អ៊ិត សំហេង៖ ច្បាប់ស្តីពី«សហជីព»នឹងត្រូវអនុម័តចុងឆ្នាំ២០១៥
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 16, 2015
- ប្រធានបទ: កម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការអះអាងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ដែលកំពុងស្ថិតក្នុងដៃក្រសួងនេះ នឹងត្រូវធ្វើការបញ្ចូន ទៅកាន់រដ្ឋសភាអនុម័ត ក្នុងឆ្នាំ២០១៥នេះ។ ការគ្រោងនឹងបញ្ជូន សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោក អ៊ិត សំហេង ពន្យល់ទៀតថា សេចក្តីព្រាងច្បាប់ ស្តីពីសហជីពនេះ មានអាយុ៧ឆ្នាំហើយ ដែលក្នុងរយៈពេលនេះ បានឆ្លងកាត់ នូវការជជែកពិភាក្សាគ្នាច្រើន ជាមួយសហជីពដែលពាក់ព័ន្ធ រួមទាំងសិក្ខាសាលា បានធ្វើឡើងចំនួនប្រាំពីរលើក មកហើយដែរ។
ការថ្លែងអះអាង របស់លោករដ្ឋមន្ត្រី បានលើកឡើង ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនង វិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ «កម្ពុជាដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធើខន។
លោក អ៊ិត សំហេង បានថ្លែងទៀតថា៖ «ភាគីនីមួយៗ មិនអាចចង់បានច្បាប់មួយ ទៅតាមគំនិតយើងទាំងស្រុងទេ។ ច្បាប់សហជីព ត្រូវមានយោបល់សហជីព នៅក្នុងហ្នឹងហើយ ប៉ុន្តែក៏ត្រូវបានយោបល់ភាគី (របស់) រដ្ឋាភិបាល និងភាគីផ្សេងទៀត នៅក្នុងនោះដែរ។ (...) រដ្ឋាភិបាលគ្មានគោលបំណង ដើម្បីនឹងធ្វើច្បាប់នេះ ដើម្បីទៅគាបសង្កត់សហជីពទេ។ យើងមានប្រយោជន៍អ្វី នឹងគាបសង្កត់សហជីព? យើងយកសហជីព និងអង្គការវិជ្ជាជីវៈទាំងអស់ មកធ្វើជាដៃគូ។»
«ច្បាប់ដែលជាការចង់បាន របស់រដ្ឋាភិបាលខ្លួនឯង»
សម្រាប់ក្រុមសហជីពមួយចំនួនវិញ នៅតែប្រកាន់ជំហរ ស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោល នូវសេចក្តីព្រាងច្បាប់ ស្ដីពីសហជីពនេះដដែល។ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ ស៊ីខាវដូ (C.CAWDU) បានអះអាងថា កម្ពុជាមានច្បាប់ការងារ មានរដ្ឋធម្មនុញ្ញ អនុសញ្ញាលេខ៨៧ ៩៨ របស់អង្គការអាយឡូ (ILO) ប្រកាសលេខ៣០៥ និងប្រកាសលេខ ០១៦ និង០២១ ដែលនិយាយពីនីតិវិធី នៃការបង្កើតសហជីព។ លោកបន្តថា អ្វីទាំងអស់នេះ អាចយកមកអនុវត្តជាផ្លូវច្បាប់ បានសម្រាប់ការងាររបស់សហជីព។ លោកថា ការសំខាន់នោះ សូមកុំឲ្យតែរដ្ឋាភិបាល និងនិយោជក ទៅរំលោភទៅលើនីតិវិធីទាំងនោះ សហជីពនឹងមានសេរីភាព ពេញលេញគ្រប់គ្រាន់ហើយ។
មេដឹកនាំសហជីបរូបនេះ បានថ្លែងអះអាងថា ច្បាប់នេះ ពិតជាការចង់បាន របស់រដ្ឋាភិបាលខ្លួនឯង ដែលមិនមែនជាតម្រូវការ របស់សហជីព ឬនិយោជកឡើយ។ លោកបញ្ជាក់ថា «បើរដ្ឋាភិបាល នៅតែចង់បានច្បាប់នេះ យើងស្នើឲ្យរដ្ឋាភិបាល ផ្តល់ឲ្យការពិនិត្យ ពិគ្រោះយោបល់ និងយកហេតុផល ដែលសហជីពបានដាក់ទៅនោះ ដើម្បីកែប្រែឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ (...) បើគ្មានការកែប្រែទេ វាប៉ះពាល់ដល់សិទ្ធិកម្មករ យ៉ាងធ្ងន់ធ្ងរ។»
លោក អាត់ ធន់ បានលើកយកមាត្រា១៣ ក្នុងកិច្ចដំណើរការ នៃសេចក្តីព្រាងដំបូង មកពន្យល់ថា សហជីពមួយ ដែលអាចបង្កើតបាន លុះណាមាន២០ភាគរយ នៃកម្មករនិយោជិក ក្នុងក្រុមហ៊ុននោះ។ ឥឡូវនេះ ស្រាប់តែឡើងដល់២៥ភាគរយ នៃកម្មករក្នុងរោងចក្រទាំងមួល ទើបអាចបង្កើតសហជីពបាន។ លោកដាក់ជាសំនួរថា តើក្នុងដំណាក់កាលដំបូង តើមានសមាជិកមកពីណា បើមិនទាន់បង្កើតសហជីពនោះ? ហើយបង់វិភាគទានយ៉ាងដូចម្តេច បើមិនទាន់មានសហជីព។ លោកចាត់ទុកថា នេះជាកិច្ចការមួយ ដែលរដ្ឋាភិបាល កំពុងរារាំង មិនឲ្យមានសហជីពត្រូវបានបង្កើតឡើង តាមរយៈការហាមឃាត់ ឬទប់ស្កាត់ដោយនិយោជក។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ច្បាប់ថ្មីនេះ មិនត្រឹមតែបង្កើតសហជីពថ្មី មិនបានទេ សូម្បីសហជីពចាស់ ក៏រក្សាមិនបានដែរ។ ព្រោះមាត្រាខាងមុខនិយាយថា ក្រោយពីច្បាប់នេះចូលចាធរមាន សហជីពទាំងអស់ ត្រូវចុះបញ្ជីឡើងវិញ។ ហើយបើសមាជិក ដែលទាបជាង២៥ភាគរយនោះ សហជីពនោះ គេនឹងមិនចុះឈ្មោះឲ្យទេ។»
យ៉ាងណាក៏ដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានទទួលស្គាល់ថា ទាំងក្រសួង ទាំងរដ្ឋាភិបាល មិនអាចធ្វើការដោយខ្វះការចូលរួម ពីសហជីពទាំងនោះបានឡើយ ហើយក្រៅពីកិច្ចសហការនេះ លោកនឹងធ្វើការលើកទឹកចិត្ត ដល់សហជីពទាំងអស់ ដើម្បីឲ្យមានការចូលរូមដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលចង់បាន ចំពោះសេចក្តីព្រាងច្បាប់សហជីពនេះ ព្រោះច្បាប់នេះ អាចចូលរួម«បង្ការ» នូវភាព«អវិជ្ជមាន»មួយចំនួន ដែលនឹងកើតមាន ហើយអាចធ្វើឲ្យប៉ះពាល់ ដល់សេរីភាពសហជីពខ្លួនឯង ផ្នែកចង្វាក់ផលិតកម្ម និងការវិយោគនៅកម្ពុជាផង៕