សម រង្សី ថាកាលតិច និងតូតាល់ បង់ពន្ធប្រេងសាំងត្រឹមត្រូវ
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 22, 2014
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកទល់នឹងម៉ោងនេះ តម្លៃប្រេងសាំងនៅតាមស្ថានីយនានា ក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះបន្តិចហើយ ពីមួយលីត្រ ជាង៥០០០រៀល មកនៅត្រឹមតែ ជាង៤០០០រៀល ប៉ុណ្ណោះ។ ការបញ្ចុះថ្លៃនេះ បានកើតឡើងដោយសេចក្ដីប្រកាសមួយ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ វិច្ឆិកា កំណត់ពីតម្លៃប្រេងសាំងនៅកម្ពុជា សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មចំនួនប្រាំ និងបន្ទាប់ពីមានការស្នើសុំ របស់អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ដែលសុំឲ្យរដ្ឋាភិបាល ពិចារណាលើការបញ្ចុះតម្លៃប្រេងសាំងនេះ កាលពីថ្ងៃទី១៧ វិច្ឆិកា។
ប៉ុន្តែបើទោះបីជាមានកាលក់ចុះថ្លៃខ្លះហើយក៏ដោយ ក៏នៅមានស្ថានីយ៍មួយចំនួនទៀត ជាពិសេសស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ (TOTAL) និងកាលតិច (CALTEX) នៅតែលក់ប្រេងសាំងថ្លៃជាង ស្ថានីយ៍ សូគីម៉ិច (SOKIMEX) និងតេលា (TELA) ហើយវាខុសគ្នាប្រមាណ ២០០៛ក្នុងមួយលីត្រ នៅថ្ងៃទី២១ខែវិច្ឆិកានេះ។
ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេពីមូលហេតុដែលក្រុមហ៊ុនលក់សាំងទាំងពីរ នៅតែលក់ថ្លៃជាងក្រុមហ៊ុនដទៃទៀត ថាបណ្ដាលមកពីអំពើពុករលួយ។ ទំព័រនោះបានសរសេរថា ដោយសារតែក្រុមហ៊ុននៅក្នុងស្រុកមួយចំនួន ដែលមានអ្នកកាន់អំណាចពុករលួយនៅពីក្រោយខ្នង អាចនាំចូលប្រេងសាំង ដោយមិនបង់ពន្ធជូនរដ្ឋ តែក្រុមហ៊ុនអន្តរជាតិដូចជា តូតាល់ និង កាលតិច វិញ មិនអាចរត់គេចពន្ធបាន ទើបលក់ថ្លៃជាងគេ ២០០រៀល។
អ្នកលក់មួយរូប ប្រចាំនៅស្ថានីយ៍ប្រេងឥន្ធនៈកាលតិច បានថ្លែងប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា រូបលោក និងស្ថានីយ៍គ្រាន់តែជាអ្នកលក់ប៉ុណ្ណោះ លោកមិនអាចកំណត់តម្លៃដោយខ្លួនឯងបានទេ។ លោកបានបញ្ជាក់ថា «សាំងនៅលក់ក្នុងតម្លៃធម្មតានៅឡើយ (...) ព្រោះមិនបានដំណឹងពីថ្នាក់លើថា ឲ្យលក់បញ្ចុះតម្លៃនោះទេ»។
ទំព័រលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏ល្បីល្បាញ បានអធិប្បាយបន្ថែមទៀតថា តម្លៃប្រេងសាំងមួយលីត្រ ដែលលក់រាយតាមផ្លូវ គឺមានបង្កប់ពន្ធ ដែលត្រូវបង់ជូនរដ្ឋ ប្រមាណ ១០០០៛ក្នុងមួយលីត្រ។ ក្រុមហ៊ុនអន្តរជាតិដូចជា តូតាល់និង កាលតិច តែងតែបង់ពន្ធជូនរដ្ឋគ្រប់ចំនួន គឺ ១០០០៛ក្នុងមួយលីត្រ។ តែក្រុមហ៊ុនក្នុងស្រុកខ្លះ ដែលចែកចាយប្រេងសាំងគេចពន្ធ គេអាចលក់ថោកជាង ២០០រៀលក្នុងមួយលីត្រ បើប្រៀបធៀបទៅនឹង តូតាល់ និង កាលតិច ហើយគេនៅតែចំណេញច្រើនជាង ៨០០រៀលថែមទៀត៕