កម្មកររោងចក្រ ស៊ាវ គិញ តវ៉ាជាមួយថៅកែ សុំល័ក្ខខ័ណ្ឌ៧ចំណុច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៥ មិនា ២០១៥
- កែប្រែចុងក្រោយ: March 25, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាតុភាពរវាងថៅកែ និងកម្មករ ចេះតែមាន ជាហូរហែ ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ នៅមុខក្រសួងការងារ កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ «ស៊ាវគិញ(អិម អីហ្វ ជី អិលធីឌី)» នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរអ៊ូរទាំ និងល័ក្ខខ័ណ្ឌការងាររបស់ខ្លួន នៅក្នុងរោងចក្រ បានប្រមូលគ្នាប្រមាណជា ១០០នាក់ មកតវ៉ា នៅមុខក្រសួងការងារ ជាមួយតំណាងទាំង៤រូប របស់ពួកខ្លួន។
តាមរយៈតំណាងទាំងបួនរូប របស់កម្មករ រួមមាន កញ្ញា អ៊ុង ចានដារា, កញ្ញា ឃុត វណ្ណី, កញ្ញា លឹម ចាន់ថន, និងកញ្ញា គាំ សុភាន់ ក្រុមកម្មករ បានទាមទារល័ក្ខខ័ណ្ឌ៧ចំណុច ពីថៅកែរោងចក្រ ដូចខាងក្រោម៖
ទី១ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ខែគោល ដល់កម្មករផ្នែក QC ឲ្យបាន១៤០ដុល្លា។
ទី២ សុំឲ្យក្រុមហ៊ុន ផ្តល់លុយព្រឹមឲ្យបាន១៥ដុល្លាក្នុងមួយខែ។
ទី៣ សុំឲ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងៃត្រង់ ឲ្យបាន៤០០០រៀល ក្នុងមួយថ្ងៃ។
ទី៤ សុំឲ្យក្រុមហ៊ុនកុំកាត់លុយ នៅកំឡុងពេលដែលកម្មករធ្វើបាតុកម្ម។
ទី៥ សុំឲ្យក្រុមហ៊ុនកុំកាត់លុយ ៦ភាគរយ។
ទី៦ ទាមទារលុយប៊ុង ១០០០រៀលបន្ថែម។
និងទី៧ ទាមទារប្រាក់ខែគោល សំរាប់អ្នកធ្វើការស៊ីប៊ុង។
ល័ក្ខខ័ណ្ឌទាំងប្រាំពីរចំណុច ខាងលើនេះ ត្រូវបានក្រុមកម្មករ ស្នើសុំឲ្យថៅកែ ធ្វើការចរចា ដោះស្រាយជាមួយពួកខ្លួន ឲ្យបានឆាប់។
ការដាក់សំណើរ នៅក្រសួងការងារ របស់ក្រុមកម្មករ ក៏ដោយសារក្រុមកម្មករ បានដាក់ក្ដីសង្ឃឹម របស់ពួកគេថា ក្រសួងនឹងអាចជួយអន្តរាគមន៍ ពីបញ្ហានេះបាន។ ក្រុមកម្មករ បានត្អូញត្អែរទៀតថា ពេលវេលាដែលបានអូសបន្លាយ សម្រាប់កម្មករ អស់រយៈពេល៦ថ្ងៃ មកហើយ គិតចាប់តាំង ពីថ្ងៃទី១៩ ខែមិនាមក មិនទាន់មានលទ្ធផលអ្វីនៅឡើយ ហើយពួកខ្លួនប្រមាណ ជាង១០០នាក់ ក៏មិនបានចូលធ្វើការដែរ ដោយសារភាពរអាក់រអួលទាំងនោះ៕