ឆៃលី ដាឡែន បដិសេធរឿងមានផ្ទៃពោះដោយមិនទាន់រៀបការ
បន្ទាប់ពីទទួលបំរាបមិនឲ្យលើកឆាកសម្តែង អស់រយៈពេលជិតពីឆ្នាំមករបស់នាង ឆៃលី ដាឡែន ដែលហ៊ានបញ្ចេញភាពសិចស៊ីជ្រុល កាលពីនៅអាមេរិកនោះមក មួយរយៈកាលចុងក្រោយនេះ នាងឆៃលី ដាឡែនហាក់មានពន្លឺក្នុងសិល្បៈខ្លះៗវិញ ដោយតែមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ព្រមទទួលយកនាងសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ឆ្លៀតឱកាសនេះ ដើម្បីបដិសេធនូវពាក្យចចាមអារ៉ាមដ៏អាស្រូវមួយ ដែលបានតាមមករំខានដល់ជីវិតផ្ទាល់ខ្លួនរបស់នាង។
នាងឆៃលី ដាឡែន នៅពេលនាងទៅសម្ដែងនៅក្នុងកម្មវិធីទូរទស្សន៍។ (រូបថត MONOROOM.info/ SamNeang)
រាជធានីភ្នំពេញ - ដោយសារតែនាងឆៃលី ដាឡែនខំប្រឹងពុះពាររកគេឯង ជួយសុំឲ្យមានមុខក្នុងសិល្បៈឡើងវិញយ៉ាងលំបាកនោះ នៅពេលនេះនាងឆៃលី ដាឡែន បានសម្តែងនូវរឿងមិនសប្បាយចិត្ត និងបានបដិសេធចំពោះពាក្យចចាមអារ៉ាមមួយ ដែលបានលើកឡើងថា នាងមានកូនដោយមិនទាន់រៀបការថាជារឿងមិនពិត។ ការលើកឡើងរបស់រឿងអាស្រូវនេះ ដោយសារតែនាងទើបតែរើបឡើងវិញ ជាមួយជីវិតសិល្បៈ ទើបនាងមិនអាចអត់ទ្រាំ មិនអាចនៅស្ងៀមតទៅទៀតបាន។
ព័ត៌មានដែលគេនាំគ្នាលើកឡើង ផ្អើលតៗគ្នានោះ ដោយសារតែមានជនអនាមិកម្នាក់ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់នាង ដើម្បីបង្ហោះរូបភាពឯកសារមួយសន្លឹក ដែលជាលទ្ឋផលនៃការពិនិត្យអេកូផ្ទៃពោះ និងមានសរសេរពាក្យមួយឃ្លាថា «ខ្ញុំមានកូនហើយ»។ រូបភាពនោះបានបង្ហោះ កាលពីថ្ងៃទី១៤សីហា ២០១៣កន្លងមក ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមមហាជន តារាហ៊្វេសប៊ុកនានា និងបើសូម្បីអ្នកសិល្បៈក៍ភ្ញាក់រឿងនេះដែរ។ ការបែកធ្លាយនេះ មានមតិមួយចំនួនរិះគន់ថា ជារឿងមិនត្រឹមត្រូវ និងមិនបានឯកភាពសារទរ ចំពោះនាងដាឡែនថាជាអំពើល្អនោះទេ ព្រោះ មិនបានគោរពតាមប្រពៃណីទំនៀមទំលាប់ជាតិ ដែលតម្រូវឲ្យរៀបការសិនទើបអាចមានកូន។
ទោះបីមានជាមានអ្នករិះគន់នាងឆៃលី ដាឡែន ក្តី ក៏មានអ្នកខ្លះគាំទ្រនាង និង អបអរចំពោះព័ត៌មានដែលនាងរកបានកូនជាទីស្រលាញ់ និងក្លាយជាអ្នកគិតគូររកអនាគតនៃជីវិត ដូចគេឯង។
អ្វីដែលចំឡែកនោះ គឺក្រោយពីលេចចេញព័ត៌មាននេះភ្លាម នាងឆៃលី ដាឡែន មិនបានធ្វើការបកស្រាយពីមូលហេតុទាំងអស់នោះ ដើម្បីឲ្យអស់មន្ទិលសង្ស័យដល់មហាជនទូទៅអស់ចិត្តឡើយ។ ដូច្នេះហើយ ទើបព័ត៌មាននោះត្រូវបានគេគិតថា ឆៃលី ដាឡែន មានចេតនាបំប៉ោងព័ត៌មាននោះឡើង ក្នុងបំណងទទួលយកការទាក់ទាញមកវិញ ក្នុងអំឡុងពេលដែលនាងបាត់មុខ ពីកញ្ចក់ទូរទស្សន៍យូរពេក ព្រោះតែបម្រាមហាមឡើងឆាកនោះ។
តែនៅពេលចុងក្រោយនេះ តារាដើមទ្រូងបានដែលទើបតែមានយីអ៊ុនឡើងវិញ ដោយបានទូរទស្សន៍ហៅឲ្យឡើងច្រៀងនោះ បានចេញមកប្រកែក នៅចំពោះមុខអ្នកយកព័ត៌មាន ខណៈពេលដែលមានសំនួរជជីក ចង់ដឹងពីរឿងមានផ្ទៃពោះនោះ។ តារាយេរៗរូបនេះ បានថ្លែងថា ធម្មតាមនុស្សមានកូន គេដេកយកកម្លាំងសម្រាកឲ្យស្រួលខ្លួន ឲ្យរឹងដៃរឹងជើងរាប់ខែឯណោះ មិនមែនមកធ្វើខ្លួនឡើងច្រៀងស្រែកឡើងសរសៃក និងពាក់ស្បែកជើងខ្ពស់ៗ ទេ។ នាងថា បើធ្វើបែបនេះ គឺច្បាស់ជាទាស់រត់រកពេទ្យជួយមិនខាន។
នាងដាឡែនបានបញ្ជាក់ថា «ខ្ញុំឯណាទៅមានកូនមានផ្ទៃពោះអីនោះ បើខ្ញុំខ្លួនឯងមិនដឹងផងហ្នឹង ហើយគិតតែដើរច្រៀងជាប់គ្នារហូត ឡើងស្អក ក ច្រៀងជូនមហាជនលែងចង់កើតម្តងៗនោះ។ នាងខ្ញុំអត់មានកូនទេ បើមានក៏ការសិនដែរ ជៀសវាងការដិះដៀល បើទោះជានាងខ្ញុំនិយមស្លៀកយេរៗក្តី។ តែបើមិនបានរៀបការពេញច្បាប់ទំលាប់ ក៏នាងខ្ញុំមិនព្រមដែរ ព្រោះនាងខ្ញុំជាកូនខ្មែរមួយរូប បើមិនបានការក៏មិនរៀបការដែរ។» នាងដាឡែនបញ្ជាក់បន្ថែមថា «ខ្ញុំសុំបដិសេធថារឿងមានផ្ទៃពោះជារឿងមិនពិតទេ មិនដឹងថាគេបានរូបមកពីណាទេ (មក) បង្ហោះក្នុងហ្វេសប៊ុករបស់នាងខ្ញុំ»។
ចំពោះមុខអ្នកសារព័តមាន ដាឡែនបានសំណូមពរដល់អ្នកចូលចិត្តយករូបតារាៗ យកទៅលេងផ្តេសផ្តាស គួរកុំធ្វើបែបនេះទៀតមិនល្អទេ ណាមួយខ្លាចប៉ះពាល់ការងារសិល្បៈរបស់គេទៀត។ «និយាយរួមដូចជារូបខ្ញុំអ៊ីចឹង កំពុងតែរៀបចំខ្លួនឲ្យល្អឡើងវិញមិនឲ្យខុសឆ្គងទៀតទេ ដូចជាក្នុងពេលដែលនាងខ្ញុំឡើងសម្តែង តាមកញ្ចក់ទូរទស្សន៍នេះ ដូចនេះសូមមេត្តាកុំធ្វើបែបនេះទៀត នាងខ្ញុំមិនចង់បិទផ្លូវសិល្បៈ ជាមួយព័ត៌មានមិនល្អទៀតឡើយ។» នេះជាសំនូមពររបស់នាង ឆៃលី ដាឡែន៕
-----------------------------------------------
ដោយ៖ សំ នៀង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ