ឌុយតែតេ រង​​បណ្ដឹង​ពី​បទ​«ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ»

មេធាវីមួយរូប បានចោទ​ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ពី​«ឧក្រិដ្ឋកម្ម» នៅ​ក្នុង​ក្រប​ខណ្ឌ នៃការប្រយុទ្ធប្រឆាំង នឹងការជួញដូរ-សេពគ្រឿងញៀន តាំង​ពីច្រើន​ខែ​កន្លង​មក។ មេធាវី​រូប​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ ទៅកាន់តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស «ICC» និង​ភាសា​បារាំង «CPI»។
ឌុយតែតេ រង​​បណ្ដឹង​ពី​បទ​«ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ»
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ (រូបថត Reuters)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 25, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេធាវីជាតិហ្វីលីពីនមួយរូប បានដាក់ពាក្យបណ្ដឹង ប្ដឹងចោទប្រធានាធិបតី នៃកោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ ចំនួន១១នាក់ទៀត ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស «ICC» និងភាសាបារាំង «CPI» កាលពីថ្ងៃចន្ទម្សិលម៉ិញ។ លោក​មេធាវី «Jude Sabio» បាន​ចោទ​មេដឹកនាំ​ទាំង​នេះ ពីបទ«ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ជុំវិញយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ជួញដូរ​-សេព​គ្រឿងញៀន តាំងពីពេល​កន្លងមក រហូតមកដល់​សព្វថ្ងៃ។

នៅក្នុងពាក្យបណ្ដឹង ដែលមានកម្រាស់៧៧ទំព័រ លោកមេធាវីបានអះអាងថា លោក រ៉ូឌ្រីចូ ឌុយតែតេ បាន​ប្រព្រឹត្តិ​ទង្វើ​ឧក្រិដ្ឋ​ជាច្រើន ប្រឆាំងនឹងមនុស្សជាតិ ដោយមានលក្ខណៈដដែលៗ និងជាបន្តរហូត។ ពាក្យ​​បណ្ដឹង​​បាន​​សរសេរ​ថា ជាមួយនឹងបញ្ជារបស់លោក ឌុយតែតែ ការកាប់​សម្លាប់​មនុស្ស ដែល​ជា​ជន​សង្ស័យ នៅ​​ក្នុង​​រឿង​រ៉ាវ​ទាក់ទង​​នឹង​គ្រឿងញៀន បានក្លាយជា​«វិធីសាស្ត្រ​ដ៏​ប្រសើរ»​បំផុត»។

លោក «Juge Sabio» គឺជាមេធាវីការពារ ឲ្យលោក «Edgar Matobato» បុរសម្នាក់ដែល​បាន​ឆ្លើយ​​សារភាព នៅ​ចំពោះ​ព្រឹទ្ធសភា​ហ្វីលីពីន ថាខ្លួន​គឺជា​សមាជិក​មួយរូប របស់​«ក្រុមពិឃាត»​សំងាត់ បង្កើត​ឡើង​​នៅ​ក្រោម​​បញ្ជា​ របស់​លោក ឌុយតែតេ។ ពាក្យបណ្ដឹង​ខាងលើ បានយោង​លើ​សំដី​សារភាព របស​បុរស​រូបនេះ ការ​រក​ឃើញ​ពី​សំណាក់​​ក្រុម​​អង្គការក្រៅ​រដ្ឋាភិបាល ការចុះផ្សាយ​របស់​សារព័ត៌មាន រួមនឹងសក្ខីកម្ម​របស់មន្ត្រី​នគរបាល​ចូល​និវត្តន៍​មួយ​រូប​ទៀត។

រីឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិវិញ ក៏បានបញ្ជាក់ដែរ ពីការទទួលយកពាក្យបណ្ដឹងនេះ ហើយវា​ជា​បណ្ដឹង​ជា​សាធារណៈ លើក​ដំបូង​បង្អស់ ដែលត្រូវបានដាក់​នៅឯតុលាការនេះ ប្រឆាំងនឹង​ប្រធានាធិបតី សម្ដី​ខ្លាំងៗ របស់​ប្រទេសហ្វីលីពីន ដែលទើបនឹងចូលមកកាន់តំណែង មិនទាន់បានមួយឆ្នាំ ស្រួលបួលផងទេ។ ប៉ុន្តែ​រយៈ​ពេល​នេះ យុទ្ធនាការ​បង្ក្រាប​ការ​ជួញដូរ-សេព​គ្រឿង​ញៀន ដែលបង្កើត​ឡើង ដោយលោក​ប្រធានាធិបតី បាន​សម្លាប់​មនុស្ស អស់​ជិត ៩០០០នាក់ ខណៈ​១ភា៣ ពីក្នុង​ចំណោមនោះ ត្រូវបានសម្លាប់​ដោយ​កងកម្លាំង​អាជ្ញាធរ។

សម្រាប់លោក «Salvador Panelo» ទីប្រឹក្សាផ្នែកច្បាប់ របស់លោក រ៉ូឌ្រីចូ ឌុយតែតេ វិញ បានថ្លែង​នៅ​​តាម​​កញ្ចក់​ទូរទស្សន៍ «ANC» ថា ពាក្យបណ្ដឹង​របស់​លោកមេធាវី «Juge Sabio» ទៅ​កាន់​តុលាការ «ICC-CPI» មាន​ចរិត​ជា​ការ​«អួត​ក្អេងក្អាង»​មួយ ។ លោក​ទីប្រឹក្សា​មានជំនឿថា តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ មិន​មាន​សមត្ថភាព ​ឬ​យុត្ថាធិការ នៅ​ក្នុង​សំនុំរឿង​បែប​នេះ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...