កម្លាំងសមត្ថកិច្ចបោសសំអាត បាតុករ នៅមុខទូតវៀតណាម
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបាតុករអហិង្សា បានធ្វើការប្រមូលផ្តុំមុខស្ថានទូតវៀតណាម ដោយបំពានបំរាមរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នេះ ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ និងសមត្ថកិច្ចចម្រុះជាច្រើន បានបោសសំអាតបាតុករទាំងនោះមិនឲ្យប្រមូលផ្តុំទេ។
ក្រុមកម្លាំងចម្រុះ ដែលបញ្ជូនទៅមុខស្ថានទូតវៀតណាម ដើម្បីបោសសម្អាតបាតុករ។ (រូបថត ហ្វេសប៊ុក)
បាតុកម្ម - គ្រាន់តែក្រុមនិស្សិត ព្រះសង្ស និងប្រជាពលរដ្ឋច្រើនរយនាក់ មិនទាន់បានប្រមូលផ្តុំស្រួលបួលផង ស្រាប់តែគេសង្កេតឃើញវត្តមានសន្តិសុខសាលារាជធានីភ្នំពេញ និងសមត្ថកិច្ចច្រើនរយនាក់ បានចុះមកបង្រាបដោយដេញវាយ ក្រុមបាតុករទាំងនោះយ៉ាងតក់ក្រហល់ នៅព្រឹកថ្ងៃនេះ លើកំណាត់មហាវិថីព្រះមុនីវង្ស មុខស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ។
មុនការបះទង្គិចនេះ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដឹកនាំដោយលោក ម៉ៅ ពិសេស ព្រះសង្ឃ និងសកម្មជនគណបក្សសង្គ្រោះជាតិ បានធ្វើការស្នើសុំសាលារាជធានីភ្នំពេញរួចហើយ អំពីការប្រមូលផ្តុំមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីទាមទារការសុំទោសពីភាគីវៀតណាម។ តែការស្នើសុំនោះ ត្រូវបានសាលារាជធានីភ្នំពេញច្រានចោល ដោយមិនឲ្យប្រមូលផ្តុំ។
ការទាមទារឲ្យសុំទោស ក៏ព្រោះតែលោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានប្រាប់វិទ្យុ អាស៊ីសេរីផ្សាយជាខេមរភាសា កាលពីប៉ុន្មានសប្តាហ៍មុននេះ ថា៖ «បារាំង មិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យ វៀតណាម ទេ តែកម្ពុជាក្រោម ជាទឹកដីរបស់ វៀតណាម តាំងពីយូរយារណាស់មកហើយ។ ព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ។» អ្នកនាំពាក្យដដែលបន្ថែមទៀតថា រូបលោក នឹងមិនសម្តែងការសុំទោស ចំពោះការអះអាងរបស់លោកកន្លងមកទេ។
ការអះអាងដ៏រសើបរបស់លោកត្រឹង វ៉ាន់ថុង រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានមន្រ្តីរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាណាម្នាក់ ចេញមុខមកប្រតិកម្មតបទេ។ តែសម្រាប់សមាគមខ្មែរកម្ពុជាក្រោម និងមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ ត្រូវបានគេសង្កេតឃើញថា មានប្រតិកម្មយ៉ាងខ្លាំង ហើយក៏បានចូលរួមគាំទ្របាតុកម្មថ្ងៃនេះផងដែរ។
គិតត្រឹមម៉ោងជិត១១ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ គេមិនទាន់វាយតម្លៃអំពីការប៉ះទង្គិចគ្នាទាំងស្រុងបានទេ តែស្ថានភាពជាក់ស្តែង មានការគប់ដុំថ្មដាក់គ្នាបន្តិចបន្តួចរវាងក្រុមបាតុករ និងក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ខណៈសមត្ថកិច្ចប្រដាប់អាវុធជាច្រើនរយនាក់ ត្រូវគេបញ្ជូនបន្ថែមទៅទីនោះ ហើយកំណាត់មហាវិថីព្រះមុនីវង្សមុខស្ថានទូតវៀតណាម ត្រូវបានបិទ៕