ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

ជាលើកទីបីហើយ ដែលសហគមន៍ផ្លូវរថភ្លើង ក្នុងរាជធានីភ្នំពេញ ចេញមកតវ់ា នៅមុខធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ និងពន្លឿនដំណោះស្រាយ បញ្ហាជាប់គាំង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ជា​មួយ​ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានថ្លែងបដិសេធថា ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 20, 2014
  • ប្រធានបទ: វិបត្តិសង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើង​នៅ​អេឌីប៊ី យើង​យល់​អំពី​សំនួរ​​ដែល​បង​ប្អូន​ទាំង​អស់​គ្នាបាន​សួរ យើង​យល់​ពី​ក្តី​បារម្ភ​ទាំង​ឡាយ ដែល​បង​ប្អូន​ទាំង​អស់​គ្នា​បាន​លើក​ឡើង។ យើង​នៅ អេឌីប៊ី ពិត​ជា​ចង់​ជួយ​បង​ប្អូន​ទាំង​អស់​គ្នា​ណាស់។ (...) ធនាគា អេឌីប៊ី មិន​មាន​លទ្ធភាព​ក្នុង​ការ​បង្ខំ​នរណា​ម្នាក់​ដូច​ជា​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ថូល​នោះ​ឡើយ ប្រសិន​បើ​ពួក​គេ​មិន​ចង់​មក​ជួប។»

នេះជាការលើកឡើងរបស់ តំណាងធនាគា​អភិវឌ្ឍន៍​អាស៊ី និង​ជាអ្នកសេដ្ឋកិច្ចវិទូ នៃធានាគារអភិវឌ្ឍន៍អាស៊ី លោក អេរិច សិដវីក ( Eric Sidgwick) តាមរយៈអ្នកបកប្រែ​ជា​ភាសា​ខ្មែរ​របស់​លោក ឆ្លើយតបទៅនឹងការ​ស្នើ​សុំ របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់ ពី​គម្រោង​ស្តារ​ឡើង​វិញ​​នូវ​ផ្លូវ​​រថភ្លើងកម្ពុជា។

ពលរដ្ឋប្រមាណជាងមួយរយនាក់ មកពីប្រាំបីសហគមន៍ ដែលបានបានមកជួបជុំគ្នា នៅមុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ បានស្នើសុំ​ឲ្យអ្នក​ទទួល​ខុសត្រូវរបស់ធនាគារនេះ ធ្វើការបកស្រាយជាសាធារណៈ ពីការទទួលខុសត្រូវ របស់ស្ថាប័ន​ម្ចាស់​ប្រាក់​កម្ចី​មួយនេះ ហើយនឹងសុំរឲ្យធនាគារធ្វើការសម្របសម្រួល ឲ្យមានការជួបប្រជុំ ចតុភាគី ដែលមាន​ខាង​​រាជ​រដ្ឋាភិបាល ប្រជាពលរដ្ឋ ក្រុមហ៊ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ទាក់ទងគំរោង​អភិវឌ្ឍន៍ផ្លូវដែក​ក្នុង​ប្រទេស​កម្ពុជា។

លោក អេរិច សិដវីក បានថ្លែងទៀតថា ធនាគា​អភិវឌ្ឍន៍​អាស៊ីចង់ផ្តល់ នូវចម្លើយទៅជូនប្រជាពលរដ្ឋណាស់ តែមិនអាចធ្វើបាន ឬធ្វើការឆ្លើយបំភ្លឺបានទេ ដោយមូលហេតុខុសសមត្ថកិច្ច។ ប៉ុន្តែលោក បានបញ្ជាក់ថា ធនាគារ​អាចជួយសម្របសម្រួល ឲ្យមានការឆ្លើយទៅនឹងសំនួរទាំងអស់នោះបាន។

លោកបានពន្យល់ថា នាព្រឹកថ្ងៃទី២០ ខែតុលានេះ នឹងមានការជួបប្រជុំត្រីភាគី រវាងរដ្ឋាភិបាល ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាមផ្លូវដែក ថូល រ៉ូយ៉ាល់ និង ADB។ តែខាងរដ្ឋាភិបាល មិនចង់ជួបនាពេលនេះទេ ពីព្រោះរដ្ឋាភិបាល​កម្ពុជា នៅមិនទាន់សម្រេចចិត្តនៅឡើយ ចំពោះបញ្ហាទាក់ទិននឹងផ្លូវដែកទាំងនេះ។ រីឯខាងក្រុមហ៊ុនដឹក​ជញ្ជូន​តាមផ្លូវដែក ថូល រ៉ូយ៉ាល់ វិញ ថ្វីបើមិនមានវត្តមាននៅទីនោះ តែក៏ចង់ជួប និងពន្យល់ពីបញ្ហាទាំងនេះ ដល់​ប្រជា​ពលរដ្ឋ​ទូទៅដែរ។

យ៉ាងណាក៏ដោយ លោក សិដវីក បានបញ្ជាក់សារជាថ្មីថា អ្វីដែលប្រជាពលរដ្ឋលើកឡើងនោះ មិនស្ថិត​នៅ​ក្នុងគម្រោង នៃផ្លូវរថភ្លើងរបស់ ADB ឡើយ តែជាគម្រោងរបស់រដ្ឋាភិបាល ជាមួយ ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ផ្លូវដែក ថូល រ៉ូយ៉ាល់។

មកទល់ពេលនេះ នៅមិនទាំន់មានប្រតិកម្មតប ពីខាងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក ថូល រ៉ូយ៉ាល់ និង​រដ្ឋាភិបាល​នៅឡើយ។

សូមរំលឹកឡើងវិញថា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក ថូល រ៉ូយ៉ាល់ ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ធ្លាប់មានគម្រោងដកខ្លួនចេញ ពីគម្រោងជួសជុល និងកសាងផ្លូវដែកកម្ពុជានេះ។ យោងតាមកិច្ច​ព្រមព្រៀង​មួយ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក ថូល រ៉ូយ៉ាល់ ជា​មួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រូប (Royal Group) ដែលមានលោក លោក គិត ម៉េង ជាសហគ្រិន ត្រូវដំណើរ​ការ​គ្រប់​គ្រង​លើផ្លូវដែកក្នុងរយៈ៣០ឆ្នាំ។

ប្រទេសកម្ពុជា មានផ្លូវដែកពីរខ្សែរ ដែលចាស់ទ្រុឌទ្រោម តភ្ជាប់រាជធានីភ្នំពេញ ទៅកំពង់ផែភាគខាងត្បូង និងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រំដែនថៃភាគខាងលិចនៃប្រទេសកម្ពុជា។ គម្រោងជួសជុល និងកសាង​ផ្លូវ​ដែកទាំងពីរនេះ គឺជាផ្នែកនៃគម្រោងបណ្ដាញផ្លូវដែកអន្តរជាតិ ដែលតភ្ជាប់ពីប្រទេសសិង្ហបុរី ឆ្ពោះទៅកាន់​ប្រទេស​ចិន ដោយឆ្លងកាត់ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសវៀតណាម៕

ការបកស្រាយរបស់ លោក អេរិច សិដវីក ( Eric Sidgwick ) អ្នកសេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធានាគារ​អភិវឌ្ឍន៍​អាស៊ី ជាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...