កិច្ចព្រមព្រៀងលើទិដ្ឋាការរួម នឹងត្រូវអនុវត្តន៍រវាងកម្ពុជានិងថៃ
ប្រទេសថៃ និងកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់អោយអនុវត្តន៍ នូវកិច្ចព្រមព្រៀងមួយ ស្ដីអំពីការប្រើប្រាស់ទិដ្ឋាការ រួមតែមួយ ដែលនឹងអនុញ្ញាតិអោយអ្នកទេសចរណ៍ ធ្វើដំណើរមកកាន់ប្រទេសទាំងពីរបាន ចាប់ពីថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១២ ខាងមុខនេះ។ នេះជាការលើកឡើងអោយដឹង របស់នាយកដ្ឋានអន្តោប្រវេស្សន៍ថៃ និងត្រូវបានដកស្រង់សំដីដោយ កាសែតបាងកកប៉ុស្ដ៍។
ទិដ្ឋាការកម្ពុជា ដែលចេញដោយតំណាងស្ថានទូត នៅអារញ្ញយ៉ាប្រថេត ប្រទេសថៃ។
ចាប់ពីថ្ងៃទី២១វិច្ឆិកានេះតទៅ អ្នកទេសចរណ៍ដែលចូលមកប្រទេសថៃ ជាមួយនឹងទិដ្ឋាការទេសចរណ៍ នឹងអាចធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជាបាន នៅក្នុងរយះពេលសុពលភាពនៃទិដ្ឋាការនោះ ដោយមិនចាំបាច់សុំទិដ្ឋាការកម្ពុជាបន្ថែមទៀតនោះទេ។ ដំណើរការអនុវត្តន៍នេះ ស្ថិតនៅក្រោមក្របខ័ណនៃកិច្ចព្រមព្រៀង ស្ដីពីទិដ្ឋាការទេសចរណ៍ នៃបណ្ដាប្រទេស នៅតាមបណ្ដោយទន្លេមេគង្គ និងស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា ACMECS។
កិច្ចព្រមព្រៀង ACMECS នេះ ផ្ដួចផ្ដើមគំនិតឡើងដោយប្រទេសថៃ តាំងពីឆ្នាំ២០០៣ ជាផែនការអភិវឌ្ឍន៍រួមគ្នាមួយនៅ ក្នុងតំបន់ ដែលមានប្រទេសចូលរួម៤ផ្សេងទៀត កម្ពុជា ឡាវ ភូមា និងវៀតណាម។
រដ្ឋមន្ត្រីក្រសួងការបរទេស មកពីប្រទេសទាំងប្រាំ បានជួបជជែកគ្នាពីបញ្ហាទិដ្ឋាការតែមួយ ជាច្រើនលើកច្រើនគ្រា តែមានតែប្រទេសថៃនិងកម្ពុជា តែពីរប្រទេសដំបូងគេប៉ុណ្ណោះ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគ្នានេះ តាំងពី៥ឆ្នាំមុន ហើយក៏ជាប្រទេសតែពីរមុនគេដែរ ដែលបានដាក់អោយអនុវត្តន៍កិច្ចព្រមព្រៀងនេះ ចេញជារូបរាង។
ប្រធាននាយកដ្ឋានអន្តោប្រវេស្សន៍ថៃ លោកឧត្តមសេនីយ៍ ប៉ានូ កេរ្ដឡាពូល (Panu Kerdlappol) បាននិយាយអោយដឹងថា «ប្រទេសថៃ និងកម្ពុជាបានដាក់អោយអនុវត្តន៍ នូវកិច្ចព្រមព្រៀងស្ដីពីទិដ្ឋាការតែមួយនេះ ដោយសារតែប្រទេសកម្ពុជា មានបណ្ដាញផ្ទុកទិន្នន័យផ្នែកពត៌មានវិទ្យា ដែលអាចទាក់ទងគ្នាយ៉ាងងាយស្រួល ជាមួយនឹងបណ្ដាញពត៌មានវិទ្យារបស់ប្រទេសថៃ»។
លោកបន្ថែមថា «ប្រទេសដទៃទៀត កំពុងតែបង្កើតបណ្ដាញទិន្នន័យរបស់ខ្លួន ហើយបានបង្កើតនូវប្រព័ន្ធទិដ្ឋាការតែមួយនេះយឺតពេល»។ លោកបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាជនថៃប្រមាណជា ៤ ៨០០នាក់ កម្ពុជា១ ៣០០នាក់ និងជនបរទេស ប្រមាណជា ១ ២៥០នាក់ បានឆ្លងកាត់ព្រំដែន អារ៉ញ្ញយ៉ាប្រថេត ជារៀងរាល់ថ្ងៃ»។
សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយពី ប្រទេសទាំង៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានគ្រោងបង្កើតទិដ្ឋាការរួមមួយ សំរាប់តំបន់ទន្លេមេគង្គ៕
--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ