ហ៊ុន សែន ព្រមានអ្នកវិគាគឲ្យ«ប្រយ័ត្នប្រយែង»
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានជាចំហរដល់អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងឡាយ ឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើ ការអត្ថាធិប្បាយ ឬវិគាគ ខណៈអ្នកវិភាគទាំងនោះ មិនដឹងរឿងច្បាស់ ដែលអាចនាំឲ្យបញ្ហាកាន់តែស្មុគស្មាញ។ ការព្រមានរបស់លោកហ៊ុន សែន គឺបានកើតឡើង បន្ទាប់ពីមានការជួបជជែកគ្នា រវាងលោក និងមេដឹកនាំគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះ ជំរុញឲ្យភាគីទាំងសងខាង ជិតឈានដល់ការឯកភាពគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។
សិទ្ធិ - ទន្ទឹមនឹងសម្តែងការព្រួយបារម្ភថា ការចរចារនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាចបរាជ័យដោយសារឥរិយាបថរឹងត្អឹង របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានព្រមានជាទូទៅដល់ក្រុមអង្គការសង្គម និងក្រុមអ្នកវិភាគ គម្បីកុំចេះតែឆ្លើយ និងវិភាគប៉ាតណាប៉ាតណី ឲ្យតែត្រូវបានអ្នកការសែតសម្ភាស ក្នុងពេលដែលខ្លួនឯងមិនបានដឹងសាច់រឿងច្បាស់។
ថ្លែងក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី១០ មេសា លោកហ៊ុន សែន បានអត្ថាធិប្បាយថា គ្រប់អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងអស់ មិនថាមាននិន្នាការនយោបាយកណ្តាល ឆ្វេង ឬស្តាំ ក៏ដោយ បើដឹងរឿងមិនច្បាស់ ក្បាប់មិនណែន កុំចេះតែវិភាគ ព្រោះការវិភាគកន្លងមក ភាគច្រើនវាមិនត្រូវ ហើយខុសស្រឡះពីការពិត ដែលអាចធ្វើគ្រប់បញ្ហានៅក្នុងសង្គម កាន់តែមានភាពស្មុគស្មាញ។
ការថ្លែងរបស់លោក ហ៊ុន សែន ត្រូវបានលោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា ពន្យល់ថា កុំថាឡើយក្រុមអង្គការសង្គមស៊ីវិល និងក្រុមអ្នកវិភាគ សូម្បីតែប្រជាពលរដ្ឋធម្មតា ក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងទាមទារសិទ្ធិ ដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ស្តីពីសិទ្ធិមនុស្ស និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់គ្រឹះ ខណៈកម្ពុជា ជាប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា រូបនេះបានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដូច្នេះប្រសិនបើមានថ្នាក់ដឹកនាំ រដ្ឋាភិបាលគ្រប់គ្រងប្រទេសមួយ ដែលកាន់លិទ្ធិប្រជាធិបតេយ្យ ទៅបំភិតបំភ័យ ឬព្រមានពលរដ្ឋរបស់ខ្លួន និងអង្គការសង្គមស៊ីវិល មិនឲ្យបញ្ចេញមតិ ឬរិះគន់លើការដឹកនាំរបស់ខ្លួន នោះវាបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនោះ កំពុងដើរលើផ្លូវបញ្រ្ចាសនៃលិទ្ធិប្រជាធិបតេយ្យ។
តែលោកស្រី ចក់ សុភាព បានបន្ថែមថា៖ «ប្រទេសប្រជាធិបតេយ្យ បុគ្គលគ្រប់រូបមានសិទ្ធិបញ្ចេញមតិ តែយើងគួរពិចារណាសម្តីរបស់លោកហ៊ុន សែន ដែលគាត់ សុំកុំឲ្យអ្នកវិភាគហ្នឹងចេះតែលើអង្គហេតុ ឬអំណះអំណាងអ្វីមួយមិនច្បាស់លាស់។ យើងអាចចាត់ទុកថា នេះជាការណែនាំក្នុងន័យវិជ្ជមាន។ (...) យើងអាចគិតថា សារនេះមិនមែនជាការបិទសិទ្ធិសេរីភាពពលរដ្ឋទាំងអស់ ហើយបើគាត់មានន័យញ្ចឹងមិនត្រឹមត្រូវទេ។ ខ្ញុំចង់ឲ្យយល់ថា នេះជាការណែនាំ៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មេសា ២០១៤