ្នកដែរ ។
៨. អនុវត្តគោលសីលធម៌ទាំងឡាយដែលលោកអ្នកបានឲ្យតម្លៃមកហើយ៖ គោលសីលធម៌ដែលមានតម្លៃទាំងឡាយរបស់លោកអ្នក គួរតែត្រូវដឹកនាំលោកអ្នក ឈានទៅដល់ការអនុវត្ត។ អាស្រ័យ ហេតុនេះ គោលសីលធម៌ទាំងអស់គឺ មិនគ្រាន់តែបង្ហាញឲ្យឃើញ តែនៅក្នុងគំនិតឬបេះដូងប៉ុណ្ណោះទេ តែវាក៏ត្រូវបាន បង្ហាញឲ្យឃើញ តាមរយៈការប្រើប្រាស់ហត្ថាទាំងពីររបស់លោកអ្នក ដើម្បីអនុវត្តគ្រប់គោលសីលធម៌ ដែលលោកអ្នក អាចមាន ។
៩. គាំទ្រនូវផ្លែផ្កាល្អៗទាំងឡាយ៖ មនុស្សដែលឈ្លាសវៃ គឺមិនត្រឹមតែត្រូវបានគេស្គាល់ ពីគោលការណ៍គ្រឹះដែលគាត់ និយាយ ឬ លះបង់ចោលនោះទេ ប៉ុន្តែគាត់គឺ ជាមនុស្សដែលពោរពេញ ដោយការសម្រេចចិត្តល្អ តាមរយៈហេតុបច្ច័យនៃសកម្មភាពរបស់គាត់ ។ មានមនុស្សជាច្រើនដែលបានហៅខ្លួនឯងថាឆ្លាតវៃ ប៉ុន្តែ ជាប់ដាមទៅដោយ ភាពកំណាចឃោរឃៅ ។ សូមលោកអ្នក ធ្វើខ្លួនឲ្យក្លាយជាមនុស្សម្នាក់ ដែលស្ទុះស្ទារខ្លាំង និងពោរពេញទៅដោយ ការអង្កេត។
១០. ចូលរួមចែករំលែកនូវគោលសីលធម៌ដល់មនុស្សផងគ្នា៖ ភាពភ្លឺថ្លានៃប្រាជ្ញា គឺមានសភាពដូចជាអណ្តាតភ្លើង អញ្ចឹង ។ វាអាចត្រូវបានគេអុជបំភ្លឺបន្តគ្នា ចេញពីភ្លើងទៀនមួយ ទៅភ្លើងទៀនដទៃច្រើនទៀត ។ មនុស្សដែលមានភាព ភ្លឺថ្លាខាងប្រាជ្ញា ជាទូទៅគឺជាគ្រូដ៏ឆ្លាតវៃម្នាក់។ ហេតុដូច្នេះ ប្រសិនបើលោកអ្នកចង់ក្លាយជាអ្នកអ្នកឆ្លាតវៃខាងប្រាជ្ញា លោកអ្នកអាចធានាអះអាងដោយខ្លួនឯងថា លោកអ្នកអាចផលិតបានមនុស្សឆ្លាតច្រើនបន្ថែមផងដែរ៕
--------------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ២៧ កញ្ញា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ពាក្យគន្លឹះ
1. ឧត្តមគតិ/ប្រាជ្ញាភ្លឺថ្លា/ប្រាជ្ញា/គតិបណ្ឌិត Wisdom the ability to use your knowledge and experience to make good decisions and judgments
2. សុច្ចរិតភាព Integrity APPROVING the quality of being honest and having strong moral principles that you refuse to change
3. ភាពស្មោះត្រង់ honest telling the truth or able to be trusted and not likely to steal, cheat or lie