ពលរដ្ឋកំពុងជិះម៉ូតូ ត្រូវក្រុមសន្តិសុខបិទមុខ ព្រួតវាយដោយសេរី
យ៉ាងហោចណាស់ មានបុរសពីរនាក់ដែលអះអាងជាពលរដ្ឋធម្មតា កំពុងជិះម៉ូតូធ្វើដំណើរនៅតាមដងផ្លូវ តែស្រាប់តែត្រូវបានក្រុមសន្តិសុខបិទមុខ ព្រួតគ្នាវាយដោយគ្មានមូលហេតុ។
ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ហិង្សា - បុរសអ្នកដំណើរយ៉ាងហោចពីរនាក់ ត្រូវបានកងកម្លាំងសន្តិសុខចម្រុះ ព្រួតគ្នាវាយយ៉ាងដំណំ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤នេះ។
លោក អ៊ំ រ៉ូលី ដែលអះអាងថាជាប្រជាពលរដ្ឋធម្មតា ខណៈពេលដែលជិះម៉ូចេញពីផ្លូវភ្លោះក្រមូនស ទៅដល់ចំនុចក្បែរមន្ទីរពេទ្យអង្គឌួង ស្រាប់តែក្រុមសន្តិសុខទាំងនោះ បានស្ទុះនាំគ្នាដេញវាយ រហូតម៉ូតូរបស់លោកដួល។ បន្ទាប់ពីម៉ូតូដួល លោកបានព្យាយាមរត់ចេញ ដើម្បីគេចចេញពីការវាយតប់របស់ក្រុមសន្តិសុខ ប៉ុន្តែបានត្រូវក្រុមសន្ដិសុខ ទាំងនោះរត់ដេញតាមពីក្រោយ ជាច្រើនសិបម៉ែត្រ និងបានគប់ដំបងរបស់ពួកគេ ទៅលើរូបលោកបណ្តាលឱ្យដួល។
សាក្សីនៅនឹងកន្លែង បានថ្លែងរៀបរាប់ប្រាប់ថា ឆ្លៀតឱកាសដែលពលរដ្ឋរូបនេះដួលនោះ ក្រុមសន្តិសុខដែលពាក់មួកសុវត្ថិភាព បានព្រួតគ្នាវាយទាត់ធាក់ និងប្រើដំបងឆក់វាយយ៉ាងដំណំ ជាមួយនឹងសម្រែកឡើងថា៖ «វ៉ៃវាឱ្យងាប់អាក្រុមយុវជន»។
ពលរដ្ឋត្រូវក្រុមសន្តិសុខបិទមុខ វាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ជាលទ្ធផល លោក អ៊ំ រ៉ូលី មានរាងកាយរងរបួសជាំលើខ្លួនជាច្រើនកន្លែង ជាពិសេសត្រង់កែងដៃ មានស្នាមជាំហើមខ្លាំង និងត្រូវបានក្រុមគ្រូពេទ្យរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ទទួលជួយព្យាបាល។
លោក អ៊ំ រ៉ូលី បានបញ្ជាក់ថា លោកមិនបានប្រើពាក្យសម្តីមិនសមរម្យណាមួយ ទៅលើក្រុមសន្តិសុខទាំងនោះទេ លោកគ្រាន់តែជិះម៉ូតូមកដល់ត្រង់ចំនុចនោះ ក៏ត្រូវសន្តិសុខព្រួតគ្នាវាតែម្តង។
នៅក្នុងព្រឹត្តិការណ៍នោះដែរ ពលរដ្ឋចំណាក់ម្នាក់ទៀត ឈ្មោះ ផល អាយុ ៦២ ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមួយរូបក៏ត្រូវបានក្រុមសន្តិសុខបិទមុខទាំងនោះ ទះឡើងហើមមុខដែរ។
លោកអំ សំអាត ដែលនៅក្នុងហេតុការណ៍ផ្ទាល់ និងបានជួយហាមឃាត់ មិនឱ្យក្រុមសន្តិសុខទាំងនោះ ប្រើអំពើហឹង្សាលើពលរដ្ឋ បានចាត់ទុករូបភាពនៃការវាយដំលើបុរសរូបនេះ ថាជាទង្វើយ៉ាងសាហាវឃោឃៅ។ លោកបន្តថា ការដែរក្រុមសន្តិសុខ តែងតែប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋនេះ វាជាទម្លាប់ និងជាជាការញៀននឹងការវាយដំ ដោយសាតែការវាយដំរបស់សន្តិសុខទាំងនោះ មិនទទួលបានការផ្ដន្ទាទោស។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដាច់ខាតត្រូវតែថ្កោលទោស ចំពោះទង្វើអមនុស្សធម៌ ឃោឃៅរបៀបនេះ ព្រោះសម័យនេះហើយ វាមិនគួរណាមានរឿងដែលប្រើប្រាស់នូវអំពើហឹង្សា តាមអំពើចិត្ត ដែលប្រៀបបីដូចជាប្រទេសមួយដែលគ្មានច្បាប់ គ្មានទម្លាប់ប្រៀបដូចជាប្រទេសផ្តាច់ការ និងគ្មានអ្នកទទួលខុសត្រូវនោះទេ»។
លោក អ៊ំ វ៉ូលី បន្ទាប់ពីត្រូវបានក្រុមសន្តិសុខវាយ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
អ្នកនាំពាក្យសាលារាជធានី នៅមិនទាន់អាចទាក់ទងបាន ដើម្បីសុំការបំភ្លឺទាក់ទងនឹងការវាយតប់នេះនៅឡើយ។
ជារឿយៗ គេតែងសង្កេតឃើញថា នៅពេលដែលមានការជួបជុំគ្នារបស់ពលរដ្ឋ តែងតែមានការប្រើអំពើហិង្សាជាញឹកញាប់ពីសំណាក់ក្រុមសន្តិសុខបិទមុខទាំងនោះ។ ដោយឡែក គ្រាន់តែនៅព្រឹកថ្ងៃទី០១ ខែឧសភានេះ យ៉ាងហោចណាស់ មានមនុស្ស៥នាក់ដែលរងរបួស ពីការប្រើអំពើហិង្សារបស់ក្រុមសន្តិសុខទាំងនោះ។
ហេតុការណ៍ដើម្បីជាការស្វាគមន៍ ទិវាពលកម្មអន្តរជាតិនេះ បានកើតឡើងបន្ទាប់ពីប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកចូលរួមជាកម្មករ និងប្រជាពលរដ្ឋចប់។ នៅពេលនោះ ក្រុមសន្តិសុខចម្រុះ មានស្លៀកឈុត ខៀវ ខ្មៅ ខ្លះទៀតស្លៀកពាក់អាវនគរបាល និងខ្លះស៊ីវិល កាន់ដំបងដែក ឈើ ជ័រ គ្រប់ដៃ បានដើរចេញពីសួនច្បារមុខធនាគារកាណាឌីយ៉ា សំដៅទៅស្ពាននាគ ដើម្បីបំបែកកម្មករ អ្នកជួបជុំណាដែលបន្តនៅលើស្ពាននាគ និងលើសួនច្បារក្បែរនោះ។ សកម្មភាព នៃការវាយតប់របស់ក្រុមសន្តិសុខ បានបង្ហាញនូវរូបភាព រត់ដេញវាយគ្នាយ៉ាងប្រសាចពេញផ្លូវ លើកំណាត់ផ្លូវនរោត្តម ដែលមើលទៅហាក់ដូចជាក្មេង«ស្ទាវ»កំពុងរត់ដេញវាយគ្នា៕
-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤