បច្ចេកវិទ្យាអ័បផល ជួបបញ្ហាមិនទៅមុខ?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 14, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាំងពីខែកញ្ញាមក តម្លៃភាគហ៊ុនរបស់អ័បផល ធ្លាក់ចុះប្រមាណជា ២០%។ ជាការធ្លាក់ចុះ គួរអោយព្រួយបារម្ភ និងបាន ទាញអោយអ្នកវិភាគ មានចម្ងល់គ្រប់ៗគ្នា។
ផលិតផលអាយផេដ៣ របស់អ័បផល ដែលរហូតមកទល់បច្ចុប្បន្ន មិនសូវឃើញមានការផ្លាស់ប្ដូ។
អ័បផលជា មានភាគហ៊ុនធំជាងគេ នៅទីផ្សារភាគហ៊ុនពិភពលោក គិតជាទឹកប្រាក់ប្រមាណជា ៥០០ កោដដុល្លាអាមេរិក។ ប៉ុន្ដែតំលៃភាគហ៊ុនរបស់អ័បផល បានបាត់បង់ប្រមាណជា ២០% បើប្រៀបធៀបនឹងការឡើងថ្លៃខ្ពស់បំផុត កាលពីខែកញ្ញាកន្លងទៅ។ ក្រុមអ្នកវិភាគជំនាញខាងបច្ចេកវិទ្យា មានចម្ងល់ទៅលើសមត្ថភាពរបស់ក្រុមហ៊ុនអ័បផល ដែលត្រូវប្រឈម និងទប់នឹងការងើបជោរឡើងខ្លាំង នៃប្រព័ន្ធអេនដ្រ័ដ (Android) របស់ក្រុមហ៊ុនហ្គូហ្គើល (Google) ដែលមានប្រើប្រាស់ ក្នុងប្រព័ន្ធទូរស័ព្ទដៃ និងប្រព័ន្ធក្ដាបញ្ជា។
អ្នកវិភាគម្នាក់បានសរសេរថា «អ្នកដាក់ទុនបានបាត់បង់ជំនឿ ទៅលើការងាររបស់អ័បផល។ ចង្វាក់នៃ ភាពជឿនលឿនទៅមុខនៃបច្ចេកវិទ្យា កំពុងស្ថិតក្នុងលម្អោនភាពមួយ ខណៈពេលដែលគូរប្រជែង កំពុងបង្កើនល្បឿនទៅមុខ។»
និយាយអោយពិត ផលិតផលបញ្ចេញមកលក់ ដោយអ័បផល កាលពីពេលថ្មីៗនេះ មិនបានលើកបង្ហាញពី របកគំហើញបន្ថែមទៀតនៃបច្ចេកវិទ្យា ទៅលើអ្វីដែលអ័បផលធ្លាប់មានពីមុនមកនោះទេ។ អាយផេដ មីនី (iPad mini) ចេញមកលក់ថ្មីៗនេះ មើលទៅដូចជាគ្រាន់តែ មានរូបរាងតូចជាង អាយផេដ មុនប៉ុណ្ណោះ តែមានតម្លៃ ដល់ទៅ៤០% ថ្លៃជាងផលិតផលរបស់គូរប្រជែង ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ រីឯអាយផេដ ៤ (iPad4) ដែលចេញលក់នៅថ្ងៃនេះ ក៏នៅមិនខុសគ្នាប៉ុន្មានពីអាយផេដ ដែលចេញមកលក់ពី ៦ខែមុនដែរ ដោយគ្រាន់តែបានបន្ថែម នូវកម្លាំងខ្លាំងជាមុនប៉ុណ្ណោះ។ ទូរស័ព្ទ អាយហ្វូន៥ ដែលដាក់ចេញមកលក់កាលពីចុងខែមុន ក៏មិនមានអ្វីបន្ថែមផ្សេង ក្រៅតែពីបានផ្លាស់ប្ដូទំហំអេក្រង់ ខណៈគូរប្រជែងរបស់អ័បផល ធ្លាប់ផលិតអេក្រង់ទូរស័ព្ទធំៗបែបនេះ តាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។ បើគេមើលទ ផលិតផលកំព្យូទ័រ ផ្សេងទៀត ដូចជា អាយម៉ាក់ (iMac) ឬអាយប៊ុក ប្រូ (Macbook Pro) ឬក៏ម៉ាក មីនី (Mac Mini) ក៏អ័បផលបានបញ្ចេញមកលក់ ទាំងមិនបានបន្ថែមមកជាមួយ នូវបច្ចេកវិទ្យាអ្វីផ្សេងទៀត អោយអស្ចារ្យនោះផងទេ។
ស្របពេលជាមួយគ្នានេះ កម្មវិធីផែនទីថ្មីមួយ របស់អ័បផល ក៏មានដំណើរការមិនស្រួល ដោយរួមទាំងការចាកចេញទាំងបង្ខំ របស់ស្កុត ហ្វ័រស្ត័ល ម្ចាស់គម្រោង នៃអាយអូអេស (iOS ជាប្រព័ន្ធមេរបស់អ័បផល ដើម្បីអោយផលិតផលកំព្យូទ័រ ដើរទៅមុខ) ផងទៀត។ សូមបញ្ជាក់ថា ទូរស័ព្ទដែលប្រើប្រព័ន្ធអេនដ្រ័ដ បានបង្កើតការលក់ដាច់រហូតដល់ទៅ ៧៥%នៅក្នុងទីផ្សារពិភពលោកសព្វថ្ងៃ។ រីឯ ក្ដាបញ្ជាអាយផេដ ដែលធ្លាប់តែមានភាពផ្ដាច់មុខ ដោយលក់ដាច់បានរហូតដល់ទៅ ៦៦% ក្នុងពេលមុន បានថយឥទ្ធិពលរបស់ខ្លួន ដោយលក់ចេញបានត្រឹមតែ ៥០%ប៉ុណ្ណោះ ក្នុងរយះពេលចុងក្រោយនេះ។ ភាគរយនៃការលក់ដាក់ ពីផលិតផលរបស់ខ្លួន បានថយចុះ ៤ដង តិចជាងហ្គូហ្គ័ល និងមីក្រូសូហ្វ៍ (Microsoft)។
ក្រោយមរណភាពរបស់ស្ទេវ ចប (Steve Jobs) ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអ័បផល ត្រូវបានដាក់អោយមានដំណើរដើរទៅមុខ ដោយគ្មានអ្នកកាន់ចង្កូតច្បាស់លាស់ ហើយលែងសូវមានការរុករកស្រាវជ្រាវ និងការអភិវឌ្ឍន៍អ្វីអោយខ្លាំងដូចមុន។ តែទោះជាសភាពជាក់ស្ដែង បានបង្ហាញចេញអោយឃើញយ៉ាងដូច្នេះក៏ដោយ ក៏អ្នកវិភាគមួយចំនួនទៀត នៅតែមានសុទិដ្ឋិនិយមទៅលើក្រុមហ៊ុនមួយនេះដែរ។ ក្រុមអ្នកវិភាគនោះបាននិយាយថា «សហគ្រាសអ័បផល មានភាពជោគជ័យ ក្នុងការចំណាយចេញ តិចជាងសហគ្រាសផ្សេងទៀត ដោយនៅតែផ្ចង់អារម្មណ៍ ជាមួយនឹងផលិតផលដ៏ល្អរបស់ខ្លួន។» ការវិភាគនោះ បានរំពឹងថា ជាមួយនឹងទឹកប្រាក់ប្រមាណជា១០០កោដដុល្លា នៅក្នុងដៃដ៏រឹងមាំនេះ អ័បផលអាចនឹងប្រើប្រាស់វា ដើម្បីទិញបច្ចេកវិទ្យាណាផ្សេងទៀត ដើម្បីយកមកបង្កើនគុណភាព នៃផលិតផលរបស់ខ្លួន។ តែអ្វីៗ នឹងមិនអាចដឹងអោយច្បាស់ នៅមុនឆ្នាំក្រោយនេះទេ៕
------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ