យ៉ង់ គឹមអេង ខកចិត្តនឹងជំនួបទី៣ ថាមិនបានផ្ដល់ប្រយោជន៍អ្វី
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជំនួបលើកនេះ ហាក់មិនមានភាពជឿនលឿន និងអាចគ្រាន់តែជាយន្ដការមួយ សម្រាប់អូសបន្លាយពេលប៉ុណ្ណោះ ព្រោះគណបក្សទាំងពីរ គ្មានចិត្តចង់ត្រូវគ្នានោះទេ។ នេះជាប្រតិកម្មរបស់លោក យ៉ង គឹមអេង មេដឹកនាំអង្គការសង្គមស៊ិវិលមួយរូប ទាក់ទងនឹងជំនួបទី៣ របស់ក្រុមការងារមកពីគណបក្សទាំងពីរ នៅព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនានេះ។
ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
នយោបាយកម្ពុជា - សម្រាប់អ្នកសង្កេតការណ៍ទូទៅ ក៏បានចាត់ទុកដែរថា ជំនួបទីបីនេះ បានជួបនឹងភាពបរាជ័យ ដោយសារតែគ្មានសេចក្ដីប្រកាសរួមណាមួយ ត្រូវបានធ្វើឡើងរវាងក្រុមការងារជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះឡើយ។ ដូច្នេះវាអាចជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង សម្ដែងនូវការខកចិត្ត ថាជាកិច្ចប្រជុំដែលពុំបានផ្តល់ប្រយោជន៍អ្វី ទៅដល់ការព្រមព្រៀងគ្នា នាពេលកន្លងមកពាក់ព័ន្ធនឹងការបោះឆ្នោត ដែលរួមមានការឯកភាពពីក្រសួងមហាផ្ទៃដែរនោះ។ លោកយល់ថា ជំនួបនេះហាក់បីដូចជា មិនមានភាពជឿនលឿនទៅមុខសោះ សម្រាប់ជាប្រយោជន៍ប្រជាពលររដ្ឋ និងជាតិ។
ជាពិសេសការខកចិត្តដ៏ធំមួយ ដែលមន្ត្រីសង្គមស៊ីវិលចង់សង្កត់ធ្ងន់នោះ គឺគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះការចូលរួម របស់សង្គមស៊ីវិលក្នុងប្រព័ន្ធបោះឆ្នោតនេះ។ លោក យ៉ង់ គីមអេង បានបញ្ជាក់ថា សង្គមស៊ីវិលធ្វើការដោយផ្អែកលើមូលដ្ឋានតឹកតាង និងផ្តល់ជាអនុសាសន៍ទៅលើបញ្ហា ដែលកើតឡើងជាត់ស្តែង។ ក្រុមអង្គការសង្គមស៊ីវិលដែលមានជំនាញខាងផ្នែកនេះ គ្រាន់តែចង់បានស្ថាប័នរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលមានភាពល្អប្រសើរ និងទទួលបានកិត្តិយសលើឆាកអន្តរជាតិប៉ុណ្ណោះ។
លោក ប៊ិន ឈិន តំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងជំនួបបច្ចេកទេសនៅមន្ទីរព្រឹទ្ធសភាថ្ងៃទី១០ ខែមីនានេះ បានលើកឡើងក្រោយពីបញ្ចប់កិច្ចប្រជុំនេះថា គណបក្សរបស់លោក បានស្នើសុំឲ្យមានអព្យាក្រិតភាព និងសុច្ចរិទ្ធភាពរបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនិងការបោះឆ្នោត។ មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះ បានពន្យល់ថា «ក្នុងលក្ខខ័ណ្ឌចាំបាច់ និងគ្រប់គ្រាន់ (វា)មិនអស់ទេ តែគ្រាន់បើជាងយើងពិនិត្យសើរៗ»។
ការលើកឡើងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា មិនទទួូលបានការយល់ស្របពីក្រុមការងាររបស់គណបក្សសង្គ្រោះជាតិនោះឡើយ។ នៅក្នុងជំនួបដដែល គណបក្សសង្គ្រោះជាតិ ក៏បានលើកសំណើរ សុំឲ្យមានការកែទម្រង់ជាមូលដ្ឋាន ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យស្ថាប័ននេះ មានភាពទទួលខុសត្រូវ និងប្រកបដោយតម្លាភាពអាចទទួលយកបាន ជៀសវាងបញ្ហាដូចក្នុងពេលកន្លងមក។ ប៉ុន្តែសំណើរនេះ មិនត្រូវបាន ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ទទួលយកនៅឡើយដូចគ្នា។ ការបដិសេធ និងការមិនទាន់ទទួលយក ដែលជំរុញឲ្យជំនួបលើកទីបីនេះ ជួបនូវភាពបរាជ័យ។
ជាមួយនឹងការខកចិត្តខាងលើ លោក យ៉ង គឹមអេង បានចាត់ទុកថា កិច្ចប្រជុំនេះ អាចគ្រាន់តែជាការអូសបន្លាយពេលវេលា ហើយជាពិសេសទៅទៀតនោះ គឺគណបក្សទាំងពីរ គ្មានចិត្តចង់ត្រូវគ្នានោះទេ។ លោក បានពន្យល់ថា «កាលមុនក្នុងការកែទម្រង់ហ្នឹង គណបក្សទាំងពីរ ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍ដូចគ្នាថា ខ្លួនមានការរីករាយ មានគំនិត មានផែនការក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោត។ ហេតុអីពេលនេះ ពាក់ព័ន្ធនឹងកំណែទម្រង់គ.ជ.ប នេះ ជាការជាប់គាំង មិនអាចរកនូចចំណុចរួមមួយ ដើម្បីចេញសេចក្តីថ្លែងការណ៍រួម ដើម្បីឲ្យគេមានការសាទរចំពោះកិច្ចប្រជុំលើកនេះ?»
យ៉ាងណាក៏ដោយ ក៏មន្ត្រីមកពីគណបក្សទាំងពីរបានបង្ហញនូវសុទ្ទិដ្ឋិនិយមដូចគ្នាថា បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់ដឹកនាំ របស់គណបក្សទាំងសងខាងរួចរាល់ នៅក្នុងជំនួបលើកទី៤ នាថ្ងៃទី១៧ ខែមីនាខាងមុខ អាចនឹងមានលទ្ធផលជាវិជ្ជមាន ហើយការខ្វែងគំនិតគ្នាក្នុងថ្ងៃនេះ អាចនឹងទម្លុះទម្លាយបាននៅពេលនោះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ មីនា ២០១៤