ឆ្នាំ២០៣០ យ៉ាងហោចពលរដ្ឋ៧០% នឹងមានភ្លើងប្រើគ្រប់គ្រាន់?
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៥
- កែប្រែចុងក្រោយ: January 16, 2015
- ប្រធានបទ: ចរន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម រ៉ែនិងថាមពល លោក អ៊ិត ប្រាំង បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជានឹងសម្រេចឱ្យបាន សម្រាប់ទិសដៅ ក្នុងការផ្តល់ថាមពលអគ្គីសនី ទៅដល់គ្រប់ភូមិទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងរបស់រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម រ៉ែនិងថាមពលរូបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសន្នសីទ ប្រសិទ្ធភាពថាមពលអាស៊ីបូព៌ាលើកទី៣ ស្តីពី«ជំរុញការអភិវឌ្ឍកម្ពុជា និងប្រសិទ្ធភាពថាមពល» នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ ដែលរៀបចំឡើងដោយក្រសួងរបស់លោក និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា។
លោក អ៊ិត ប្រាំង បានឱ្យដឹងបន្តថា ទន្ទឹមនឹងការខិតខំសម្រេចឱ្យបាន នូវគោលដៅឆ្នាំ២០២០នេះ នៅឆ្នាំ២០៣០ខាងមុខ ប្រជាជនកម្ពុជា យ៉ាងណាស់គ្រួសារ៧០%ទូទាំងប្រទេស នឹងមិនព្រួយបារម្ភពីការខ្លះភ្លើងប្រើប្រាស់ ដែលមានប្រសិទ្ធភាពដូចប្រទេសជិតខាងឡើយ។ ការផ្គត់ផ្គង់ឱ្យមានភ្លើងអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ តាមរយៈការអភិវឌ្ឍន៍វារីអគ្គសនី។
មន្ត្រីរដ្ឋាភិបាលរបស់ក្រសួងឯកទេសខាងថាមពល បានបញ្ជាក់ទៀតថា តទៅមុខទៀត កម្ពុជាបញ្ឈប់ការប្រើប្រាស់អគ្គីសនីដោយប្រ់ប្រាស់ប្រេង ព្រោះវាអគ្គីសនីកម្ពុជា នឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ បើតាមលោកអ៊ិត ប្រាំងក្នុងឆ្នាំ២០១៥នេះ កម្ពុជាមានកម្លាំងអគ្គីសនីប្រមាណ១៣០០គីឡូវ៉ាត់សម្រាប់ផ្គត់ផ្គង់។
កាលពីថ្ងៃ១២ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវទំនប់វារីអគ្គិសនី ឫស្សីជ្រុំក្រោម ខេត្តកោះកុង ដែលមានកម្លាំងដល់ទៅ ៣៣៨ មេហ្កាវ៉ាត់។ ក្នុងឱកាសនោះ លោក ហ៊ុន សែណ ក៏បានអំពាវនាវឲ្យអាជ្ញាធរអគ្គីសនីកម្ពុជា សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី ធ្វើការបញ្ចុះតម្លៃការប្រើប្រាសអគ្គីសនី ជូនដល់ពលរដ្ឋ ក្រោមមូលហេតុមួយផ្នែក បណ្ដាលពីការធ្លាក់ចុះនៃតម្លៃប្រេងនៅលើទីផ្សារ។
ភ្លាមៗបន្ទាប់ពីអនុសាសន៍របស់លោក ហ៊ុន សែន នោះ អគ្គិសនីកម្ពុជាបានសម្រេចបញ្ចុះតម្លៃអគ្គិសនីមកត្រឹម ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅក្នុងរាជធានីភ្នំពេញ សម្រាប់ការប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ។ ចំពោះការប្រើប្រាស់ពី ៥១ ដល់ ២០០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ បញ្ចុះថ្លៃមកត្រឹម ៧២០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់លើសពី ២០០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ នឹងមានតម្លៃថ្លៃ ៨២០រៀលក្នុង១គីឡូវ៉ាត់ម៉ោង៕