ករណីសំខាន់ៗ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ កាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទីប្រាំនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹងប្រព្រឹត្តទៅជាធម្មតាតាមកាលកំណត់។ ជាមួយគ្នានេះគណបក្សទាំងអស់ ដែលមានឈ្មោះចូលរួមការបោះឆ្នោត ក្នុងអាណត្តិទីប្រាំនេះ បានព្យាយាមប្រើប្រាស់អស់ពីកំលាំង កាយចិត្ត និងគ្រប់មធ្យាបាយ«សុច្ចរិត» ធ្វើយ៉ាងណាដើម្បីបានបង្ហាញខ្លួន និងបញ្ជាក់ពីគោលនយោបាយក្នុងការ«ដឹកនាំជាតិ»របស់បក្សខ្លួន ជូនដល់ប្រជាពលរដ្ឋ ដែលជា«ម្ចាស់ឆ្នោត» ឲ្យបានដឹង និងធ្វើការសម្រេចចិត្តប្រកបដោយ«សតិសម្បជញ្ញៈ»ក្នុងការជ្រើសរើស «អ្នកដឹកនាំ»ថ្មី ដែលយល់ពីសុខទុក្ខប្រជារាស្រ្ត ជាពិសេសប្រទេសជាតិ។
ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)
ស្របពេលដែលដំណើរការនៃការរៀបចំឲ្យការបោះឆ្នោតដោយ គ.ជ.ប នេះ បានប្រព្រឹត្តិទៅតាមកាលកំណត់ និងដោយសន្តិភាព គ.ជ.ប គណបក្សនយោបាយទាំងអស់ ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ពន័្ធនឹងការងារនេះ បានខិតខំខ្នះខ្នែងធ្វើយ៉ាងណា ជម្រុញឲ្យមានការ«ជូនដំណឹង និងផ្សព្វនូវព័ត៌មាន»សំខាន់ៗ បានដល់ប្រជាពលរដ្ឋដែលជា«ម្ចាស់វាសនាប្រទេសជាតិ»។
ករណីសំខាន់ៗដែលពាក់ព័ន្ធនឹងការបោះឆ្នោត មានជាអាទិ៍ដូចខាងក្រោម៖
ការឃោសនាបោះឆ្នោតថ្ងៃទី២៧ ខែមិថុនា
ស្អែកនេះ(ថ្ងៃទី២៧ ខែមិថុនា) ជាថ្ងៃបើកយុទ្ធនាការនៃការឃោសនាបោះឆ្នោតលើកដំបូង ដែលគ្រប់គណបក្សទាំងអស់បានត្រៀមខ្លួន ដើម្បីបានបង្ហាញពីគោលនយោបាយក្នុងកាដឹកនាំប្រទេស។ ក្នុងរយៈពេលនេះគណបក្សទាំងអស់ ដែលបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប មានសិទ្ធិក្នុងការ ធ្វើការឃោសនា នូវគោលនយោបាយ ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់បក្សខ្លួន ក្នុងការចូលរួមដឹកនាំប្រទេស ដើម្បីធានាឲ្យបាននូវប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ដែលមានរយៈពេលមួយខែគត់។
«ចុតហ្មាយ» អំពាវនាវរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
ជាករុណាគុណដ៏ថ្លៃថ្លា នៃចុតហ្មាយ(លិខិត)អំពាវនាវចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ កុំឲ្យមានការព្រួយបារម្មណ៍ ភ័យខ្លាច នូវការគាបសង្កត់ ការគំរាមកំហែង ការសម្លុត ពីជនណាមួយ ឬពីបក្សណាមួយ។ ព្រះអង្គសូមឲ្យជនរួមជាតិ បងប្អូន កូនក្មួយទាំងអស់ ប្រើប្រាស់នូវសិទ្ធិ ដើម្បីចូលរួមក្នុងការបោះឆ្នោត ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាមួយ បក្សណាមួយដោយសេរី។ ព្រះអង្គបានបន្តរក្នុងចុតហ្មាយដដែលថា«ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាការបោះឆ្នោតសម្ងាត់ ហើយដែលនឹងប្រព្រឹត្ត ធ្វើទៅតាមលិទ្ធិប្រជាធិបតេយ្យសេរី»។
ការអនុញ្ញាតិឲ្យប្រជាពលរដ្ឋឈប់សម្រាក ពីការងារដើម្បីទៅចូលរួមបោះឆ្នោត
លិខិតចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ដែលឆ្លើយតបទៅនឹងសំណើររបស់ គ.ជ.ប បានជូនដំណឹងដល់ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលអនុវត្តតាមច្បាប់ការងារ ត្រូវអនុញ្ញាតច្បាប់ជូននិយោជិត កម្មករ-កម្មការនី ចាប់ពីមួយថ្ងៃ ទៅដល់បីថ្ងៃ(ថ្ងៃទី២៧-២៨-២៩ ខែកក្កដា ឆ្នាំ២០១៣) ដោយរក្សាប្រាក់ឈ្នួល ឬប្រាក់រង្វាន់នៅដដែល និងរៀបចំបើកប្រាក់ឈ្នួលឲ្យនិយោជិត កម្មករ-កម្មការនី បានមុនថ្ងៃដែលត្រូវទៅចូលរួមការបោះឆ្នោតនីតិកាលទីប្រាំ ឆ្នាំ២០១៣នេះ។ ចំនួនថ្ងៃដែលត្រូវឈប់សម្រាកនេះអាស្រ័យតាមទីតាំងនៃកន្លែងធ្វើការ ជិត ឬឆ្ងាយពីការិយាល័យដែលត្រូវទៅបោះឆ្នោត។ «មួយថ្ងៃ»សម្រាប់កន្លែងការងារស្ថិតក្នុងរាជធានី ឬទីរួមខេត្តទាំង២៣ ដែលជាការិយាល័យរបស់ខ្លួនត្រូវទៅបោះឆ្នោត។ «ពីរថ្ងៃ» ធ្វើការនៅក្នុងខេត្តទាំង២៣ ហើយត្រួវបោះឆ្នោតនៅក្នុងខេត្តនោះផ្ទាល់(ខេត្តទាំង២៣)។ «បីថ្ងៃ» សម្រាប់អ្នកធ្វើការនៅរាជធានី ឬតាមខេត្តទាំង២៣ ហើយត្រូវទៅបោះឆ្នោតនៅក្នុងរាជធានី ឬខេត្តដទៃផ្សេងទៀត។
កម្មវិធីផ្សាយគោលនយោបាយគណបក្សតាម វិទ្យុ និងទូរទស្សន៍
បណ្តាគណបក្សនយោបាយទាំងអស់ ដែលនឹងចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ត្រូវបានគ.ជ.ប រៀបចំកម្មវិធីសម្រាប់ការផ្សាយពី«គោលនយោបាយគណបក្ស» តាមទសទស្សន៍ជាតិកម្ពុជា(ទទក) វិទ្យុអេហ្វអ៊ឹម៨៦ មេហ្គាហឺត និងវិទ្យុវត្តភ្នំ អេហ្វអ៊ឹម១០៥.៧០ មេហ្គាហឺត ចាប់បីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៣។ យោងតាមលិខិត ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ដោយ គ.ជ.ប ការផ្សាយនេះក្នុងមួយថ្ងៃមាន«បីពេល»(ព្រឹក រសៀល យប់) ហើយក្នុងមួយពេលមាន«ពីរម៉ោង» សរុបមួយថ្ងៃមាន១២ម៉ោង និងក្នុងរយៈពេល៣០ថ្ងៃ ស្មើនឹង៣៦០ម៉ោង។ ក្នុងរយៈពេលនេះមិនអនុញ្ញាតិឲ្យស្ថានីទូរទស្សន៍ ឬវិទ្យុណាមួយធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សឡើយ។
ចំនួនសន្លឹកឆ្នោតដែលត្រូវបានបោះពុម្ភ
សន្លឹកឆ្នោតដែលត្រូវបានបោះពុម្ភមានចំនួន ១២,៣០៧,១៥០ សន្លឹក សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតស្របតាមបញ្ជីបោះឆ្នោតឆ្នាំ២០១២ មានចំនួនជាងប្រាំបួនលាន(៩៦,៧៥៤,៥៣)នាក់ ហើយនឹងចូលរួមក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យទី២៨ ខែកក្កដា ខាងមុខនេះ។ តាមលិខិត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានបញ្ជាក់ថា សម្រាប់បម្រើឲ្យការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសមានចំនួន១១,០៨២,៤០០សន្លឹក។ ដូច្នេះសន្លឹកឆ្នោតបម្រុងមានចំនួន១,២២៤,៧៥០សន្លឹក ទុកនៅគណកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ/ខប) សម្រាប់ផ្តល់ដល់គណកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ/សប) នៅពេលមានសន្លឹកឆ្នោតខូចខាតជាយថាហេតុ។ ក្នុងការិយាល័យបោះឆ្នោតនីមួយៗនឹងទទួលបានសន្លឹកឆ្នោតកើន ឬចុះអាស្រ័យលើចំនួនអ្នកដែលបានចុះឈ្មោះក្នុងការិយាល័យនោះ ដោយបូកបន្ថែមនឹងសន្លឹកឆ្នោតបម្រុងជាមធ្យមចំនួន៧៤សន្លឹក។
ចំនួនការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស
តាមលិខិត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ របស់ គ.ជ.ប បានបញ្ជាក់ថា គណកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ/សប) ទាំងអស់មាន ១,៦៣៣ឃុំ-សង្កាត់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេសមានចំនួន ១៩,០០៩ការិយាល័យ។
ការចែកប័ណ្ឌព័ត៌មានអ្នបោះឆ្នោត
ការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតចាប់គិតថ្ងៃទី១ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ មានចំនួនជាងប្រាំមួយលាន (៦,៧៥៥.៧៥៦)សន្លឹក និងប័ណ្ណដែលនៅសល់ជាងពីលាន (២,៩១៩,៦៩៧)សន្លឹក។ ការចែកប័ណ្ណព័ត៌មាន នឹងបន្តររហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោងប្រាំនិងសាមសិបនាទី(៥.៣០)ល្ងាច។ ក្នុងករណីអ្នកដែលមិនទាន់បានទទួលប័ណ្ណព័ត៌មាននេះទេ អាចទៅទទួលយកបាននៅក្នុងឃុំ-សង្កាត់របស់ខ្លួនម្នាក់ៗ ដែលមានឈ្មោះបោះឆ្នោត។ ក្នុងសន្និសិទកាសែតនៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី២១ ខែមិថុនា បានបញ្ជាក់ថា «ប័ណ្ណព័ត៌មានសម្រាប់អ្នកបោះឆ្នោតនេះ» មិនមែនជា«ប័ណ្ណសម្រាប់ប្រើប្រាស់ជាផ្លូវការ» ជំនួសឲ្យ «អត្តសញ្ញាណបណ្ណ័» ដើម្បីអាចនឹងចូលរួមការបោះឆ្នោតបាននោះទេ វាគ្រាន់តែជា«ប័ណ្ណព័ត៌មានបណ្តោះអាសន្ន»សម្រាប់ជាការជូនដំណឹង ឬជាព័ត៌មានឲ្យបានដឹងពីថ្ងៃខែឆ្នាំ ទៅបោះឆ្នោត ជាការសម្រួលដល់ប្រជាពលរដ្ឋ ឲ្យងាយរកការិយាល័យបោះឆ្នោតរបស់ខ្លួន ងាយស្រួលក្នុងការផ្ទៀងឈ្មោះក្នុងបញ្ជីរបោះឆ្នោត និងបានដឹងថា តើនឹងមានឯកសារអ្វីខ្លះដែលត្រូវយកភ្ជាប់ទៅជាមួយ នៅថ្ងៃបោះឆ្នោតនោះតែប៉ុណ្ណោះ។
អ្នកដែលមិនមានសិទ្ធិ ចូលរួមការបោះឆ្នោត នឹងអាចបោះឆ្នោតបានវិញ
តាមការប្រកាសព័ត៌មានរបស់ គ.ជ.ប អ្នកដែល«មិនមានសិទ្ធិចូលរួមការបោះឆ្នោត» ជាអ្នកដែលគ្មាន«លិខិតបញ្ជាក់អត្តសញ្ញាណ» ដូចជាអត្តសញ្ញាណប័ណ្ឌ សៀវទៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែនជាដើម។ អ្នកដែលគ្មានលិខិតទាំងនេះ អាចទៅធ្វើបានតាមរយៈមេភូមិ ស្មៀនឃុំ មេឃុំឬចៅសង្កាត់ នៅក្នុងឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដោយមានសាក្សីចំនួនពីរនាក់ដឹងឮ ទៅជាមួយ។ ការទទួលធ្វើលិខិតបញ្ជាក់អត្តសញ្ញាណនេះ អាចធ្វើចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៣ខាងមុខ។
ចំនួនគណបក្សដែលចូលរួមក្នុងការបោះឆ្នោតនីតិកាលទីប្រាំ តាមលំដាប់លេខរៀង
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នៅទីស្តីការ គ.ជ.ប បានធ្វើការចាប់ឆ្នោតកំណត់ លំដាប់លេខរៀងគណបក្សនយោបាយ ដាក់លើសន្លឹកឆ្នោតមានចំនួនប្រាំបីគណបក្ស។ គណបក្សទាំងនោះត្រូវបានកំណត់លេខរៀងតាមលំដាប់ បន្ទាប់ពីបានធ្វើចាប់ឆ្នោតរួចដូចតទៅ៖ លេខរៀងទីមួយត្រូវបានទៅគណបក្សសញ្ជាតិកម្ពុជា, លេខរៀងទីពីរបានទៅគណបក្សហ្វុនស៊ិនប៉ិច, លេខរៀងទីបីបានទៅគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, លេខរៀងទីបួនបានទៅគណបក្សប្រជាជនកម្ពុជា, លេខរៀងទីប្រាំបានទៅគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, លេខរៀងទីប្រាំមួយបានទៅគណបក្សខ្មែរឈប់ក្រ, លេខរៀងទីប្រាំពីរបានទៅគណបក្សសង្គ្រោះជាតិ និងលេខរៀងទីប្រាំបី ចុងក្រោយបានទៅគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ