កូរ៉េខាងជើងគម្រាមរំលាយប្រទេសអាមេរិក ចេញពីផែនដី
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៧
- កែប្រែចុងក្រោយ: April 25, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មហាអំណាចទីមួយ នៅលើផែនដី កំពុងរងការគម្រាម ពីការបាត់រូបរាង ចេញពីផែនទីពិភពលោក។ នេះ បើតាមគេហទំព័រផ្លូវការមួយ របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលបានចេញផ្សាយ នូវការព្រមានដូច្នេះ ក្នុងករណីដែលមហាអំណាចមួយនេះ ហ៊ានប្រកាសសង្គ្រាម នៅលើឧបទ្វីបកូរ៉េ។ ការព្រមាននេះ បានចាក់ប្រេងបន្ថែម ទៅលើស្ថានភាពដ៏តឹងតែង ដែលកំពុងមានស្រាប់ហើយ បន្ទាប់ពីការប្រកាសបញ្ជូន នាវាសង្គ្រាមផ្ទុកដោយយន្ដហោះចម្បាំង របស់អាមេរិក ទៅកាន់សមុទ្រជប៉ុន។
ការពីចុងសប្ដាហ៍កន្លងទៅ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃឃ៍ ផេន្ស៍ (Mike Pence) បានថ្លែងពីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី មកថា នាវាសង្គ្រាម «Carl Vinson» ដែលមានផ្ទុកយន្ដហោះរាប់សិប រួមនឹងនាវាពិឃាត និងនាវាល្បាតផ្សេងទៀត ដែលមានសមត្ថភាពបាញ់កាំជ្រួច សំដៅដីគោកបាននោះ នឹងមកដល់សមុទ្រជប៉ុន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ សមុទ្រជប៉ុន ដែលស្ថិតនៅ ទល់មុខតំបន់ឆ្នេរខាងលើ នៃឧបទ្វីបកូរ៉េ។
» អត្ថបទដែលទាក់ទង៖ នាវាសង្គ្រាមផ្ទុកយន្ដហោះចម្បាំងអាមេរិក ជិតមកដល់សមុទ្រជប៉ុន
ការចល័តកងទ័ព និងសព្វាវុធធុនធ្ងន់ទាំងនេះ បានធ្វើឡើង ដើម្បីត្រៀមឆ្លើយតប ទៅនឹងការលេចឮចុងក្រោយបំផុត ដែលអះអាងថា របបកុម្មុយនីសកូរ៉េគ្រោងនឹងសាកល្បង គ្រាប់បែកនុយក្លេងអ៊ែ ជាលើកទី៦របស់ខ្លួន នៅពេលខាងមុខ។ គ្រាន់តែនៅក្នុងខែមេសានេះ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចរបស់ផងខ្លួន ចំនួនពីរដងរួចហើយ។
គេហទំព័រ «Uriminzokkiri» ដែលជាគេហទំព័រ សម្រាប់ការឃោសនា របស់ក្រុងព្យុងយ៉ាង បានអះអាងថា ការចល័តនាវាសង្គ្រាម «Carl Vinson» មកកាន់ឧបទ្វីបកូរ៉េ ជាការប្រកាសសង្គ្រាម ហើយ«វាជាភស្ដុតាង មិនអាចប្រកែកបាន អំពីការឈ្លានពាន មកលើប្រទេសកូរ៉េខាងជើង ដែលកើតឡើង សឹងតែគ្រប់ពេលវេលា»។ ក្នុងបទវិចារណកថារបស់គេហទំព័រនេះ បានសរសេរព្រមានក្រុងវ៉ាស៊ីនតោន ពីកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលប្រទេសអាមេរិក ប្រដូចប្រទេសកូរ៉េខាងជើង ទៅនឹងប្រទេសស៊ីរី។
គេហទំព័រឃោសនា បានសរសេរថា៖ «ពិភពលោកនឹងមើលឃើញ ថាតើនាវានុយក្លេអ៊ែរ ដ៏ល្ងីល្ងើរបស់ក្រុងវ៉ាស៊ីនតោន នឹងត្រូវកំទេច ឲ្យក្លាយជាគំនរដែក លិចបាត់ចូលទៅបាតសមុទ្រ ដោយរបៀបណា ហើយជាពិសេស មើលឃើញថា តើប្រទេសមួយ ដែលមានឈ្មោះ អាមេរិក នឹងត្រូវបានរលប់បាត់ពីផែនដី យ៉ាងដូចម្ដេច»។
«ការគម្រាមកំហែងផ្នែកយោធា ទាំងននលគោក»
រីឯសារព័ត៌មាន «Rodong Sinmun» ដែលគេស្គាល់ថា ជាអ្នកនាំពាក្យរបស់របបកុម្មុយនីស ក៏បានសរសេរបរិយាយដែរ នៅក្នុងបទវិចារណកថារបស់ខ្លួនថា កងទ័ពប្រជាជនកូរ៉េ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឈ្មោះផ្លូវការ របស់ប្រទេសកូរ៉េខាងជើង) មិនបានញាប់ញ័រ នឹងដំណឹងនៃការមកដល់ របស់នាវាសង្គ្រាមខាងលើ របស់ប្រទេសអាមេរិកឡើយ ដោយចាត់ទុកដំណឹងនេះ ជា«ការគម្រាមកំហែងផ្នែកយោធា ទាំងននលគោក»មួយ។ សារព័ត៌មាន បានសរសេរថា៖ «កងទ័ពប្រជាជនកូរ៉ បានត្រៀមរួចជាស្រេច ក្នុងការពន្លិចនាវាសង្គ្រាមទាំងនោះ របស់សហរដ្ឋអាមេរិក ដោយបើកប្រតិបត្តិការវាយប្រហារ តែម្ដងគត់»។
ការព្រមានកំទេចសហរដ្ឋអាមេរិក ពីសំណាក់របបកុម្មុយនីស មិនមែនទើបតែកើតមាន ជាលើកទីមួយនោះទេ ហើយរបបដឹកនាំមួយនេះ នៅតែប្រកាន់ភ្ជាប់ នូវគម្រោងរបស់ខ្លួន ក្នុងការផលិតកាំជ្រួចរយៈឆ្ងាយ ដែលមានបំពាក់ ដោយគ្រាប់បែកនុយក្លេអ៊ែរ ដើម្បីបាញ់ទៅដល់ទឹកដីអាមេរិក។ តែបច្ចេកវិទ្យា របស់របបកុម្មុយនីស ត្រូវក្រុមអ្នកតាមដាន និងអ្នកជំនាញជាច្រើននាក់ គិតថា នៅមិនទាន់មានលទ្ធភាព ទៅដល់នោះ នៅឡើយ៕