សហជីព៖ បើគ្មានដំណោះស្រាយ កូដកម្មថ្ងៃទី១២មិនានឹងមិនបញ្ចប់
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងថ្នាក់ដឹកនាំសហជីព ដែលបានដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក បានចេញលិខិតជូនដំណឹងមួយ ទៅសមាគមរោងចក្រកាត់ដេរកម្ពុជា (តំណាងថៅកែរោងចក្រ) ស្តីពីការធ្វើកូដកម្មនៅតាមក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានដោយអត់ចូលធ្វើការចាប់ពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤ តទៅបើគ្មានដំណោះស្រាយ។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
វិបត្តិការងារ - សេចក្តីជូនដំណឹងរបស់តំណាងថ្នាក់ដឹកនាំសហជីពទាំងនោះ បានបញ្ជាក់ថា ដោយសារការរស់នៅរបស់កម្មករនិយោជិកបច្ចប្បន្ននេះ មានការលំបាក ដែលបណ្តាលមកពីប្រាក់ឈ្នួលតិចតួច វាពិតជាមិនអាចធ្វើឲ្យពួកដោះស្រាយការលំបាកបានឡើយ ព្រោះការស្រាវជ្រាវរបស់គណៈកម្មការត្រីភាគីឃើញថា យ៉ាងហោចណាស់កម្មករម្នាក់ៗ ត្រូវចំណាយពី១៥៧ដុល្លាដល់ ១៧៧ដុល្លា។
ការធ្វើកូដកម្មចាប់ពីថ្ងៃទី១២ មិនាតទៅនេះ តំណាងថ្នាក់ដឹកនាំសហជីពទាំងនោះ ទាមទារអោយរដ្ឋាភិបាល និងនិយោជកដោះស្រាយបញ្ហាមួយចំនួន ដូចជាទី១ សុំដោះលែងជនជាប់ចោទទាំង ២១នាក់ និងទម្លាក់ចោលការចោទប្រកាន់មនុស្ស ២៣នាក់ទាំងស្រុង។ ទី២ ស្នើសុំឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារឡើងវិញ។ ទី៣ ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សា និងសម្លាប់កម្មករព្រមទាំងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះដែល បាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង។ ទី៤ រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈមិនឲ្យលើសពី ១០នាក់ចេញ។ ទី៥ តំណាងក្រុមហ៊ុនត្រូវដកបណ្ដឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិកទាំងអស់។ ទី៦ និយោជកត្រូវទទួលយកកម្មករ ដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ និងត្រូវបង់ប្រាក់រំលឹកដល់ពួកគេ និងទី៧ និយោជកត្រូវផ្ដល់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ដល់កម្មករក្នុងអំឡុងពេលកម្មករធ្វើកូដកម្មកន្លងមក។
សម្រាប់ការដកបម្រាមនៃការជួបជុំសាធារណៈ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលប់ចោលរួចហើយ កាលពីថ្ងៃអង្គារទី ២៥ ខែកុម្ភៈកន្លងមកនេះ។ រីការការទាមទាររបស់ក្រុមសហជីពទាក់ទងនឹង ការបើកកិច្ចការចរចាឡើងវិញ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់យ៉ាងខ្លីតបទៅនឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែកុម្ភៈ នេះថា បញ្ហារឿងប្រាក់ឈ្នួលកម្មករ រដ្ឋាភិបាលមិនដែលបិទផ្លូវចរចានោះទេ។
ចំពោះការតម្លើងប្រាក់ឈ្នួលគោលកម្មករវិញ បើយោងតាមសេចក្តីសម្រេចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចតម្លើងប្រាក់ឈ្នួលបន្ថែម៥ដុល្លាបន្ថែមទៀត ទៅលើប្រាក់ខែគោល៩៥ដុល្លា ដែលបានកំណត់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ហើយនឹងចាប់ផ្ដើមអនុវត្តពីពីខែកុម្ភៈ ឆ្នាំ២០១៤ នេះតទៅ។ តែប្រាក់ខែ១០០ដុល្លា ដែលក្រសួងការងារបានសម្រេចនោះ មិនត្រូវបានកម្មករទទួលយកនោះទេ បង្កឲ្យមានការងើបតវ៉ាជាបន្តបន្ទាប់ រហូតមានយុទ្ធនាការបង្ក្រាបយ៉ាងរង្គាល ពីសំណាក់កងកម្លាំងគ្រប់គ្រងដោយរដ្ឋាភិបាល កាលពីដើមឆ្នាំ២០១៤នេះ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ក្រុមសហជីពទាំងនោះ ទើបបានបញ្ចប់យុទ្ធនាការរបស់ខ្លួន ក្នុងការចែកខិតប័ណ្ណអំពាវអោយកម្មករចូលរួម ធ្វើបាតុកម្មនៅថ្ងៃទី១២ ខាងមុខនេះ។ រីឯសភាសហព័ន្ធសហជីពជាតិកម្ពុជា ដែលជាសហជីពមាននិន្នាការគាំទ្ររដ្ឋាភិបាល កាលពីថ្ងៃទី២០ កុម្ភៈកន្លងមក បានអំពាវនាវដល់សមាជិករបស់ខ្លួនផងដែរ មិនអោយចូលរួមធ្វើបាតុកម្មជាមួយសហជីពទាំងនោះ និងអោយខិតខំធ្វើការថែមម៉ោង៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ កុម្ភៈ ២០១៤