ក្នុងសន្និសីទកាសែតនៅរដ្ឋសភា មានចោរលួចទូរស័ព្ទ!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៣ សីហា ២០១៥
- កែប្រែចុងក្រោយ: August 14, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ិច តារា ជាអ្នកយកព័ត៌មានវ័យក្មេង របស់សារព័ត៌មាន «The Cambodia Daily» បានឱ្យដឹងថា រូបលោកបានបាត់ទូរស័ព្ទ iPhone 4s ពណ៌ស មួយគ្រឿង នៅក្នុងវិមានរដ្ឋសភាដ៏ស្កឹមស្កៃ ខណៈដែលលោក បានចូលទៅយកព័ត៌មាន នៃសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅទីនោះ ដោយអ្នកនាំពាក្យរដ្ឋសភា។
នៅល្ងាចវេលាម៉ោង១៧ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ អ្នកការសែតវ័យក្មេងរូបនេះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ទូរស័ព្ទនោះ មានតម្លៃប្រមាណជា ១៥០ដុល្លារប៉ុណ្ណោះ តែអ្វីដែលសំខាន់ គឺនៅក្នុងនោះ មានឯកសាររូបភាពសម្លេង និងកម្មវិធីការងារមួយចំនួន ដែលចាំបាច់ សម្រាប់ការងារប្រចាំថ្ងៃរបស់លោក។ លោក ម៉ិច តារា បានបន្ថែមទៀតថា លោកបានដាក់ ទូរស័ព្ទដៃរបស់លោក នៅលើតុពេលកំពុង ធ្វើសន្និសីទការសែតក្នុងរដ្ឌសភា។ រីឯលោកបានផ្ចង់អារម្មណ៍ ដើម្បីថតសម្លេងលោក ឈាង វុន អ្នកនាំពាក្យរដ្ឌសភា ដូចអ្នកកាសែតផ្សេងទៀតដែរ។ តែនៅក្រោយ ការបញ្ចប់សន្និសីទនោះ លោកត្រឡប់មកមើលទូរស័ព្ទវិញ ស្រាប់តែបាត់រកមិនឃើញ។
ម្ចាស់ទូរស័ព្ទរងគ្រោះ ព្រោះអាជីពខ្លួនរូបនេះ បានសរសេរ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លូនថា លោកទៅយកព័ត៌មាន មានគេលួចទូរស័ព្ទ នៅក្នុងរដ្ឋសភា។ លោកបានផ្ដាំផ្ញើរថា លើកក្រោយ សូមអ្នកកាសែតទាំងអស់ ប្រុងប្រយ័ត្នពេលទៅរដ្ឋសភា និងសូមជួយតាមដានទាំងអស់គ្នា។ លោកបានសរសេរថា៖ «សម្រាប់ខ្ញុំ គឺទៅអស់ហើយ ឯកសារសំខាន់ៗ ដែលពាក់ព័ន្ធ (ទៅ)គ្មានសល់»។
មិនត្រឹមតែសរសេរជាភាសាខ្មែរទេ តែលោក ម៉ិច ដារា បានបញ្ជាក់ ជាភាសាអង់គ្លេសដូច្នេះថា៖ «Next time be careful when you come to the National Assembly. The National Assembly need to have a system to track the thief.»៕