ប្រពន្ធស្លាប់ និងប្តីកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០៤ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ ត្រូវបានបងប្អួនសាច់ញាតិ នៃសពនៅភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ប្រាប់ឲ្យដឹងថា បុរសជាប្តី ឈ្មោះ រ៉ុង អាយុប្រមាណ៤០ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ធន អ្នកទាំងពីរ ជាកម្មករសំណង់ ធ្វើការនៅម្តុំទួលទំពូង។ អ្នកជិតខាងទាំងនោះ បានបន្ថែមទៀតថា មុនពេលមានអាការៈពុល បែបនេះកើតឡើង ទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នាទៅទិញនំបញ្ចុកគីឡូ (មានតែនំបញ្ចុកសុទ្ធ គ្មានទឹកសម្លរ គ្មានល្បោយ) ពីអ្នកលក់មួយកន្លែង នៅក្បែរផ្សារខាងលើ។
លុះទិញនំបញ្ចុករួច និងត្រឡប់មកដល់បន្ទប់ជួលវិញ ទើបប្តីប្រពន្ធខាងលើ ចាប់ផ្តើមស្លរទឹកនំបញ្ចុកនោះ ដោយខ្លួនឯង ក្រោយពីទទួលទានមិនបានប៉ុន្មានផង ស្រាប់តែមានអាការៈមិនស្រួល ដោយក្អួតចេញមកយ៉ាងខ្លាំង ទាំងពីរនាក់ប្តីប្រពន្ធ នៅកណ្តាលយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ។ អ្នកធ្វើការជាមួយ បានបញ្ជូនប្ដីប្រពន្ធរងគ្រោះទាំងពីរ ទៅកាន់មន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ។
ក្រុមគ្រួសារនៃសព ឲ្យដឹងទៀតថា ពេលទៅដល់មន្ទីរពេទ្យ ស្រ្តីជាប្រពន្ធបានទទួលមរណៈភាពភ្លាមៗ ចំណែកបុរជាប្តី កំពុងធ្វើការសង្គ្រោះបន្ទាន់ តែមិនទាន់ទទួលបានលទ្ធផល យ៉ាងណានោះឡើយ។ បច្ចុប្បន្ន សពស្រ្តីជាប្រពន្ធ ត្រូវបានបញ្ជូនទៅធ្វើបុណ្យ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាស្រុកកំណើត។
ក្រុមពលរដ្ឋ ដែលរស់នៅបន្ទប់ជួល ក្បែរអ្នករងគ្រោះ បាននិយាយតៗគ្នាថា ពួកគាត់សង្ស័យគ្រួសារខាងលើ ពុលនំបញ្ចុកទាំងពីរនាក់។ ព្រោះនៅល្ងាចកើតហេតុ អ្នកទាំងពីរមិនបានទទួលទានបាយ ឬញ៉ាំគ្រឿងស្រវឹងអ្វីនោះទេ មានតែនំបញ្ចុកមួយមុខគត់។ ដោយឡែក គេនៅមិនទាន់ទទួលបាន លទ្ធផលច្បាស់លាស់ ពីគ្រូពេទ្យនៅឡើយ ទាក់ទងនិងការការសង្ស័យនេះ។ យ៉ាងណា អ្នកជិតខាងបានសន្និដ្ឋានយ៉ាងដូច្នេះ ព្រោះដោយឃើញស្ថានភាពជាក់ស្តែង របស់អ្នកជំងឺតែម្ខាងប៉ុណ្ណោះ៕