កែម ឡី ហៅ សុខ ទូច ជា​«ស្វា​ប៉ាហ៊ី ឬ​ស្វា​ទី​ប្រាំពីរ»?

«សុខចិត្តរស់នៅ ក្នុងស្ថានភាពក្រីក្រ ប្រសើជាងមានឈ្មោះ ជាស្វាប៉ាហ៊ី ឬស្វាប្រាំពីរ» នេះជាការអះអាង យ៉ាង​មុតមាំ របស់​លោក កែម ឡី នៅលើបណ្ដាញសង្គម។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់​បណ្ដាញ​សង្គម ថា​ជា​ការ​ពោល​បញ្ឆិត​បញ្ឆៀង ទៅ​លោក សុខ ទូច។
កែម ឡី ហៅ សុខ ទូច ជា​«ស្វា​ប៉ាហ៊ី ឬ​ស្វា​ទី​ប្រាំពីរ»?
លោក សុខ ទូច និងលោក កែម ឡី។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 21, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅបន្ទាប់ពីព្រឹត្តិការណ៍ លោកគ្រូ ឬបណ្ឌិត«ក្រៀវជ្រូក» របស់លោក ម៉ុង ឫទ្ធី កាលពីប៉ុន្មានថ្ងៃមុន នៅ​ពេល​នេះ ជាករណី«ស្វាប៉ាហ៊ី ឬស្វាទីប្រាំពីរ» របស់លោក កែម ឡី ម្ដង។ ការលើកឡើងនេះ ត្រូវបានក្រុមអ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម វាយតម្លៃថា ជាការចង្អុល ឬរំលឹកក្នុងន័យស្ថាបនា ទៅលោក សុខ ទូច ដែលកំពុង​មមាញឹក ក្នុងការពិនិត្យ​ផែនទី​កម្ពុជា ក្នុងនាមលោកជាប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាពកម្ពុជា។

ប៉ុន្តែលោក កែម ឡី ដែលបានសរសេរពាក្យប៉ុន្មានឃ្លា នៅលើទំព័រហ្វេសប៊ុករបស់លោក អមនឹងរូបភាពអ្នក​វិភាគ​ល្បីៗ (មានដូចជាលោក ឡៅ ម៉ុងហៃ លោក សុខទូច និងរូបលោកជាដើម) នេះ មិនបានបញ្ជាក់ថា លោក​​ចង់​មានន័យ ស្ដីឲ្យឬរំលឹក (ទោះក្នុងន័យស្ថាបនា) ទៅរកនរណាម្នាក់ ឲ្យចំឈ្មោះឡើយ។ គ្រាន់តែ​មនុស្ស​​ម្នាក់​នោះ មាន​រូបរាងជាមនុស្ស តែចរឹតជា«ស្វា» ដែលលោកដាក់លេខរៀងទី៧ ថាជាប្រភេទស្វាលេង​ប៉ាហ៊ី។

អ្នកស្រាវជ្រាវខាងសង្គមរូប​នេះ បានចាប់ផ្ដើមថា៖ «ធ្វើជាមនុស្ស មិនត្រួវសម្លាប់វិជ្ជាជីវៈ​របស់​ខ្លួន ក្នុងដៃមនុស្ស ដែលយកភាពវ័យឆ្លាត​របស់​ខ្លួន ទៅប្រព្រឹត្ត​តែ​អំពើ​អាក្រក់ និងឃោរឃៅនោះទេ។ ការដែល​ខំសន្សំ ការយល់​ដឹង ជាមួយអ្នកមាន​គុណ និង​គ្រូដ៏ច្រើននាក់ ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋ ដប់ម្ភៃឆ្នាំ ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយទៀត ពី​សិក្ខា​សាលា​មួយ ទៅ​សិក្ខា​សាលាមួយ ពីកិច្ចប្រជុំមួយ ទៅកិច្ចប្រជុំ​មួយ​ទៀត មិន​ត្រូវ​បណ្តាយ ឲ្យវិជ្ជាជីវៈរបស់ខ្លួន ធ្លាក់​ចូល​ក្នុង​ដៃ​មនុស្ស​ឆ្លាត ដែលព្យាយាមប្រព្រឹត្ត តែអំពើ​អាក្រក់ ឃោរឃៅ​នោះ។»

លោក កែម ឡី បានលើកពីជំហរផ្ទាល់ខ្លួន ទាក់ទងនឹងមនុស្ស ដែលគ្មានឈ្មោះនោះទៀតថា៖ «បើទោះជាធ្លាក់​ខ្លួនក្រ ជាប់ពន្ឋនាគារ ត្រួវគេសម្លាប់ និង​រង្វាន់លុយកាក់ រាប់សិបលានដុល្លា ក៏ត្រូវតែរក្សានូវអ្វី ដែលខ្លួន​បាន​សន្សំ មិនត្រួវបំផ្លាញវិជ្ជាជីវៈខ្លួន ដោយ​ដៃ​មនុស្ស ដែលយកភាពវ័យឆ្លាតរបស់ខ្លួន ប្រព្រឹត្តតែអំពើអាក្រក់ ឃោរឃៅ​​នោះ​ទេ (SMART IN A VERY BAD WAY)។»

នៅទីបំផុត អ្នកស្រាវជ្រាវដ៏ល្បីឈ្មោះ បានធ្វើការប្រៀបធៀប​មនុស្សនោះ ទៅនឹង «ស្វាប៉ាហ៊ី ឬស្វា​ទី​ប្រាំពីរ»។ លោកបានសរសេរថា៖ «សូមប្អូនៗ សុខចិត្តរស់នៅ ក្នុងស្ថានភាពក្រីក្រ ប្រសើជាងមានឈ្មោះ ជា​ស្វា​ប៉ាហ៊ី ឬស្វា(ទី)ប្រាំពីរ។ តើការធ្វើស្វាប៉ាហ៊ី មានតម្លៃអ្វីសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិនោះ?» ជា​ពិសេស លោក កែម ឡី បាននិយាយនៅចុងបញ្ចប់ថា៖ «សូមប្អូនៗ សុខចិត្តពលីជីវិត ដើម្បីប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ កុំសុខចិត្តស្លាប់ ដើម្បីមេដឹកនាំ ដែលមិនចេះស្តាប់ពលរដ្ឋ។»

តើស្វាប៉ាហី ជានរណាទៅ ឲ្យពិត?

អ្នកប្រើប្រាស់បណ្ដាញសង្គម យ៉ាងលើសលប់ បានចាត់ទុកថា ស្វាប៉ាហ៊ី ឬស្វាទីប្រាំពីរ ដែលជាការ​លើក​ឡើង​របស់លោក កែម ឡី ជាការហៅដោយប្រយោល ទៅលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត​សភា​កម្ពុជា ដែលកំពុងធ្វើការស្រាវជ្រាវ ត្រួតពិនិត្យផែនទីកម្ពុជា។ ប៉ុន្តែពាក្យថា ស្វាប៉ាហី ឬស្វាប្រាំពីរ ត្រូវ​បាន​លោក កែម ឡី បកស្រាយនាពេលកន្លងមក​ថា៖ «ស្វាទីប្រាំពីរ ជាស្វាប៉ាហ៊ី៖ អ្នកខ្លះទៀតសុខចិត្តធ្វើ​ស្វា​​ប៉ាហ៊ី នៅ​លើ​វេទិកា​សម្ភោធ លោតតាមមេងាក និងលុតក្រាប លើកជើងមេ ឲ្យតែបានទទួលតំណែង លាភ​សក្ការៈ សម្ភារៈ និង​ឋានៈ។ មនុស្សប្រភេទនេះពេលខ្លះ ចិត្តសម្លាប់ បុក បាញ់ដើម្បីផ្គាប់ចិត្តមេ និងបាន​បញ្ចេញ​​ពាក្យ​ថា សុខចិត្ត​នៅ​ក្រោម​បាត​ជើង​មនុស្សម្នាក់ ឲ្យតែបានត្រួតត្រាមនុស្ស មួយ​នគរ​ខ្មែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...