វិភាគ៖ សម្ដី ហ៊ុន សែន បាន​ទម្លាយ​ដោយ​ខ្លួន​ឯង ពី​អំណាច​ប្រមូល​ផ្ដុំ

ជារឿយៗ ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា តែងបន្សល់ទុកនូវ«កន្ទុយ» ដែល​ធ្វើ​គេ​ដឹងកាន់តែច្បាស់ ពីរបៀបដឹកនាំប្រទេសរបស់លោក តាំងពីជិត៣០ឆ្នាំមកហើយ នោះគឺការក្រសោបក្ដោប​យក​អំណាចទាំងអស់ មកដាក់ក្រោមបញ្ជាតែបុគ្គលខ្លួនឯង តែម្នាក់គត់។ ការថ្លែងរបស់លោក ហ៊ុន សែន ខ្លួនឯង​យ៉ាង​ដូច្នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា បុរសខ្លាំងរូបនេះមិនដែលនឹកខ្វល់ថា តើការដឹកនាំប្រទេស ដែលឈានទៅ​រកនិតិរដ្ឋពិតប្រាកដ មានបែបផែន និងអត្ថន័យបែបណានោះទេ។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារឿយៗ ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា តែងបន្សល់ទុកនូវ«កន្ទុយ» ដែល​ធ្វើ​គេ​ដឹងកាន់តែច្បាស់ ពីរបៀបដឹកនាំប្រទេសរបស់លោក តាំងពីជិត៣០ឆ្នាំមកហើយ នោះគឺការក្រសោបក្ដោប​យក​អំណាចទាំងអស់ មកដាក់ក្រោមបញ្ជាតែបុគ្គលខ្លួនឯង តែម្នាក់គត់។ ការថ្លែងរបស់លោក ហ៊ុន សែន ខ្លួនឯង​យ៉ាង​ដូច្នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា បុរសខ្លាំងរូបនេះមិនដែលនឹកខ្វល់ថា តើការដឹកនាំប្រទេស ដែលឈានទៅ​រកនិតិរដ្ឋពិតប្រាកដ មានបែបផែន និងអត្ថន័យបែបណានោះទេ។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

វិភាគ - គេចេះតែឆ្ងល់ថា ហេតុអ្វីក៏ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើចោរកម្ម ឆក់ប្លន់ គ្រោះថ្នាក់ចរាចរណ៍ ... ចេះតែនៅកើតស្ទើរជារៀងរាល់ថ្ងៃ គ្មានលោះពេលសោះ ទាំងមិនដឹងពីដំណោះស្រាយ នៅពេលណា? គេចេះតែ​ឆ្ងល់ទៀតថា ប្រទេសកម្ពុជាដែលនិយាយតែពីបញ្ហាបង្រួបបង្រួមជាតិ តែក្នុងពេលកន្លងមកថ្មីៗ បែជាមានអំពើវាយ​តប់កាប់ចាក់ ឬបាញ់សម្លាប់ប្រកបដោយឈាម និងយ៉ាងរង្គាល តាមដងផ្លូវសាធារណៈ ដោយគ្មានការចាប់​ដាក់​ទោសទណ្ឌទាល់តែសោះ ពីសំណាក់មន្ត្រីអនុវត្តច្បាប់ដូចជា នគរបាលយុត្តិធម៌ ឬតុលាការទៅលើអ្នកប្រព្រឹត្តិខុស?

ចំងល់ទាំងអស់ខាងលើ មិនមែនគ្មានចម្លើយទេ គ្រាន់តែពលរដ្ឋកម្ពុជា ឬមន្ត្រីដែលកំពុងកាន់តួនាទី និងតំណែងធំៗ​នៅកម្ពុជា មិនចង់និយាយ ឬមិនហ៊ាននិយាយតែប៉ុណ្ណោះ។ ប៉ុន្តែបន្ដិចម្ដងៗ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯងនេះតែម្ដងដែលបង្ហើបឲ្យគេដឹង អំពីរបៀបដឹកនាំប្រទេសរបស់លោក ដែលលោកមិនដែលខ្វល់ពីអ្វីទៅ ដែលហៅ​ថាជាការប្រព្រឹត្តិទៅ នៃប្រព័ន្ធរដ្ឋបាលជាន់ខ្ពស់ តាមបែបនិតិរដ្ឋនោះឡើយ ព្រោះអ្វីៗត្រូវតែស្ថិតនៅក្រោម ការត្រួស​ត្រាយរបស់លោកទាំងអស់។

នៅក្នុងពិធីសំណេះសំណាល ជាមួយយោធិនពិការ លើទឹកដីស្រុកឈូក ខេត្ដកំពត កាលពីថ្ងៃទី១០ ខែមិថុនា​ម្សិល​ម៉ិញនេះ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែងចំអកដាក់ មេដឹកនាំគណបក្សប្រឆាំងថា៖ «ក្នុងករណីដែល​ខ្ញុំ​ដាច់សរសៃឈាមអញ្ចឹងមែន វេចប្រវេចឲ្យស្រួល ស្រណុករត់។ ខ្ញុំប្រាប់យកត្រង់។» ការថ្លែងចំអកនេះ ត្រូវបាន​លោក ហ៊ុន សែន ថ្លែងវាយបកទៅលើព្រឹត្តិការណ៍ចុងក្រោយនេះ ដែលបានផ្សព្វផ្សាយចេញមកថា លោកបាន​ធ្លាក់​ខ្លួនឈឺធ្ងន់ ចូលទៅព្យាបាលនៅមន្ទីរពេទ្យសិង្ហបូរីតាំងពីថ្ងៃទី៨ ខែមិថុនាកន្លងមក។ ព័ត៌មានចចាមអារាម ដែល​ផ្សាយនៅពាសពេញបណ្ដាញសង្គម ថែមបានធ្វើសេចក្ដីសន្និដ្ឋានទៀតថា លោក ហ៊ុន សែន បានធ្វើមរណភាព​ទៅ​ហើយនោះទៀត។

ប៉ុន្តែគឺនៅក្នុងពាក្យសម្ដីជាបន្ដបន្ទាប់មកទៀតនោះទេ ដែលបានបង្ហាញឲ្យគេឯងដឹង ពីសារជាតិដឹកនាំប្រទេស​របស់​លោក ហ៊ុន សែន ។ លោកនាយករដ្ឋមន្ត្រី បាននិយាយបន្ដថា៖ «អ្នកដែលមានលទ្ធភាពបញ្ហាកម្លាំងសរុប គឺមាន​តែ​ម្នាក់គត់ណ្នឹងឯង។ ក្រែងលោកឯង វាងាប់ណ្ន៎ (ព្រោះ) គ្មាននរណាបញ្ជាកម្លាំងទប់នោះ។ កុំបន់ឲ្យ ហ៊ុន សែន ងាប់​ណា គេកំពុងត្រូវការ ហ៊ុន សែន ដើម្បីគ្រប់គ្រងសភាពការណ៍។» និងសម្ដីជាងមួយម៉ោងរបស់លោក ជាបន្តបន្ទាប់​មកទៀត សុទ្ធ​សឹងតែធ្វើឲ្យគេឯងយល់ថា បើអត់ពីលោក ហ៊ុន សែន ប្រទេសកម្ពុជានឹងកើតកលយុគ ឬចល្លាចល ធ្លាក់ទៅក្នុងភាព​គ្មាន​សណ្ដាប់​ធ្នាប់។ល។ គេត្រូវតែរំពឹងថា ព្រះរាជាណាចក្រកម្ពុជាទាំងមូល គេមានតែបុគ្គលលោក ហ៊ុន សែន តែម្នាក់​ប៉ុណ្ណោះ ដែលធ្វើឲ្យស្ថានភាពប្រទេសនេះ ល្អប្រសើរបាន។

ប៉ុន្តែឆ្លងចេញពីចំណុចនេះហើយ លោក ហ៊ុន សែន ដែលធ្លាប់តែមានអំណាចបញ្ជាលើគេឯងគ្រប់គ្នានោះ ភ្លេចគិត​ពី​ចំណុចពីរសំខាន់ៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ទោះជាលោក មានថានៈជាអគ្គ​មេ​បញ្ជា​ការ​ផ្កាយមាសផុតលេខ គ្រប់គ្រងបញ្ជាទៅលើកងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងប្រទេសមែន ប៉ុន្តែលោក ហ៊ុន សែន ភ្លេចគិតថា លោកត្រូវស្ថិតនៅក្រោមបុគ្គលម្នាក់ នោះគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ដែលមាត្រា២៣ក្នុង​រដ្ឋធម្មនុញ្ញ បានចែងថា៖ «ព្រះមហាក្សត្រ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ»។ រូបលោក ដែល​បានក្លាយជាអគ្គមេបញ្ជាការកងទ័ពនេះ ក៏បានកើតចេញពីរាជ្យក្រិត្យតែងតាំង របស់ព្រះមហាក្សត្រដែរ។

លោក ហ៊ុន សែន តែងនិយាយលើកបង្ហាញអ្នកផងថា លោកជាអ្នកការពារ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវច្បាប់​ទម្លាប់​ក្នុងប្រទេស ជាពិសេសរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ក្នុងមាត្រានានា ដែលចែងឡើង​ទាក់ទងនឹង​ការបង្កើត និងដំណើរប្រព្រឹត្តិទៅ នៃរដ្ឋាភិបាលរបស់លោក។ ប៉ុន្តែសូម្បីអ្នករៀនដែលត្រឹម​តែចេះអាន​អក្សរ និងអាច​យល់ពីអ្វីនៃការចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ ក៏គេអាចនឹងយល់បានភ្លាមថា លោក ហ៊ុន សែន ចេះត្រឹម​តែបក​ស្រាយ​ច្បាប់ទាំងនោះ ដើម្បីខ្លួនលោក«ល្អ»ប៉ុណ្ណោះ។

លោក ហ៊ុន សែន បានយកមាត្រាមួយ នៃរដ្ឋធម្មនុញ្ញ មកនិយាយថា៖ «បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ »។ ពិតហើយថា ឃ្លានេះ មានន័យថា គណរដ្ឋមន្ត្រីចាស់ នឹងត្រូវបាន​រំលាយជាស្វ័យប្រវត្តិ ប្រសិនជាមានអវត្តមាន ជាស្ថាពរនៃនាយករដ្ឋមន្ត្រី (ជាករណីដូចជានាយករដ្ឋមន្ត្រីស្លាប់ ឬ​លា​លែងពីតំណែងជាដើម)។ ប៉ុន្តែលោក ហ៊ុន សែន ភ្លេចអានឃ្លានៅក្នុងមាត្រានេះ ឲ្យចប់ចុងចប់ដើម។ មាត្រា​១២៥​ ថ្មី (មាត្រា​ ១០៦​ ចាស់) នៃរដ្ឋធម្មនុញ្ញ បានចែងក្នុងឃ្លានេះយ៉ាងច្បាស់ថា៖ «បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ»។ ដូច្នេះ​រដ្ឋសភា ដែលនៅជាធរមាននៅឡើយ ត្រូវចាត់ចែងរើសរកនាយករដ្ឋមន្ត្រីថ្មី ឬគណរដ្ឋមន្ត្រីថ្មី ដែលចេញពីគណបក្ស​ដែល​ឈ្នះឆ្នោត ដើម្បីដឹកនាំប្រទេសជាបន្ត ទៅតាមល័ក្ខខ័ណ្ឌនានា ដែលមានចែងរួចជាស្រេច នៅក្នុងរដ្ឋធម្មនុញ្ញ។

បន្ទាប់មក តាមព្រះរាជក្រិត្យតែងតាំងរបស់ព្រះមហាក្សត្រ អំណាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ ក៏នឹងត្រូវស្ថិត​ក្រោមបញ្ជា របស់នាយករដ្ឋមន្ត្រីថ្មីនោះដែរ។ បើក្នុងករណីដែលកងកម្លាំង ឬកងពលណាមួយ មិនគោរពតាមបញ្ជា ឬនិតិវិធីថ្មីស្របតាមច្បាប់ ហើយធ្វើអ្វីស្រេចតែនឹងចិត្ត រដ្ឋាភិបាលថ្មីអាចចាត់ទុកកងកម្លាំងនោះ ជាកម្លាំងរត់ចោលជួរ ឬជាក្រុមឧទ្ទាមក្រៅច្បាប់​ ដែលអាចរងនូវការបង្ក្រាបពីសំណាក់អាជ្ញាធររដ្ឋាភិបាលថ្មី ដើម្បីរក្សាសណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គម។

ដូច្នេះ ការថ្លែងបកស្រាយរបស់លោក ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ មិនមែនត្រូវបានធ្វើ​ឡើងដើម្បី​ឲ្យ​តែខ្លួន​លោក ត្រូវនិងល្អប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ការថ្លែងបកស្រាយនេះ បានឆ្លុះបញ្ចាំងថា លោក ហ៊ុន សែន មិនបានគិតសូម្បីបន្ដិចឡើយ ពីប្រព័ន្ធគ្រប់គ្រងរដ្ឋ តាមបែបនិតិរដ្ឋ ឬនិយាយឲ្យវែងឆ្ងាយគិតគូរពីអនាគត​របស់​ប្រទេសកម្ពុជានោះឡើយ។ គ្មានលោក ហ៊ុន សែន មួយនាក់ តែព្រះមហាក្សត្រគង់នៅ ព្រឹទ្ធសភានៅ រដ្ឋសភា​នៅ តុលាការមាន គណបក្សឈ្នះឆ្នោត ក៏មានរយៈពេល៥ឆ្នាំ ការប្រព្រឹត្តិទៅនៃប្រព័ន្ធរដ្ឋនានា ក៏នៅមានជាធរមាន​នៅឡើយដែរ ... គេដូចជាមិនមានឃើញ មានករណីណាមួយ ដែលបង្កឲ្យមានចល្លចល ក្រៅតែពីក្រុមណាមួយ ដែលមានបំណងអាក្រក់នោះទេ។

ឬមួយលោក ហ៊ុន សែន យល់ថា ការប្រព្រឹត្តិទៅនៃប្រព័ន្ធរដ្ឋ រួមទាំងស្ថាប័ន​ជាន់​ខ្ពស់ទាំងអស់ ក្នុងប្រទេសទាំងអស់ ត្រូវតែស្ថិតនៅក្រោមអំណាចកងកម្លាំងប្រដាប់អាវុធ ហើយត្រូវតែខ្លាចចុង​កាណុង​ទាំងអស់?

អំណាចប្រមូលផ្ដុំ មិនពិបាកទៅស្វែងរកនៅឯណាឆ្ងាយទេ។ ជារៀងរាល់ពេល ដែលអ្នកសារព័ត៌មាន បានសាកសួរ​ជាការលាក់កំបាំង ទៅកាន់មន្ត្រីអ្នកអនុវត្តន៍ច្បាប់ រួមទាំងនគរបាលយុត្តិធម៌ ឬមន្ត្រីតុលាការនោះផង ទាក់ទងនឹង​ការអនុវត្តន៍ច្បាប់នានានៅក្នុងប្រទេសនោះ អ្នកសារព័ត៌មាន តែងបានចម្លើយមកវិញដូច្នេះថា៖ «ខ្ញុំធ្វើតាម​តែបញ្ជា​ប៉ុណ្ណោះ» ឬ«គ្មានអនុសាសន៍ពីថ្នាក់លើ» ឬ«មិនឃើញចំណារពីសម្ដេច» ...។ល។ តើបញ្ជា អនុសាសន៍ ឬចំណារ ចេញពីថ្នាក់លើកម្រិតណា បើសូម្បីតែនាយករដ្ឋមន្ត្រីបកស្រាយច្បាប់ យកល្អនិងត្រូវ តែខ្លួនឯងដូច្នេះ?

ដូច្នេះ តើអង្កាលណាទៅ ទើបបញ្ហានៃការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើចោរកម្ម ឆក់ប្លន់ គ្រោះថ្នាក់​ចរាចរណ៍ ... រួមនឹងការវាយតប់ កាប់សម្លាប់ ដែលចេះតែមានជារៀងរាល់ថ្ងៃ ក្នុងរាជាណាចក្រអច្ឆៈរិយៈមួយនេះ អាចត្រូវបានដោះស្រាយ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...