ជំនួបក្រុមបច្ចេកទេសពីរបក្ស នឹងដាក់បញ្ចូល គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤
- កែប្រែចុងក្រោយ: June 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចអ្វីដែលបានគ្រោងទុក ទើបតែពីរថ្ងៃប៉ណ្ណោះ បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទីថ្ងៃទី១០ ខែមិថុនា ថានឹងផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុសម្រាប់គណបក្សប្រឆាំង និងការដាក់បញ្ចូលស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញ ក្រុមការងារបច្ចេកទេសមកពីគណបក្សទាំងពីរ បានមកជួបគ្នាជាថ្មី ដើម្បីទម្លាយភាពជាប់គាំងខាងនយោបាយ ដែលកើតមានជិតមួយឆ្នាំមកហើយ។
ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិនយោបាយ - ក្នុងវិមានសរ នៃវិមានព្រឹទ្ឋសភា ក្រុមការងារបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលតុចចារជាថ្មីពិភាក្សាពីកំណែទម្រង់ និងការដាក់បញ្ចូល គ.ជ.ប ទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ។ ជំនួបត្រូវបានកើតឡើងភ្លាម បន្ទាប់ពីមានភ្លើង«ខៀវ» ពីនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រោយពេលគណបក្សសង្គ្រោះជាតិ បានប្រជុំគណកម្មការផ្ទៃក្នុងរបស់ខ្លួន ក្នុងការចាត់តាំងតំណាង និងដាក់ពេលជំនួប ជាមួយគណបក្សប្រជាជនកម្ពុជាភ្លាមៗ។
តាមសេចក្តីរាយការណ៍ផ្ទាល់ ពីអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានឲ្យដឹងថា វត្តមានសមាជិកនៃកិច្ចប្រជំនួបក្រុមបច្ចេកទេស ចាប់ពីព្រឹកម៉ោង៩ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នេះមានចំនួនប្រាំមួយនាក់ បីនាក់ខាងគណបក្សប្រជាជនកម្ពុជារួមមាន លោក ព្រុំ សុខា , លោក សក់ សេដ្ឋា និងលោក កើត រិទ្ឋ ឯបីនាក់ទៀតខាងគណបក្សសង្គ្រោះជាតិមាន លោក គួយ ប៊ុនរឿន, លោក យ៉ែម បុញ្ញប្ញទ្ឋិ និងលោក អេង ឆៃអ៊ាង។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ម្សិលម៉ិញនេះ លោកសុន ឆ័យ បានបញ្ជាក់ថាគោលជំហរ របស់គណបក្សសង្រ្គោះជាតិ ថាការកែទម្រង់ស្ថាប័នបោះឆ្នោត គឺត្រូវប្រើពេលយូរថែមទៀត ហើយទាល់តែមានការពិភាក្សាគ្នារវាងថ្នាក់ដឹកនាំកំពូល ទើបអាចបញ្ជាក់បាន។
ឯអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះបាន ឯកភាពឲ្យដាក់ស្ថាប័នបោះឆ្នោត ចូលទៅក្នុងរដ្ឋធម្មនុញ្ញ តាមរយៈការធ្វើវិសោធនកម្ម ហើយក៏អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើតស្ថានីយទូរទស្សន៍មួយផងដែរ។
ដូច្នេះការជួបគ្នាព្រឹកនេះ ដើម្បីដោះស្រាយពីការបញ្ចូលស្ថាប័នបោះឆ្នោត គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញ និងការបង្កើតទូរទស្សន៍គណបក្សសង្គ្រោះជាតិ ព្រមទាំងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការបោះឆ្នោតដែលនៅសេសសល់។
បើយោងតាមការបញ្ជាក់បន្ថែមពីមន្រ្តីមួយរូប របស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ជំនួបលើកនេះនឹងមានលទ្ធផលជាវិជ្ជមានច្រើន ព្រោះជាការជួបគ្នាដើម្បីសម្រេចលើអ្វី ដែលបានព្រមព្រាងគ្នានាពេលកន្លងមក។ ពិសេសការសម្រេចលើការលើកឡើង ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១០ នេះតែម្តង ព្រោះមិនចង់អូសបន្លាយពេលវេលាកាន់តែយូរ។ មន្ត្រីដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «មិនមែនពិនិត្យពិភាក្សាផ្តោះប្ដូរយោបល់អ្វីទៀតទេ ជាការជួបដើម្បីពិនិយ្យ និងសម្រេចក្នុងការចុះហត្ថលេខាតែម្តង។»
មកទល់នឹងម៉ោងជិត១១ព្រឹកនេះ កិច្ចជំនួបប្រជុំដោយបិទទ្វា នៅមិនទាន់បង្ហាញនូវលទ្ធផលយ៉ាងណានោះទេ។ តែតាមការបញ្ជាក់របស់មន្រ្តីពីធីការ នៃវិមានរដ្ឋសភា បានប្រាប់ថា បន្ទាប់ពីកិច្ចប្រជុំនេះចប់ នឹងមានសន្និសិទសារព័ត៌មានពីរដោយឡែកពីគ្នា រវាងគណបក្សទាំងពីរនេះ៕