នាវាមុជទឹក«នុយក្លេអ៊ែរ»រ៉ូស្ស៊ី លបចូលមកក្បែរឆ្នេរសមុទ្របារាំង
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៩ មីនា ២០១៦
- កែប្រែចុងក្រោយ: March 20, 2016
- ប្រធានបទ: សង្គ្រាមត្រជាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើប្រទេសបារាំង កំពុងប្រឈមនូវការសំដែងមហិទ្ធិរិទ្ធ ពីសំណាក់កងទ័ពរ៉ូស្ស៊ីឬ? ទោះជាយ៉ាងណាក៏ដោយ ក៏វានៅតែជាហេតុការណ៍លើកដំបូងមួយ បន្ទាប់ពីសង្គ្រាមត្រជាក់ បានបិទបញ្ចប់ទៅ តាំងពីច្រើនសិបឆ្នាំមកហើយ។
ទស្សនាវដ្ដីបារាំងឈ្មោះ «L'Obs» បានស្រង់ប្រភព ពីអ្នកទទួលខុសត្រូវជាន់ខ្ពស់បារាំងមួយរូប មកអះអាងថា កងទ័ពជើងទឹកបារាំង បានមើលឃើញ នាវាមុជទឹករ៉ូស្ស៊ីនុយក្លេអ៊ែរមួយគ្រឿង ចូលមកក្នុងដែនទឹកបារាំងមួយ ដែលហៅថាឈូងសមុទ្រ ហ្គាស្កូញ (Gascogne - ស្ថិតនៅចន្លោះពីឆ្នេរសមុទ្របារាំង ភាគខាងលិច ទៅទល់នឹងឆ្នេរសមុទ្រអេស្ប៉ាញ ភាគខាងជើង) កាលពីចុងខែមករា។
ប្រភពបានបញ្ជាក់ទៀតថា នាវាមួយនេះ ស្ថិតក្នុងចំណោមនាវាមុជទឹកនុយក្លេអ៊ែរទាំង១១ របស់ប្រទេសរ៉ូស្ស៊ី ដែលមានសមត្ថភាព អាចធ្វើការបាញ់កាំជ្រួច ដើម្បីបើកការវាយប្រហារ ពីក្នុងទឹកបាន។ នាវាមុជទឹកប្រភេទនេះ មានមូលដ្ឋាននៅក្នុងកំពង់ផែយោធា ឈ្មោះ «Mourmansk» ស្ថិតនៅភាគពាយ័ព្យនៃប្រទេសរ៉ូស្ស៊ី។
ទស្សនាវដ្ដីដដែល បានព្យាយាមធ្វើការសាកសួរ ទៅក្រសួងការពារជាតិបារាំង ពីបញ្ហានេះ តែមិនមានការឆ្លើយតប ហើយក្រសួងការពារជាតិ ក៏មិនបានធ្វើការច្រានចោលនោះដែរ។ នេះជាហេតុការណ៍កើតឡើងលើកដំបូងហើយ នៃវត្តមានរបស់នាវាមុជទឹកមួយគ្រឿង ដែលចូលមកក្នុងដែនទឹក របស់ប្រទេសអធិបតេយ្យយ៉ាងដូច្នេះ បើគេរាប់ចាប់តាំង ពីការបិទបញ្ចប់សម័យកាលសង្គ្រាមត្រជាត់ នាឆ្នាំ១៩៩១នោះមក។
បង្ហាញមហិទ្ធិរិទ្ធិ នៅចំពោះអ៊ឺរ៉ុបខាងលិច...
មិនមែនមានតែប៉ុណ្ណឹងទេ ព្រោះកាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ មេបញ្ជាការកងទ័ពអាកាសបារាំង បានថ្លែងឲ្យដឹងដែរថា យន្ដហោះទម្លាក់គ្រាប់បែករ៉ូស្ស៊ី «TU-160» ចំនួនពីរគ្រឿង ដែលមានល្បឿនលឿនជាងសម្លេង ត្រូវបានឃើញ ថាបានហោះពីលើសមុទ្រ ម៉ង់ឆ៍ (Manche សមុទ្រដែលនៅចន្លោះ រវាងបារាំង និងអង់គ្លេស) នៅក្បែរនឹងឆ្នេររបស់ប្រទេសបារាំង។
បើតាមលោក «André Lanata» ឧត្តមសេនីយ៍យោធាបារាំងមួយរូប បានពន្យល់ពីវត្តមានសម្ភារៈសិកទាំងនេះ ថាគឺជាយុទ្ធសាស្ត្រមួយ។ លោកថ្លែងថា តាមរយៈការរំលោភ ចូលមកក្នុងទឹកដីបារាំងនេះ ប្រទេសរ៉ូស្ស៊ីចង់បង្ហាញ ពីមហិទ្ធិរិទ្ធិរបស់ខ្លួន នៅចំពោះអង្គការអូតង់ (OTAN ឬ NATO - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង)។
ដើម្បីឆ្លើយតប នឹងការហោះហើរដ៏ចម្លែកនេះ កងទ័ពអាកាសអង់គ្លេស និងបារាំង បានបញ្ជូនយន្ដហោះរបស់ផងខ្លួន ឲ្យចេញប្រតិបត្តិការ«ស្វាគមន៍»យន្ដហោះរ៉ូស្ស៊ី។ ខាងអង់គ្លេស បានបញ្ចេញយន្ដហោះប្រដេញ ធុន «Eurofighter Typhoon» ចំនួនពីរគ្រឿង ខណៈខាងបារាំង បានបញ្ជូនយន្ដហោះប្រដេញ ធុន «Rafale» មួយគ្រឿង និងធុន «Mirage 2000-5» មួយគ្រឿងទៀត។ ទីបំផុត យន្ដហោះរ៉ូស្ស៊ីទាំងពីរ បានវិលត្រឡប់ក្រោយវិញ ដោយគ្មានធ្វើសកម្មភាពអ្វីទាំងអស់៕