គ្រោះថ្នាក់ដ៏រន្ធត់៖ ស្លាប់១របួសធ្ងន់២ ឯអ្នកបើកឡានគេចខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 16, 2015
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សឹងតែជាក្លាយជាវប្បធម៌មួយ ដែលអ្នកប្រើប្រាស់ទ្រូងថ្នល់ទូទៅ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រួច បានរត់ចោលកន្លែងកើតហេតុ ជាពិសេសនៅពេលដែលដឹងថា ភាគីម្ខាងទៀត បានរងគ្រោះធ្ងន់ធ្ងរ។ តើលទ្ធផលចុងក្រោយជាអ្វី? លទ្ធផលនៃការទទួលខុសត្រូវ នឹងធ្លាក់មកលើ អ្នកប្រើប្រាស់ទ្រូវផ្លូវ ដែលរត់ចោល កន្លែងកើតហេតុនោះដដែល ដោយត្រូវចាត់ទុក មិនត្រឹមតែបានបំពាន ច្បាប់ចរាចរណ៍ជាធរមាននោះទេ តែថែមទាំងជាទង្វើអសីលធម៌ គ្មានមនុស្សធម៌។
នេះជាហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រហូតមានមនុស្សស្លាប់ ដ៏អាណោចអធមមួយទៀត ដែលបានកើតឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១៦ និង៣០នាទី នៅលើផ្លូវលេខ ១២៩ ស្ថិតក្នុងភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូ ២គ្រឿង ដែលបើកបរ ក្នុងទិសដៅបញ្ច្រាស់គ្នា។
បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកសំរោង បានឲ្យដឹងថា រថយន្តម៉ាក កូរ៉េ ពណ៌ ស មិនស្គាល់ផ្លាកលេខ មានអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ តែបុរសរូបនោះបានគេចខ្លូនបាត់ បន្ទាប់ពីកើតហេតុ។ បុរសនោះបើកបរ ពីលិចទៅកើត រហូតមកដល់ ចំណុចខាងលើ បានបុកពេញទំហឹង ជាមួយម៉ូតូ០២គ្រឿង ដែលបើកមកពីទិសផ្ទុយគ្នា បណ្តាលឲ្យភាគីរងគ្រោះស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ម៉ូតូរបស់ជនរងគ្រោះធុន ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ សេរី២០១០ ពាក់ផ្លាកលេខ ក្រុង ព្រះសីហនុ1A-3524 បើកបរដោយបុរសរងគ្រោះឈ្មោះ ង៉ែត វុធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិកន្សោមផ្អក ឃុំសំរោង ស្រុកសំរោង បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ អៀន ង៉ែត ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់។
ចំណែកឯម៉ូតូមួយគ្រឿងទៀតធុន HONDA C125 សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1C-2465 បើកបរដោយឈ្មោះ នឹម ចែម ភេទប្រុស អាយុ៤៣ឆ្នាំ កិសិករដូចគ្នា រស់នៅភូមិម៉ឺនទំរង់ ឃុំស្រង៉ែ ស្រុកទ្រាំង របួសធ្ងន់ដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែង ហើយបានធ្វើកោសល្យវិច័យ រួចបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
រីឯសាកសពវិញ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត និងបានដកហូតវត្ថុតាង ដែលពាក់ព័ន្ធ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីបំពេញបែបបទ តាមនីតិវិធីច្បាប់៕
» រូបភាពខាងក្រោមនេះ បង្ហាញពីភាពរន្ធត់ នៃការរងរបួស គ្រប់ដណ្ដប់ដោយឈាមយ៉ាងធ្ងន់ធ្ងរ ប្រកបដោយការឈឺចាប់ ជាទីបំផុត។ ប៉ុន្តែក្រមវិជ្ជាជីវៈ បានកំណត់ឲ្យទស្សនាវដ្ដី ចាំបាច់ត្រូវធ្វើការ បិតបាំងរូបភាពនេះ។