ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ស្នើ​ឲ្យ ADB ប្រជុំ​«ចតុភាគី»

ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដែក ក្នុងរាជធានីភ្នំពេញ នៅព្រឹថ្ងៃទី២០ ខែតុលានេះ បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខធនាគារអភិវឌ្ឍនន៍អាស៊ី ហៅកាត់ថា (ADB) ដើម្បីទាមទារឲ្យធនាគារមួយនេះ ធ្វើការសម្របសម្រួល ឱ្យមានការជួបប្រជុំបួនភាគី ដែលមានខាងរដ្ឋាភិបាល ក្រុមហ៊ុន ប្រជាពលរដ្ឋ និងADB។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 20, 2014
  • ប្រធានបទ: វិបត្តិសង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសេចក្តីថ្លែងការណ៍ របស់​ប្រជា​សហគមន៍ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ បាន​បញ្ជាក់​ថា ប្រជា​សហគមន៍ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ មាន​កង្វល់​ជា​ខ្លាំង ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា។ កន្លង​មក ប្រជា​ពលរដ្ឋ​បាន​ខិតខំ​ធ្វើ​សកម្មភាព ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ទាម​ទារ​ឲ្យ ADB ផ្តល់​ព័ត៌មាន​លំអិត ពី​គំរោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នៅ​កម្ពុជា ជា​ពិសេស នៅ​តំបន់​រាជធានី​ភ្នំពេញ និង​ធានា​ពី​សិទ្ធិ​លំនៅដ្ឋាន របស់​ប្រជា​ពលរដ្ឋ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង។ ប៉ុន្តែ ADB ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយ​តប​ចំពោះ​អ្វី ដែល​ប្រជា​ពលរដ្ឋ​បាន​ទាមទារ និង​ស្នើ​សុំ​នោះ​ឡើយ។

តំណាងប្រជាពលរដ្ឋម្នាក់លោក ឡុង ចាន់ឌី បានឱ្យដឹងថា ប្រជាពលរដ្ឋចង់បានព័ត៌មានលម្អិតពីADB អំពី​ទំហំនៃគម្រោងអភិវឌ្ឍនេះ ព្រោះប្រជាពលរដ្ឋកំពុងរស់នៅក្នុងការភ័យខ្លាច ព្រោះតែគម្រោងហ្នឹង មិនដឹង​អភិវឌ្ឍន៍ប៉ុណ្ណា ម្យ៉ាងផ្ទះរបស់ពួកគាត់កំពុងទ្រុឌទ្រោម តែមិនហានជូសជុល ព្រោះតែខ្លាចមានបញ្ហា។ លោក​បាននិយាយទៀតថា ម្យ៉ាងមួយទៀត ប្រជាពលរដ្ឋចង់បានការធានា ពីសិទ្ធិរស់នៅរបស់ពួកគាត់ ដែល​នៅ​តាម​ផ្លូវដែកហ្នឹង ឱ្យមានលក្ខណៈសមរម្យ។

លោកបន្ថែមថា៖ «នេះជារឿងមួយក្តៅ នៅពេលដែលដោះដូរហើយ មិនបានពិគ្រោះជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ មិនបានស្ម័គ្រក្នុងការទទួលយក អាហ្នឹងគឺយើងអត់យកទេ គឺយើងអត់ដោះដូរទេ ទាល់​តែ​មានលក្ខណៈជម្រើសណាមួយ ដែលធ្វើម៉េចដែលធ្វើឱ្យមានលំនៅដ្ឋានសមរម្យ ព្រោះយើង​ពេលនេះ​កូន​កំពុងតែរៀននៅទីនេះ យើងនៅមានការងារនៅទីនេះ គ្រប់បែបយ៉ាងទាំងអស់ ទីផ្សារស្អីផ្សេងៗ​នៅជិតហ្នឹង​ទាំងអស់ ហើយស្រាប់តែឱ្យទៅនៅតំបន់អីផ្សេង ដែលហួសពីការដែលយើងបាន»។

លោកថា ប្រសិនធនាគារអភិវឌ្ឍនន៍អាស៊ី ADB មិនអាចហៅភាគី ដែលពាក់ព័ន្ធមកជជែកគ្នា នឹង​ផ្តល់​ព័ត៌មាន​ឱ្យបានច្បាស់ អំពីបញ្ហានេះបានទេ ប្រជាពលរដ្ឋនឹងរតវ៉ានៅទីនេះរហូត។

ប្រជាពលរដ្ឋមួយរូបទៀត ដែលបានមកតវ៉ានោថ្ងៃនេះដែរ បានប្រាប់ឱ្យដឹងថា អ្នកស្រីអ្នកគ្រាន់តែចង់​ឱ្យ​តំណាងធនាគារ ADB បញ្ជាក់ឱ្យច្បាស់ពីគម្រោងអភិវឌ្ឍន៍នេះ ថាតើគេសម្រេចកាត់ដីប៉ុន្មានម៉ែត្រ ឬមួយ​ក៏​ប្រជាជនទាំងអស់ត្រូវបណ្តេញចេញ ព្រោះអ្នកស្រីលឺដំណឹងមកថា ម្តងគេកាត់យក៥ម៉ែត្រ ហើយម្តង​គេ​ថា​យក ១០ម៉ែត្រ ២០ម៉ែត្រជាដើម។ អ្នកស្រីថា បើសិនបើប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដែក ត្រូវ​បណ្តេញចេញពិតមែន វាប៉ះពាល់ដល់មុខរកស៊ីប្រចាំថ្ងៃ។

បន្ទាប់ពីមានការស្រែកតវ៉ារបស់ប្រជាពលរដ្ឋ តំណាងធនាគារ ADB លោក អេរិច (Eric Sidgwick) បានចេញ​ថ្លែងនៅចំពោះពលរដ្ឋថា លោកដឹងថា ប្រជាពលរដ្ឋកំពុងតែមានកង្វល់ ជាមួយបញ្ហានេះ ប៉ុន្តែខាង ADB គ្មាន​សិទ្ធិអ្វីទៅបង្ខំភាគីដែលពាក់ព័ន្ធ ដូចជារដ្ឋាភិបាល ឬក្រុមហ៊ុនថូលរ៉ូយ៉ាល់ ជាដើម មកពិភាក្សា​ជាមួយ​ប្រជា​ពលរដ្ឋបាននោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...