ពលរដ្ឋមកពីខេត្តព្រះវិហារ ស្រែកតវ៉ាទ្រហឹងជិតត្រជៀក ហ៊ុន សែន
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 20, 2014
- ប្រធានបទ: វិបត្តិដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការជួបជុំរបស់ប្រជាពលរដ្ឋ ជាបាតុករដែលមានជម្លោះដីធ្លី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៩ ខែតុលានេះ ត្រូវបានរារាំងដោយកងកម្លាំងអាជ្ញាធរជាច្រើននាក់ ក្នុងបំណងទប់មិនឲ្យក្រុមពលរដ្ឋសម្រុកចូល ទៅជិតបរិវេណផ្ទះលោក ហ៊ុន សែន។ ប៉ុន្តែនៅពេលកំដៅថ្ងៃ កាន់តែក្តៅឡើងខ្លាំង ការអត់ធ្មត់ទំនងជាបានស្រុតចុះ ធ្វើឲ្យការប៉ះទង្គិចមួយបានកើតឡើង រវាងពលរដ្ឋ នឹងកងកម្លាំងអាជ្ញាធរទាំងនោះ បណ្តាយឲ្យពលរដ្ឋជាង ១០នាក់រងរបួស។
ហេតុការណ៍បានកើតឡើងនៅលើ មហាវិថីព្រះសុរាម្រិត ត្រង់ចំណុចនាគបាញ់ទឹក។ បាតុករបានស្រែកខ្លាំងៗ តាមឧឃ្ឃោសនស័ព្ទ តម្រង់ត្រង់ទៅផ្ទះនាយករដ្ឋមន្ត្រី ទំនងជាចង់ឲ្យ លោក ហ៊ុន សែន បានលឺថា ពួកខ្លួនជាពលរដ្ឋដែលមានបញ្ហាដីធ្លី មកពីខេត្តព្រះវិហារ ហើយមកតវ៉ានៅទីនេះ មិនមានពាក់ព័ន្ធនឹងនយោបាយទេ តែគ្រាន់តែមកទាមទារយកដីធ្លី វត្តអារាមផ្ទះសំបែង ស្រែចំការ ដែលអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិឃុបឃិតគ្នា ប្លន់យកប៉ុណ្ណោះ។
ពលរដ្ឋមានជម្លោះដីទាំងនោះ មានពលរដ្ឋ ៧៨ គ្រួសារ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានជម្លោះដីលំនៅឋាន ៨ហិកតារ និងដីបង្កបង្កើនផល ៣៥ ហិកតារ និងពលរដ្ឋ ២៥៣ គ្រួសារទៀត មកពីភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត មានជម្លោះដីសរុប ៥៧៥ហិកតារ។
គួរបញ្ជាក់ដែរថា នៅមុនមកដល់ចំណុចអាងនាគបាញ់ទឹកនេះ ក្រុមពលរដ្ឋបានហែរនាំយកញត្តិ ទៅដាក់រួចហើយ នៅតាមស្ថានទូតនានា មានដូចជាស្ថានទូតចិន រុស្សី អូស្ត្រាលី និងរដ្ឋសភាជាដើម ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល ជួយដោះស្រាយដីធ្លីជូនពួកគាត់។ ហើយការដង្ហែឆ្ពោះ មកកាន់គេហដ្ឋានរបស់លោក ហ៊ុន សែន នេះ ដោយសារពួកគាត់ចង់ដាក់ញត្តិ ទៅឲ្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីមួយទៀត។
ក្រុមបាតុករបានលើកឡើងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានសន្យាថានឹងផ្តល់ដំណឹងមកវិញ ចំពោះការដាក់ញ្ញាតិមុនៗ តែរហូតមកដល់ពេលនេះ នៅតែគ្មានដំណឹង ជំរុញឲ្យពួកគាត់ធ្វើការដាក់ញត្តិនេះ ជាថ្មីទៀត។ ពួកគាត់បានស្រែកទៀតថា នឹងនៅរងចាំ មិនត្រឡប់ទៅណាទេ ទាល់តែមានការផ្តល់ដំណឹង អំពីញត្តិរបស់ខ្លួនទើបត្រឡប់ទៅវិញ រហូតមានការប៉ះទង្គិច និងការវាយបំបែក ពីក្រុមកងកម្លាំងរក្សាសន្ដិសុខ៕