ជនជាតិដើមភាគតិច សំណូមពរដល់រដ្ឋាភិបាល ចំនួន ៧ចំណុច
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក.វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 12, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ សហគមន៍ជនជាតិដើមភាគតិច បានផ្តល់ជាអនុសាសន៍ និងសំនូមពរទៅរដ្ឋាភិបាលឲ្យពិចារណា និងគិតគូរឡើងវិញ ពីការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ដែលកំពុងជួបនឹងការលំបាក ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ ដោយអ្នកមានអំណាច ដែលបានយកដីស្រែចំការអាស្រ័យផល និងព្រៃឈើជាដើមដើម្បីធ្វើការកាប់គាស់ ក្នុងគម្រោងវិនយោគរបស់ពួកគេ។
សំណូមពរ និងអនុសាសន៍ទាំងនោះរួមមាន៖
ទី១- ស្នើរឲ្យរដ្ឋាភិបាលពន្លឿន ការចុះបញ្ជីដីសមូហភាព របស់ជនជាតិដើមភាគតិចទាំង ១៥ខេត្ត និងព្រៃសហគមន៍ឲ្យបានឆាប់។
ទី២- ស្នើឲ្យរដ្ឋាភិបាលដកអជ្ញាបណ្ណ ពីក្រុមហ៊ុនណាដែលមិនគោរពកិច្ចសន្យា។
ទី៣- មុនផ្តល់ដីដល់ក្រុមហ៊ុន រដ្ឋាភិបាលត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន ពិគ្រោះយោបល់ឲ្យបានពេញលេញ និងមានការព្រមព្រៀងជាមុន ដើម្បីជៀសវាងទំនាស់ដីជាមួយសហគមន៍។
ទី៤- សូមឲ្យរដ្ឋាភិបាលបញ្ឈប់ការចាប់តំណាង និងគំរាមកំហែងសហគមន៍ ក្នុងការតវ៉ាអំពីបញ្ហាដីធ្លី និងព្រៃឈើ។
ទី៥- សូមឲ្យរដ្ឋាភិបាលពង្រឹងនូវការអនុវត្តច្បាប់ ឲ្យចាត់វិធានការគោរពច្បាប់ការពារ និងផ្តល់ដំណោះស្រាយសមស្រប ដល់សហគមន៍ដែលទទួលរងផលប៉ះពាល់។
ទី៦- គណៈកម្មាធិការអន្តរក្រសួង បន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវប្រកាសអន្តរក្រសួង និងពង្រឹងការសហការ ជាមួយសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់ព័ត៌មាន និងចូលរួមពិនិត្យតាមដានការអនុវត្ត ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច។
និងទី៧- គណៈកម្មាធិកាអន្តរក្រសួង ឈរលើគោលការណ៍អព្យាក្រិត្យ លើកកំពស់សិទ្ធិជនជាតិដើមភាគតិច ការធ្វើការវិនិច្ឆ័យប្រកបដោយតម្លាភាព និងលើផលប៉ះពាល់ដីប្រពៃណីជនជាតិដើមភាគតិច។
បន្ថែមពីលើអនុសាសន៍ និងសំណូមពរទាំងប្រាំពីរចំណុចខាងលើ តំណាងជនជាតិភាគតិច លោក លី លឹម មកពីខេត្តក្រចេះ បានពន្យល់ពីការរំលោភសិទ្ធ ពីសំណាក់ក្រុមហ៊ុនវិនយោគមួយចំនួន ដែលតែងតែបំពានដីស្រែចំការ របស់ពលរដ្ឋជនជាតិដើមភាគតិច។ លោកបានលើកឡើងថា បើទោះជារដ្ឋាភិបាលបានបង្កើតច្បាប់អភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាពយ៉ាងណាក៍ដោយ ក៍នៅតែមានការរំលោភបំពានសិទ្ធរស់នៅ របស់ជនជាតិដើមភាគតិចនៅឡើយដែរ។
ការវិនយោគទុនមួយចំនួន ដែលទទួលបានអាជ្ញាបណ្ណនពីរដ្ឋាភិបាល ដូចជា ដីសម្បទានសេដ្ឋកិច្ច ការជីករុករករ៉ែ ធ្វើទំនប់វារីអគ្គីសនី បានឈូសឆាយដីស្រែចំការរបស់ជនជាតិដើមភាគតិច និងមិនបានសងសំណងឲ្យសមស្រម ទៅនឹងអ្វីដែលក្រុមហ៊ុនបានយកសម្បត្តិរបស់ពលរដ្ឋជនជាតិដើមភាគតិចនោះទេ ពោលគឺបានផ្តល់ផលអវិជ្ជមាន ដល់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងជះឥទិ្ធពលដល់វប្បធម៌ និងប្រពៃណីរបស់ពួកគាត់ថែមទៀតផង។
បញ្ហាខាងលើនេះ តំណាងជនជាតិដើមភាគតិចលោក លី លឹម បានថ្លែងទៀតថា វាជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិច ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះ ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់មួយចំនួន នៅមិនទាន់គិតគូរស៊ីជម្រៅ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដល់ជីវភាពរស់នៅ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ការរស់នៅ របស់សហគមន៍ជនជាតិដើមភាគតិចនៅឡើយ៕