របាំដែលកម្រឃើញ របស់ជនជាតិភាគតិចព័រ សម្តែងនៅថ្ងៃទិវាសិទ្ធិមនុស្ស (vdo)
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 12, 2014
- ប្រធានបទ: សិល្បៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកចូលរួមជាច្រើន ដែលបានទស្សនារបាំនេះហើយ បាននិយាយសរសើរ និងគាំទ្ររបាំនេះ ព្រោះវាមានលក្ខណៈប្លែកពីរបាំដ៏ទៃទៀត។ របាំរបស់ជនជាតិដើម មានអ្នករាំ ប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់ ហើយប្រុសៗលែងខ្លួនទាំងអស់ ស្លៀកសម្លៀកបំពាក់ជាជនជាតិដើមភាគតិច និងមានកាន់ឃ្មោះ នៅនឹងដៃម្នាក់មួយ។ អ្វីដែលមានលក្ខណៈពិសេស ជាងនេះទៅទៀតនោះគឺ រាល់ឧបករណ៍ទាំងនោះសុទ្ធតែមាន ទំហំខុសគ្នា ដើម្បីឲ្យសម្លេងរបស់វា ដែលគោះចេញមក មានភាពខុសប្លែកគ្នាទាំងអស់។
នៅក្នុងការជួបផ្ទាល់ជាមួយលោក ហិន លីគីម ដែលជាអ្នកដឹកនាំនៅក្នុងក្រុមរបាំនេះ លោកបានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា របាំនេះឈ្មោះថា «ត្រចឺន» ហើយរបាំនេះ គឺជាប្រពៃណីរបស់ជនជាតិ ព័រ។ លោកបានប្រាប់ទៀតថា មូលហេតុដែលក្រុមរបស់លោក យករបាំនេះ មកសម្តែងក្នុងថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ គឺចង់បញ្ជាក់ឲ្យប្រជាជនជាច្រើនដឹងថា នេះហើយជាជនជាតិដើម ហើយទោះបីជាជនជាតិទាំងនេះមានភាគតិចក៏ដោយ ក៏មានសិទ្ធិដែរ មិនអាចរំលោភបំពានបានតាមតែចិត្តនោះទេ ។
មេក្រុមរបាំខាងលើ បានបន្ថែមទៀតថា ជនជាតិភាគតិចទាំងនោះមានដូចជា៖ អំបូរព្នង ,គួយ, សួយ, ព័រ ,ជង, ស្អូច,ចារាយ,គ្រឹង,ទំពួន, ដែលសុទ្ធតែមានវត្តមាន ក្នុងការចូលរួមការប្រារព្ធពិធីសិទ្ធមនុស្ស នៅរាជធានីភ្នំពេញនេះ។
នៅក្នុងការដែលកំពុងជក់ចិត្តទស្សនារបាំនេះ អ្នកខ្លះ ស្រដីថា លើកទីមួយហើយ ដែល បានឃើញ អ្នកខ្លះនិយាយថា ប្លែកគួឲ្យចាប់អារម្មណ៍ ពេលផ្តើមក៏លឿន ពេលបញ្ចប់ក៏លឿន ហើយសម្លេង វិញពិរោះប្លែក៕
សូមទស្សនារូបភាពរបាំនេះទាំងស្រុង ថតដោយលោក ហេង វុទ្ធី សម្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ៖