កម្ពុជា៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយះកាលពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កម្ពុជា៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: November 15, 2012
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងចំណងជើងដែលមានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ - ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របាយការណ៍កម្រាស់ ៦៨ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសារ​អង់គ្លេស «Human Rights Watch» ដែលមានការិយាល័យនៅទីក្រុងញ៉ូយក បានលើកយកឯកសារជាគន្លឹះនានា ដែល​ទាក់ទង​នឹងករណីឃាតកម្ម លើពួកសកម្មជននយោបាយ ពួកអ្នកកា​សែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត រាប់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩១ ដោយប្រទេសចំនួន១៨ នោះមក។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយ ក្នុងរបាយការណ៍នោះថា៖ «មានមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ ដោយ​ការ​វាយប្រហារ ដោយហេតុផលនយោបាយ ក្នុងនេះមិនទាន់មានករណីណាមួយ ត្រូវបានធ្វើការស៊ើបអង្កេត ដោយហ្មត់ចត់ និងនាំខ្លួនអ្នកប្រព្រឹត្ត មកផ្តន្ទាទោសនៅឡើយទេ»។

របាយការណ៍នេះ បានធ្វើឡើងដោយផ្អែកទៅលើ បទសម្ភាសចំនួនរាប់រយ ដោយប្រើរយះពេលជាច្រើនឆ្នាំ ជាមួយអតីត និងបច្ចុប្បន្នមន្ត្រីរដ្ឋាភិបាល សមាជិកកងកម្លាំងប្រដាប់អាវុធ នគរបាល មន្ត្រីយុត្តិធម៌ សមាជិកសភា និងស្ថាប័នរដ្ឋដទៃ​ទៀត ព្រមទាំងតំណាងគណបក្សនយោបាយនានា សហជីពកម្មករ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអង្គការសិទិ្ធមនុស្ស​នានា។ បន្ថែមពីលើនេះ របាយការណ៍ក៏បានសរសេរ ដោយយោងទៅលើឯកសារផ្សេងដទៃទៀតជាច្រើន មានជាអាថ៌ ឯកសាររបស់តំណាង និងអ្នករាយការណ៍ ពិសេស អ.ស.ប. ព្រមទាំងពីការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុក​សិទិ្ធ​មនុស្សប្រចាំកម្ពុជា អង្គការសិទិ្ធមនុស្ស មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងតាមការលើកឡើង នៃប្រព័ន្ធ​សារពត៌មាន​នានាផង។

ចំណងជើង «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» ជាអ្វីដែលរបាយការណ៍ បានលើកឡើងថា ជាការដកស្រង់សំដី​របស់លោក ហ៊ីង ប៊ុន ហៀង ​ដែលពេលនោះជាមេបញ្ជាការរង នៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី ក្នុងពេលឆ្លើយតប ទៅ​នឹង​សំណួរមួយរបស់អ្នកកាសែត ស្តីពីការចោទប្រកាន់លោក ក្នុងការសម្លាប់មនុស្សយ៉ាងតិចចំនួន១៦នាក់ ដោយការ​បំផ្ទុះ​គ្រាប់បែក ដោយមានការរៀបចំមួយ ទៅលើមេដឹក​នាំប្រឆាំង សម រង្ស៊ី ក្នុងខែមីនា ឆ្នាំ១៩៩៧។ អង្គការសហ​​ប្រជាជាតិ និង​ការិយាល័យស៊ើបអង្កេតសហព័ន្ធ (F.B.I.)  នៃសហរដ្ឋអាមេរិក បានចោទអំពីការ​ជាប់​ពាក់ព័ន្ធ របស់អង្គភាព​កងអង្គរក្ស​របស់លោកហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថាលោក ហ៊ីង ប៊ុន ហៀង ជាអ្នក​ដឹកនាំ​ប្រតិបត្តិការនេះ។

មានករណីជាច្រើនផ្សេងទៀត ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកយកមកបង្ហាញ ក្នុងនោះមានការសម្លាប់​រង្គាល​អ្នកស្មោះត្រង់ នឹងទ្រង់នរោត្តម រណ្ណរិទ្ធិ ប្រមាណជាជាង ១០០នាក់ នៅក្រោយពេលរដ្ឋប្រហារឆ្នាំ​១៩៩៧ ករណីរបស់​អតីតបណ្ណាធិការកាសែតប្រឆាំងលោកធុន ប៊ុនលី ការ​ជះ​ទឹក​អាស៊ីត​លើ​កញ្ញា តាត ម៉ារីណា ឃាតកម្ម​លើប្រធាន​សហជីព​លោក ជា វិជ្ជា អ្នក​សារព័ត៌មាន​ប្រឆាំងលោក ឃឹម សំបូរ ​សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា ទោះ​បីជាក្នុងករណី ដែលហាក់ដូចជាពុំមានជាប់ពាក់ព័ន្ធ នឹងហេតុផល​នយោបាយក៏ដោយ ក៏ការរំលោភស្ទើរទាំងអស់ មិនដែលត្រូវបាន នាំទៅឲ្យមានការផ្តន្ទាទោសពីបទព្រហ្មទ័ណ្ឌ ដោយ​ជោគ​ជ័យ និងនាំខ្លួនទៅដាក់ពន្ធនាគារទេ ប្រសិនបើអ្នកប្រព្រឹត្តនោះជាយោធា ឬនគរបាល ឬជាបក្សពួករបស់អ្នកមាន​អំណាច។ តែផ្ទុយទៅវិញ និងជារឿយៗ ពួកអ្នកសម្លាប់គេ មិនត្រឹមតែត្រូវបានគេស្គាល់នោះទេ តែពួកគេថែមទាំង ត្រូវបាន​តម្លើង​បុណ្យសក្តិឲ្យទៀតផង។

ឆ្លើយតបនឹងការសាកសួររបស់វិទ្យុអាស៊ីសេរី លោកផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បានបដិសេធ​របាយការណ៍​នោះ ដោយចាត់​ទុក​ថា ជា​របាយការណ៍​មួយ​ដើម្បី​«បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា»។  ទាក់ទងនឹងការ​លើក​​ឡើង​ថា កង​អង្គរក្ស​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ និង​បោក​គ្រាប់​បែក លោក ផៃ ស៊ីផានបាននិយាយថា ៖ «វា​ជា​សេរីភាព​របស់​គេ។ របាយការណ៍​ជាក់​ស្ដែង យើង​មិន​ឃើញ​ដូច​នេះ»។

នៅក្នុងរបាយការណ៍នោះដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ពីការស្នើសុំរបស់បណ្ដាប្រទេសផ្ដល់ជំនួយ ដើម្បីអោយរដ្ឋាភិបាលកម្ពុជា ធ្វើការកែទម្រង់ជាដុំកំភួន ជាពិសេសទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ តែប្រព័ន្ធ​តុលាការ នៅតែជាស្ថាប័នមានលក្ខណៈនយោបាយ និងរយីករយាកខ្លាំងនៅឡើយ។ មន្ត្រីថ្នាក់កំពូលៗ នៅក្នុងស្ថាប័ន​នេះ ត្រូវបានតែងតាំងឡើង មានលក្ខណៈនយោបាយ ដោយផ្អែកជាសំខាន់ ទៅលើភាពស្មោះត្រង់ចំពោះនាយក​រដ្ឋមន្ត្រី និង​គណបក្សប្រជាជនកម្ពុជាកាន់អំណាច។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានធ្វើការស្ដីបន្ទោសផងដែរ ទៅដល់ប្រទេសផ្ដល់​ជំនួយទាំងនោះ ថាបានប្រកាន់នូវគោលការណ៍ នៃ«វប្បធម៌ធ្វើមិនដឹងមិនលឺ» ហើយខកខានមិនធ្វើការត្រួតពិនិត្យ អោយ​បានល្អិតល្អន់ ទៅលើរដ្ឋាភិបាលកម្ពុជា និងយន្ដការកែទម្រង់ទាំងនោះឡើយ។

ការចេញរបាយការណ៍នេះ នៅចំពេលដែលកម្ពុជាកំពុងត្រៀមខ្លួន រងចាំទទួលមេដឹកនាំកំពូលៗ មកពីតំបន់អាស៊ី​ប៉ាស៊ីភិក ដែលនោះមានលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាផង។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីតាំងនៅទីក្រុង​ញ៉ូយកនេះ ទំនងជាចង់ស្នើសុំ អោយលោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំជា​សាធារណៈ ឲ្យមានការកែទម្រង់ជាប្រព័ន្ធ និងការបញ្ចប់នូវ«វប្បធម៌និទណ្ឌភាព» នៅកម្ពុជា។

ទាក់ទងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនេះ លោកខៀវ កញារឹទ្ធិ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួង​ពត៌មាន នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ធ្លាប់បាននិយាយប្រាប់​ក្រុម​សារ​ព័ត៌មាន នៅ​សណ្ឋាគារ​អ៊ិន​ធឺ​ខន​ថឺ​ណង់​តា​ល់ ថា សហរដ្ឋអាមេរិក មិនមែនជា«​ចៅហ្វាយ​»កម្ពុជា​ទេ ហើយបារ៉ាក់ អូ​បា​ម៉ា​ ក៏មិនមែន«ចៅហ្វាយ» ហ៊ុន សែនដែរ៕

កំណត់សម្គាល់៖ របាយការណ៍នេះ អាចទាញយកបាន នៅលើគេហទំព័រផ្ទាល់របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...