ណាហ្គាវើល៖ បុគ្គលិកត្រូវបង្ខំឲ្យចូលធ្វើការវិញ បន្ទាប់ពីការតវ៉ាគ្មានលទ្ធផល
បន្ទាប់បានធ្វើកូដកម្ម ប្រឆាំងតវ៉ា ដើម្បីការគោរពសិទ្ធិរបស់ខ្លួន តែមិនបានទទួលលទ្ធផលជាផ្លែផ្កានោះមក បុគ្គលិកមួយចំនួនធំនៃមជ្ឈមណ្ឌលណាហ្គាវើល ត្រូវបានបង្ខំចិត្តឲ្យចូលធ្វើការវិញ នៅព្រឹកថ្ងៃទី២៦ខែមិថុនានេះ។ ការសម្រេចចិត្តនេះ នៅបន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបរបស់អាជ្ញាធរ កាលពីថ្ងៃទី១២ខែមិថុនា និងការប៉ះទង្គិចគ្នាជាមួយសន្តិសុខ កាលពីថ្ងៃទី២៥ខែមិថុនា ដែលធ្វើឲ្យយ៉ាងហោចណាស់ កូដករបីនាក់សន្លប់។
កូដករបានបន្តកិច្ចតវ៉ាដ៏អស់សង្ឃឹមរបស់ខ្លួន នៅថ្ងៃទី២៥ខែមិថុនា នៅមុខមជ្ឈមណ្ឌលណាហ្គាវើល។ (រូបថត MONOROOM.info/ U.Bory)
កូដកម្ម ដែលកើកចេញពីវិវាទការរវាងបុគ្គលិក និងក្រុមហ៊ុនមានការអូសបន្លាយនេះ មិនអាចដោះស្រាយរួច និងបញ្ចប់បញ្ហា បើទោះបីជាមានការអន្តរាគមន៍ ពីក្រុមប្រឹក្សាអាជ្ញាកណ្កាល និងសាលារាជធានីភ្នំពេញក៏ដោយ។ ជាពិសេសព្រឹត្តិការណ៍ប៉ះទង្គិច បានកើតឡើងជាថ្មីទៀត កាលពីរសៀលថ្ងៃទី២៥ខែមិថុនានេះ រវាងក្រុមអ្នកធ្វើកូដកម្ម និងក្រុមបុគ្គលិកសន្តិសុខរបស់មជ្ឈមណ្ឌល។
លោក សុខ ណារិទ្ធ អគ្គលេខាធិការរង សហព័ន្ធសហជីពវិស័យទេសចរណ៍ និង សេវាកម្ពុជា បានពន្យល់ថាកូដករបានទទួលរងនូវការវាយទាត់ធាក់ ខណៈដែល ពួកគេព្យាយាមឆ្លងកាត់ប៉ារ៉ាស់ដែក និងក្រុមសន្តិសុខចូលទៅកាន់បរិវេណមុខកាស៊ីណូ។ លោក បញ្ជាក់ថា៖ «កងកម្លាំងសមត្ថកិច្ច ដែលឈរជើងនៅក្បែរនោះ ពុំបានចាត់វិធានការអ្វីនោះទេ ខណៈដែលការប្រទាយប្រទង់របស់ភាគីទាំងពីរកំពុងកើតឡើង»។ លោកបន្តថា បន្ទាប់ពីការប៉ះទង្គិចនេះ ក្រុមបុគ្គលិកក្រុមហ៊ុន ដែលបានធ្វើកូដកម្មនេះ បានទទួលដីកាមួយ ដែលចេញដោយតុលាការរាជធានីភ្នំពេញ តាមរយៈការប្រកាសរបស់ លោក ព្រះរាជអាជ្ញាមួយរូបនូវចំពោះមុខកូដករ បង្គាប់ឲ្យពួកគេបញ្ចប់កូដកម្ម ហើយចូលធ្វើការវិញជាបន្ទាន់ ដោយគ្នានលក្ខខណ្ឌ។ លោកបន្ថែមថាពួកបុគ្គលិក«គ្មានជម្រើស»អ្វី ក្រៅពីចូលធ្វើការវិញនៅព្រឹកនេះនោះទេ។
កញ្ញា ពេជ្រ ចាន់ណា ដែលបានសន្លប់នៅក្នុងការប៉ះទង្គិចនោះ បាននិយាយថាកញ្ញា ត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះជាបន្ទាន់។ កញ្ញាក៏បានសម្រេចដែរ ថាចូលធ្វើការវិញនៅព្រឹកនេះ បើទោះជាស្ថានភាពសុខភាព មិនទាន់មានភាពល្អប្រសើរនោះក៏ដោយ។
លោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ មនោរម្យព័ងអាំងហ្វូថា រូបលោកកំពុងធ្វើការទាក់ទងនឹងបញ្ហានេះ យ៉ាងដិតដល់។ ក្រុមកងសន្តិសុខរបស់ក្រុមហ៊ុន ដែលបានប៉ះអង្គិចជាមួយក្រុមកូដករ បានបដិសេធឆ្លើយទៅនឹងសំណួរ របស់អ្នកសារពត៌មាន ខណៈដែលលោកស្រី ម៉ៅ សំពុទ្ធារី ជាមេធាវីរបស់ ក្រុមហ៊ុនណាហ្គាវើល មិនអាចទាក់ទងបាន ព្រោះលេខទូរស័ព្ទលោកស្រីគ្នានអ្នកទទួល។
សូមរំលឹកថាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើល នៅរាជធានីភ្នំពេញ នាំគ្នាបន្តធ្វើកូដកម្មមិនចូលធ្វើការរយៈពេល ១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ ការធ្វើកូដកម្មនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងគោរពលក្ខខណ្ឌការងារ ដើម្បីឲ្យការងារបានប្រសើរឡើង។
-----------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ