អង្គការសង្គមស៊ីវិល បើកការពិភាក្សា ជុំវិញជំរើសសមាសភាព គ.ជ.ប
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា និងវិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៤
- កែប្រែចុងក្រោយ: August 27, 2014
- ប្រធានបទ: ស្ថាប័នបោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលសមាជិកគ.ជ.បថ្មី ក្រោមការព្រមព្រៀងគ្នា រវាងគណបក្សជាប់ឆ្នោតធំទាំងពីរ ក្នុងអាណត្តិទី៥ ក្នុងរូបមន្តបួន+បួន+មួយ ដែលបួនរូបមកពីរគណបក្សប្រជាជនកម្ពុជា បួនរូបមកពីគណបក្សសង្រ្គោះជាតិ និងមួយរូបទៀតជាបុគ្គលឯករាជ្យ មិនទានលេចរូបរាងនៅឡើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះ អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ដែលសុទ្ធសឹងជាអង្គការយុវជន បានគៀងគរយុវជន ដើម្បីធ្វើការពិភាក្សាគ្នា ពីបញ្ហាការជ្រើរើសសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្មីនេះ។
កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណង ទី១ ដើម្បីពិភាក្សា និងផ្តល់យោបល់អំពីលក្ខណៈវិនច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិ គ.ជ.ប ថ្មី។ ទី២ ការផ្តល់យោបល់ អំពីការបើកទូលាយឲ្យសាធារណៈជនពិនិត្យ និងវាយតម្លៃបេក្ខជន ដែលជាសមាជិក គ.ជ.ប ថ្មីមុនការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា។ ទី៣ រៀបចំញត្តិស្តីពីជំហរ របស់ក្រុមយុវជនលើលក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី និងការបើកទូលាយឲ្យសាធារណៈជនពិនិត្យ និងវាយតម្លៃបេក្ខជនដែលជាសម្មជិក គ.ជ.ប ថ្មីមុនការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងពិភាក្សាអំពីសកម្មភាពផ្សេងទៀតរបស់ក្រុមយុវជនលើបញ្ហានេះ។
លោកជាង សុខា ប្រធានអង្គការអភិវឌ្ឍន៍ធនធានយុវជនបានលើកឡើងថា ចំពោះសមាជិក គ.ជ.ប ត្រូវតែបំរើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ប៉ុន្តែបេក្ខភាពរបស់គណបក្សទាំងពីរ ហាក់ស្ថិតនៅក្នុងភាពអាថកំបាំង មិនបើកចំហឱ្យប្រជាពលរដ្ឋ ដឹងអំពីសមាសភាព សមត្ថភាព និងលក្ខណៈសម្បត្តិរបស់បុគ្គលនៅឡើយនោះទេ។
ចំណែកលោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងយ៉ាងដូច្នេះថា សម្រាប់សមាភាពថ្មីនៃសមាជិកគ.ជ.ប លោកចង់បាន គ.ជ.បដែលមិនកើតចេញមកពីរខ្សែស្រឡាយសាច់ញាតិរបស់គណបក្សទាំងពីរឡើយ តែជាបុគ្គកឯករាជ្យ មានការជឿជាក់ពីសារធារណៈជនទូទៅ ដែលគេមើលឃើញថា ជាមនុស្សមានតម្លាភាព មានបទពិសោធន៍ទៅលើរឿងបោះឆ្នោត ជាបុគ្គលដែលឈរលើការបោះឆ្នោត ជាងឈរលើគោលការណ៍បក្ស និងជាពិសេសនោះជាមនុស្សដែលប្រកាន់នូវអព្យាក្រិត មិនលំអៀងទៅលើម្ខាងណាឡើយ។
សម្រាប់រូបមន្តបួន+បួន+មួយ ដែលជាការព្រមព្រៀងរបស់គណបក្សទាំង មន្រ្តីសង្គមស៊ីវិលរូបនេះបានបញ្ជាក់ថា «រូបមន្តបួន+បួន+មួយហ្នឹង វាមិនមែនជាការពេញចិត្ត និងការប្រាថ្នារបស់អង្គការសង្គមស៊ីវិលយើងនោះទេ អង្គការសង្គមស៊ីវិល ចង់ឱ្យមានការជ្រើសពីខាងក្រៅមានលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ។ ហើយនេះជាឱកាស សម្រាប់យើងធ្វើការផ្តល់អនុសាសន៍ ហើយយើងសង្ឃឹមថា គណបក្សទាំងពីរហ្នឹងពិចារណារទៅ អនុសាសន៍របស់យុវជន។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មពីគណបក្សនយោបាយធំទាំងពីរ ដើម្បីបកស្រាយទៅនឹងការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលខាងលើនេះ បាននៅឡើយ៕